Connect with us

ព័ត៌មាន

រដ្ឋផ្តល់ការ​លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគថ្មី​ចំនួន ៦ នៅភូមិភាគឦសាន ក្រោមទុនវិនិយោគប្រមាណ ៨៣ លានដុល្លារអាម៉េរិក

ភ្នំពេញ៖ រាជរដ្ឋាភិបាល ផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគថ្មី​ចំនួន ៦ នៅភូមិភាគឦសាន ក្រោមទុនវិនិយោគប្រមាណ ៨៣ លានដុល្លារអាម៉េរិក និង អាចបង្កើតការងារថ្មី ២ ៥៨៧ កន្លែង។ ការផ្តល់ការលើកទឹកចិត្តដល់គម្រោងវិនិយោគនេះ បាននាំឱ្យភូមិភាគឦសាន ទទួលបានគម្រោងវិនិយោគសរុបចំនួន ៦៦ គម្រោង និង​មាន​ទុនវិនិយោគសរុបជាង ២ ៤០០ លានដុល្លារអាម៉េរិក។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) នាព្រឹកថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៦ បានដឹកនាំកិច្ចប្រជុំពិនិត្យសម្រេច លើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ជាលើកទី ៥ សម្រាប់គម្រោងវិនិយោគចំនួន ៦ ក្រោមទុនវិនិយោគប្រមាណ ៨៣ លានដុល្លារអាម៉េរិក និង អាចបង្កើតការងារថ្មី ២ ៥៨៧ កន្លែង នៅពេលដំណើរការ។

គម្រោងទាំងនេះ រួមមាន នៅខេត្តរតនគិរី និងខេត្តមណ្ឌលគិរីចំនួន ២ គម្រោងដូចគ្នា ហើយ​ នៅខេត្តស្ទឹងត្រែង និង នៅខេត្តក្រចេះ ចំនួន១គម្រោងដូចគ្នាដែរ។ គម្រោងទាំងនោះ វិនិយោគលើ រោងចក្រផលិតម្សៅដំឡូងមីស្រស់, រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី, គម្រោងដាំដុះដំណាំកៅស៊ូ និង រោងចក្រកែច្នៃជ័រកៅស៊ូ ព្រមទាំង គម្រោងទេសចរណ៍ធម្មជាតិ និង គម្រោងដំាដុះ និង រោងចក្រកែច្នៃកាហ្វេ។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន នឹងនៅបន្តគាំទ្រ សម្របសម្រួល និង ស្វែងរកដំណោះស្រាយ ពាក់ព័ន្ធនឹងការអនុវត្តគម្រោងវិនិយោគជាប្រចាំ ហើយ វិនិយោគិនឯកជន ដែលទទួលបានគោលការណ៍វិនិយោគ ត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការអនុវត្តគម្រោងជាក់ស្តែង តាមផែនការដែលបានស្នើសុំ ជាពិសេស ត្រូវផ្តោតលើការបង្កើតការងារ, ការផ្ទេរជំនាញ, ការខិតខំកែច្នៃ និង ការប្រើប្រាស់បច្ចេកទេសថ្មីៗ ក្នុងខ្សែច្រវាក់ផលិតកម្ម, និងត្រូវជម្រុញ​បរិវត្តកម្ម ពីការផ្តោតតែលើការផលិត ឈានទៅរកការកែច្នៃ ដែលមានតម្លៃបន្ថែមកាន់តែប្រសើរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ មានសុទិដ្ឋិនិយមថា ជាមួយនឹងការធ្លាក់ចុះជាបណ្តើរៗនៃតម្លៃប្រេង ដែលជាផ្នែកចម្បងនៃថ្លៃផលិតកម្មក្នុងវិស័យកសិកម្ម និងការកែច្នៃ, វិនិយោគិននឹងអាចមានស្ថិរភាពប្រតិបត្តិការឡើងវិញ ហើយមានចាប់អារម្មណ៍ពង្រីកអាជីវកម្មរបស់ខ្លួន ។

សូមបញ្ជាក់ថា បន្ទាប់ពីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ទទួលបានសំណើគម្រោងវិនិយោគសរុបចំនួន ៦៦ គម្រោង ក្រោមទុនវិនិយោគសរុប ២ ៤៧៨,៦ លានដុល្លារអាម៉េរិក និង បានឯកភាពផ្តល់គោលការណ៍ជូនគម្រោងវិនិយោគចំនួន ៤៥ គម្រោង ក្រោមទុនវិនិយោគជាង ២ ០០០ លានដុល្លារអាម៉េរិក៕

អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia