ព័ត៌មាន
សម្ដេចធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
ភ្នំពេញ៖ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាបបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មិនត្រូវបន្ធូរដៃឡើយ។
សម្តេចធិបតី បានថ្លែងថា បើទោះបីជា សម្តេច បានកត់សម្គាល់ពីលទ្ធផលគួរឱ្យពេញចិត្តចំពោះប្រតិបត្តិការនេះ ដែលធ្វើឱ្យអន្តរជាតិទទួលស្គាល់ថា កម្ពុជាបាននិងកំពុងបង្ក្រាប Scam Online យ៉ាងសកម្មក៏ដោយ សម្តេចធិបតី នៅតែចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ចំពោះអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ឱ្យបន្តបេសកកម្មនេះជានិច្ច ដោយដាច់ខាតមិនអនុញ្ញាតឱ្យបញ្ហានេះកើតមាននៅលើទឹកដីកម្ពុជាទៀតឡើយ។
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប បានឱ្យដឹងថា ឯកឧត្តមសន្តិបណ្ឌិត បានគូសបញ្ជាក់ថា៖«ជាការពិតណាស់ ការរាតត្បាត និងការគំរាមកំហែងនៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនជាបញ្ហាដាច់ដោយឡែករបស់កម្ពុជានោះឡើយ ប៉ុន្តែវាជាវិបត្តិសកលដែលកំពុងកើតមានឡើងនៅតាមបណ្តាប្រទេសជាច្រើនលើពិភពលោក។ ក្នុងនោះ ជនបរទេសជាច្រើនសញ្ជាតិ ត្រូវបានលួងលោមអូសទាញដោយក្រុមមេខ្លោងឧក្រិដ្ឋជន ដើម្បីយកទឹកដីកម្ពុជាធ្វើជាទីតាំងលបលួចប្រព្រឹត្តសកម្មភាពឆបោកទៅក្រៅប្រទេសវិញ។
ឈរលើតថភាពដែលកម្ពុជាកំពុងទទួលរងនូវការខូចខាតកេរ្តិ៍ឈ្មោះ ដោយសារការលួចបន្លំយកទឹកដីធ្វើជាកន្លែងប្រព្រឹត្តបទល្មើសនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការប្រមូលផ្តុំកម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រច្បាស់លាស់ ក្នុងគោលដៅបង្ក្រាប និងបោសសម្អាតបណ្តាញឧក្រិដ្ឋកម្មទាំងនេះឱ្យអស់ពីទឹកដីកម្ពុជា ព្រមទាំងដាក់ចេញនូវវិធានការច្បាប់ដើម្បីទប់ស្កាត់យ៉ាងតឹងរ៉ឹង បង្ការមិនឱ្យកើតមានឡើងវិញជាដាច់ខាត។
ស្របតាមកិច្ចខិតខំប្រឹងប្រែងនេះ កម្ពុជាបានបង្កើត «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលជាលិខិតុបករណ៍គតិយុត្តដ៏មានសារៈសំខាន់ និងជាបុរេជំហានឈានមុខមួយ ដែលសូម្បីតែប្រទេសមួយចំនួននៅក្នុងតំបន់ និងលើសកលលោកក៏មិនទាន់មាននៅឡើយ។ ច្បាប់នេះមានវិសាលភាពអនុវត្ត ចំពោះបទល្មើសឆបោកទាំងឡាយណា ដែលត្រូវបានប្រព្រឹត្តឡើងតាមប្រព័ន្ធបច្ចេកវិទ្យា ឬដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយដើម្បីប្រព្រឹត្តបទល្មើស ព្រមទាំងចំពោះបទល្មើសទាំងឡាយ ដែលពាក់ព័ន្ធនឹងការវិវឌ្ឍនៃល្បិចកល យុទ្ធសាស្ត្របំភាន់ និងការចាត់តាំងជាបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ក្នុងគោលដៅធានាការពារសន្តិសុខឌីជីថល សណ្តាប់ធ្នាប់សង្គម និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ក៏ដូចជាវិនិយោគិនបរទេសឱ្យបានពេញលេញ។
តាមរបាយការណ៍របស់ គ.ប.ឆ.ប បានឱ្យដឹងថា ចាប់តាំងពីដើម ឆ្នាំ២០២៥ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួនជាង ៥០០ទីតាំង ក្នុងរាជធានី-ខេត្ត ដើម្បីគ្រប់គ្រង ហើយកំពុងបន្តការស៊ើបអង្កេតប្រមូលភស្តុតាង ក្នុងនោះបានបិទសៀល(Sealed) ចំនួនជាង ៤០០ ទីតាំង ព្រមទាំងបានដកហូតនិងព្យួរអាជ្ញាប័ណ្ណកាស៊ីណូចំនួន២៥ទីតាំង។ ទន្ទឹមគ្នានេះ សមត្ថកិច្ចបានដំណើរការសំណុំរឿងក្នុងនីតិវិធីតុលាការចំនួន ១៨៤ សំណុំរឿង ក្នុងនោះមាន ៥៥ សំណុំរឿងស្ថិតក្នុងដំណាក់កាលជំនុំជម្រះ ដែលពាក់ព័ន្ធនឹងជនត្រូវចោទចំនួន ១ ៧៦១ នាក់ ខណៈជនជាប់សង្ស័យសញ្ជាតិបរទេសមានចំនួនប្រមាណ ជាង២ពាន់នាក់ មាន៣៣ សញ្ជាតិ៕




-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា