Connect with us

ព័ត៌មាន

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំទីក្រុងហ្សឺណែវ បញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តយូរអង្វែងរបស់កម្ពុជា ក្នុងការបោសសម្អាតមីន និងការជួយជនរងគ្រោះដោយសារមីន

(ទីក្រុងហ្សឺណែវ) នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្នុងអំឡុងសម័យប្រជុំលើកទី៦២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ឯកឧត្តម ឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ក្នុងកិច្ចពិភាក្សាទូទៅក្រោមរបៀបវារៈទី៣ ស្តីពីកិច្ចសន្ទនាអន្តរកម្មលើរបាយការណ៍របស់ឧត្តមស្នងការស្តីពីផលប៉ះពាល់នៃមីនប្រឆាំងមនុស្សចំពោះសិទ្ធិមនុស្ស។

ក្នុងសេចក្តីថ្លែងការណ៍នោះ ឯកអគ្គរាជទូត បានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តយូរអង្វែងរបស់កម្ពុជា ក្នុងការបោសសម្អាតមីន និងការជួយជនរងគ្រោះដោយសារមីន ដែលបានផ្តល់លទ្ធផលជាក់ស្តែង និងទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ។

ឯកឧត្តម ឯកអគ្គរាជទូត បានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩២មក កម្ពុជាបានបោសសម្អាត និងដោះលែងផ្ទៃដីដែលមានគ្រាប់មិនទាន់ផ្ទុះទំហំ ៣.៥៩៨ គីឡូម៉ែត្រការ៉េ ក្នុងនោះមានផ្ទៃដីទំហំ ២.៥៨៦ គីឡូម៉ែត្រការ៉េ ដែលរងការបំពុលដោយមីនប្រឆាំងមនុស្ស។

កិច្ចខិតខំប្រឹងប្រែងទាំងនេះបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋរាប់លាននាក់ តាមរយៈការបង្កើនសុវត្ថិភាព ការលើកកម្ពស់ជីវភាពរស់នៅ ការតាំងទីលំនៅឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាព។ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជាបានចូលរួមចំណែកក្នុងសកម្មភាពបោសសម្អាតមីននៅថ្នាក់សកល តាមរយៈការចែករំលែកជំនាញ និងការបញ្ជូនអ្នកជំនាញបោសសម្អាតមីនទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

តាមរយៈកិច្ចប្រជុំកំពូលសៀមរាប–អង្គរ និងផែនការសកម្មភាព ព្រមទាំងក្នុងនាមជាប្រទេសជើងឯក (Champion State) គាំទ្រយុទ្ធនាការឆ្នាំ២០២៥ របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កម្ពុជាបន្តជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិឆ្ពោះទៅកាន់ពិភពលោកដែលគ្មានមីន៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia