Connect with us

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ៖ នៅក្នុងឆ្នាំកន្លងទៅបរិមាណគ្រឿងញៀនចូលកម្ពុជាមានការថយចុះ

ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា សញ្ញាណវិជ្ជមានសម្រាប់កម្ពុជា គឺនៅក្នុងឆ្នាំកន្លងទៅបរិមាណគ្រឿងញៀនចូលកម្ពុជាមានការថយចុះ ហើយត្រឹមតែប្រមាណពី ១៥ទៅ២០% ប៉ុណ្ណោះដែលត្រូវបានប៉ុនប៉ងចរាចរចូលក្នុងប្រទេស។ លើសពីនេះទៀត ការចែកចាយ ប្រើប្រាស់ក្នុងក្លឹបកម្សាន្ត ការលបលួចកែច្នៃផលិត ក៏ត្រូវបានលុបបំបាត់ស្ទើរតែទាំងស្រុង ដែលទាំងនេះ គឺបានឆ្លុះបញ្ចាំងនូវនិន្នាការដ៏ល្អប្រសើរមួយ និងបានបង្ហាញថា កម្ពុជាកំពុងដើរតាម មាគ៌ាដ៏ត្រឹមត្រូវ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ការបញ្ជាក់នេះ នៅក្នុងពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានបន្តថា ការកំណត់ប្រធានបទជាតិ សម្រាប់ទិវាឆ្នាំ២០២៦នេះ «រួមគ្នាឆ្លើយតបញ្ហាគ្រឿងញៀន ក្នុងបិរបទថ្មីប្រកបដោយភាពច្នៃប្រឌិត» គឺស្របតាមខ្លឹមសារនៃប្រធានបទរបស់ការិយាល័យ UNODC ដែលបានប្រមើលឃើញអំពីបញ្ហាប្រឈមដ៏ស្មុគស្មាញថ្មីៗ ដែលកើតមានក្នុងយុគសម័យបច្ចុប្បន្ន ដែលមានសភាពមួយប្រកបដោយហានិភ័យខ្ពស់ ដែលបានដាក់បន្ទុកជាច្រើន លើបញ្ហាគ្រឿងញៀន ដែលមិនទាន់ដោះស្រាយបាននៅឡើយ។ ជាមួយបញ្ហាដែលនៅតែបន្តកើតមាន រួមជាមួយបញ្ហាប្រឈមថ្មីៗ ក្នុងបរិបទពិភពលោកដែលវិវឌ្ឍលឿនខុសពីការរំពឹងទុក និងពិបាកស្មាន គឺពិតណាស់តម្រូវឱ្យ បណ្តាប្រទេសជាសមាជិកទាំងអស់ ត្រូវតែតបតទៅនឹង បញ្ហាទាំងនេះ ប្រកបដោយភាពច្នៃប្រឌិត និងបត់បែនខ្ពស់បំផុត។

ឯកឧត្តមបានលើកឡើងថា ពីមុនមកបទល្មើសគ្រឿងញៀនត្រូវបានចាត់ទុកថា ជាបទល្មើសបែបប្រពៃណី មានន័យថា សកម្មភាពចរាចរ ចែកចាយ ជួញដូរ ប្រើប្រាស់ គឺស្ថិតនៅតាមមូលដ្ឋាន បង្កឡើងទ្រង់ទ្រាយតូច ឬមធ្យម មានបរិមាណមិនសូវជាច្រើន និងឧបាយកល ល្បិចកលនៃការលួចលាក់ និងទាក់ទង បណ្តាញ មានលក្ខណៈដដែលៗភាគច្រើន។ ប៉ុន្តែមកដល់យុគសម័យកាលបច្ចុប្បន្ននេះ គឺមិនមែនបែបប្រពៃណីដូចមុនទៀតនោះទេ ដោយសារតែប្រព័ន្ធបច្ចេកវិទ្យាទំនើប បានបង្កលក្ខណៈងាយស្រួលឱ្យក្រុមឧក្រិដ្ឋជនពង្រីកបណ្តាញទំនាក់ទំនងកាន់តែងាយស្រួល ការចរាចរចែកចាយ ក៏កាន់តែលឿនរហ័សជាងមុន រួមទាំងផ្សារភ្ជាប់បទល្មើសខ្លួនទៅកាន់ឧក្រិដ្ឋកម្មមានអង្គការចាត់តាំងផងដែរ។ លើសពីនេះ ការប្រើប្រាស់បច្ចេកវិទ្យាកែច្នៃសារធាតុញៀន ឱ្យមានបរិមាណច្រើន តម្លៃថោក និងផលប៉ះពាល់កាន់តែខ្លាំងផងដែរ។ ម៉ោងនេះ យើងទាំងអស់គ្នា ក៏ត្រូវដើរឱ្យទាន់តាមយុគសម័យថ្មី និង ដាក់ចេញនូវវិធីសាស្ត្រដែលថ្មី ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីយកឈ្នះលើក្រុមឧក្រិដ្ឋជន ដែលប៉ុនប៉ងបំផ្លិចបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋ និងសុវត្ថិភាពសង្គមរបស់យើង៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia