Connect with us

ព័ត៌មាន

ស្នងការនគរបាលរាជធានីភ្នំពេញ បន្តពង្រឹងកិច្ចសហការប្រតិបត្តិការ និងទំនាក់ទំនងកាន់តែជិតស្និទ្ធិជាមួយនគរបាលសាធារណៈរដ្ឋកូរ៉េ

ភ្នំពេញ៖ក្រោយបញ្ចប់ដំណើរអញ្ជើញចូលរួមវេទិកាសន្និសីទក្រុមប្រឹក្សានគរបាលរដ្ឋ/រាជធានីអន្តរជាតិ (ICPC) នៅរដ្ឋធានីសេអ៊ូល រយៈពេល០២ថ្ងៃរួចមក គណៈស្នងការរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ក៏សម្រេចបាននូវលទ្ធផល ក៏ដូចជាផ្លែផ្កាវិជ្ជមានច្រើន នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង០២ ។

ដំណើរអញ្ជើញទៅចូលរួមវេទិកាសន្និសិទ ក្រុមប្រឹក្សានគរបាលរដ្ឋ/រាជធានីអន្តរជាតិ (ICPC) នៅរដ្ឋធានីសេអ៊ូលនោះ ដឹកនាំគណៈប្រតិភូស្នងការរាជធានី ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានអញ្ជើញទៅតាំងពីថ្ងៃទី២៣ និងបានធ្វើមាតុប្រទេសមកវិញនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ថ្មីៗនេះ ។

ការអញ្ជើញចូលរួមក្នុងវេទិការសន្និសិទដ៏មានសារៈសំខាន់ខាងលើ គឺធ្វើឡើង តបតាមការអញ្ជើញរបស់ ឯកឧត្តម Park Jeong-bo ស្នងការនៃទីភ្នាក់ងារនគរបាលទីក្រុងសេអ៊ូល និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ។

លទ្ធិផលដែលគណៈស្នងការរាជធានីភ្នំពេញទទួលបាន រដ្ឋធានីសេអ៊ូល នឹងបង្កើន​កិច្ច​សហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយនគរបាលរាជធានីភ្នំពេញ តាមរយៈ ការផ្តល់ជំនួយ​ឧបករណ៍​សម្ភារៈបច្ចេកទេសជំនាញ និងផ្តល់វគ្គបណ្តុះបណ្តាលប្រយុទ្ធប្រឆាំង​បទល្មើសបច្ចេកវិទ្យា នាពេលខាងមុខ។

រដ្ឋធានីសេអ៊ូលនឹងបន្តយកចិត្តទុកគាំទ្រនគរបាលរាជធានីភ្នំពេញលើកិច្ចសហប្រតិបត្តិការផ្សេងៗទៀតលើវិស័យសន្តិសុខសាធារណៈ ។ ក្នុងនោះដែរ នគរបាលរាជធានីភ្នំពេញ ក៏ទទួលបានការ​គាំទ្រ​ពីបណ្តាប្រទេសជាសមាជិក និងមោទនភាព និងភាពជោគជ័យ នៅក្នុងវេទិកាសន្និសីទ ICPC ។

ខណៈវេទិកាសន្និសីទ ICPC ជាការរៀបចំលើកទី១ នៅរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ឯកឧត្តម Park Jeong-bo ស្នងការនគរបាលទីក្រុងសេអ៊ូល ក៏បានស្នើសុំនគរបាលភ្នំពេញ រៀបចំសន្និសីទនេះជាលើកទី២ នៅប្រទេសកម្ពុជា ផងដែរ ។

គួរបញ្ជាក់ថា ក្នុងវេទិកាសន្និសីទ ICPC លើកទី១ខាងលើនេះ មាន០៧ប្រទេសចូលរួម ក្នុងនោះរួមមាន ៖ កម្ពុជា ,កូរ៉េខាងត្បូង ,ចិន ,ហ្វីលីពីន ,អ៊ូបេគីស្ថាន ,វៀតណាម ,ហូឡង់ និងអង្គការដៃគូអន្តរជាតិមួយចំនួនទៀតផងដែរ ។

គោលបំណងសំខាន់ នៃវេទិការនេះ គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាង​រដ្ឋ/រាជធានី​ជាសមាជិកក្រុមប្រឹក្សា (ICPC) ដើម្បីឆ្លើយតបចំពោះឧក្រិដ្ឋកម្មឆ្លងដែន និងការធានាសុវត្ថិភាព​ពលរដ្ឋនៅបរទេស ៕លីហេង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia