ព័ត៌មាន
ក្រសួងការងារ និង OHCHR ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចគាំពារសង្គម និងការលើកកម្ពស់សិទ្ធិការងារឱ្យកាន់តែប្រសើរ
(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោកស្រី ម៉ាទីលដា បូកន័រ (Matilda Bogner) តំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិការងារ រួមមានសិទ្ធិគាំពារសង្គម សិទ្ធិពលករទេសន្តរប្រវេសន៍ សិទ្ធិការងារសម្រាប់ជនមានពិការភាព និងក្រុមជនងាយរងគ្រោះ។
នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះលោកស្រី ម៉ាទីលដា បូកន័រ ដែលទទួលបានការតែងតាំងជាអ្នកតំណាងប្រចាំប្រទេសនៃ OHCHR ប្រចាំកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណ OHCHR ចំពោះកិច្ចសហការល្អជាមួយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ កិច្ចសន្ទនាប្រកបដោយស្ថាបនា កិច្ចសហប្រតិបត្តិការបច្ចេកទេស និងគំនិតផ្តួចផ្តើមកសាងសមត្ថភាព ភាពជាដៃគូជាមួយ OHCHR ក៏បានរួមចំណែកក្នុងការពង្រឹងស្ថាប័ន លើកកម្ពស់នីតិរដ្ឋ បង្កើនការយល់ដឹងពីសិទ្ធិមនុស្ស និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបំពេញកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ ព្រមទាំងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នផងដែរ។
ឯកឧត្ដមបានជម្រាបជូនលោកស្រីពីវឌ្ឍនភាពក្នុងវិស័យការងារសំខាន់ៗ ជាពិសេសការពង្រឹងវិស័យទំនាក់ទំនងវិជ្ជាជីវៈ និងកិច្ចសន្ទនាសង្គម កំណើននៃអនុសញ្ញារួម អត្រាខ្ពស់នៃការដោះស្រាយវិវាទការងារដោយជោគជ័យ ការកែទម្រង់អធិការកិច្ចការងារ ការកសាងសមត្ថភាព និងកម្រិតអនុលោមភាពខ្ពស់នៃសហគ្រាស ជាពិសេសការអនុវត្តរបបសន្តិសុខសង្គម ដែលកំពុងពង្រីកវិសាលភាព កាន់តែទូលំទូលាយទាំងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍នៃអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្រៅពីនេះ កម្ពុជាបន្តប្រយុទ្ធប្រឆាំងនឹងពលកម្មដោយបង្ខំ ពលកម្មកុមារ អំពើហិង្សានិងការបៀតបៀននៅកន្លែងធ្វើការ ព្រមទាំងផ្តល់អាទិភាពខ្ពស់ដល់សុវត្ថិភាព និងសុខភាពការងារ (OSH) តាមរយៈការពង្រឹងអធិការកិច្ចការងារ ការធ្វើទំនើបកម្មប្រព័ន្ធអនុលោមភាព ការរៀបចំក្របខ័ណ្ឌច្បាប់និងការអភិវឌ្ឍប្រព័ន្ធតាមដានដោយឌីជីថលសាកល្បង ដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ គ្រប់គ្រងហានិភ័យ និងតម្លាភាពក្នុងច្រវាក់ផលិតកម្ម។
ឯកឧត្ដម ហេង សួរ ក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈចំពោះពលករដែលវិលត្រឡប់ពីប្រទេសថៃចាប់តាំងពីពេលពួកគាត់មកដល់ច្រកព្រំដែន ដូចជា៖ ការរៀបចំមណ្ឌលសំចត ផ្តល់មធ្យោបាយធ្វើដំណើរត្រឡប់ទៅស្រុកកំណើតដោយឥតគិតថ្លៃ ផ្តល់អាហារសម្រន់ សម្រួលឯកសារអត្តសញ្ញាណកម្ម ចែកខិត្តបណ្ណពីឱកាសការងារ និងការចុះឈ្មោះស្វែងរកការងារឱ្យធ្វើក្រោមយុទ្ធនាការ “ខ្មែរជួយខ្មែររកការងារឱ្យធ្វើ” ជាដើម។ ជាមួយនឹង យុទ្ធនាការចុះឈ្មោះផ្តល់ការងារតាមប្រព័ន្ធទូរស័ព្ទ និងអនឡាញ ក្រសួងក៏កំពុងរៀបចំវេទិកាការងារដល់មូលដ្ឋាន ដោយនាំតំណាងសហគ្រាស ក្រុមហ៊ុន រោងចក្រ ទៅជួបសម្ភាសផ្តល់ការងារផ្ទាល់តែម្តង។ បន្ថែមពីនេះ ក្រសួងក៏រៀបចំកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការធ្វើតេស្ដទទួលស្គាល់ជំនាញពីមុនជូនពួកគាត់ដោយមិនគិតថ្លៃផងដែរ។
ជាការឆ្លើយតប លោកស្រី ម៉ាទីលដា បូកន័រ បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តីដែលបានជម្រាបជូនពីការងារ និងគោលនយោបាយគាំទ្រដល់កម្មករនិយោជិត និងប្រជាពលរដ្ឋ ហើយបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសភាពរីកចម្រើននៃរបបសន្តិសុខសង្គម និងវិធានការដ៏មានប្រសិទ្ធភាពនៃការគាំទ្រដល់អតីតពលករពីប្រទេសថៃ។ លោកស្រីបានបញ្ជាក់ថា OHCHR ត្រៀមខ្លួនជានិច្ចក្នុងការបន្តកិច្ចពិភាក្សា និងការគាំទ្រដល់ក្រសួងសម្រាប់ភាពរីកចម្រើនបន្ថែមទៀតនាពេលអនាគត។
ភាគីទាំងពីរបានសម្តែងក្តីសោមនស្សរីករាយ សម្រាប់កិច្ចពិភាក្សាប្រកបដោយស្ថាបនា និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ដើម្បីបន្តនាំមកនូវអត្ថប្រយោជន៍ និងការអភិវឌ្ឍជាក់ស្តែងសម្រាប់ប្រជាជនកម្ពុជា៕









-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS6 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ