Connect with us

ព័ត៌មាន

ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹកនៅស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាន ដោយសារការចូលកាន់កាប់ដោយខុសច្បាប់ពីយោធាថៃ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់សរុបចំនួន ៤៩០គ្រួសារ ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានពួកគាត់វិញបាន ដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពី យោធាថៃនៅតំបន់មួយចំនួន តាមរយៈការរាយបន្លាលួស ទូកុងតឺន័រ រួមទាំងផ្ទះសម្បែងក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។

អ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងថា នៅវេលាម៉ោង ១៣:៤៥នាទីរសៀល ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ សរុបចំនួន ៤៩០គ្រួសារ ស្មើនឹង ១៩៨០នាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគាត់វិញបាន ដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃនៅតំបន់មួយចំនួនតាមរយៈការរាយបន្លាលួស ទូកុងតឺន័រ រួមទាំងផ្ទះសម្បែងក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ។

អ្នកនាំពាក្យបន្តថា ការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកដែលមិនអាចវិលត្រលប់ទៅផ្ទះសម្បែងវិញបានរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។

កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia