Connect with us

ព័ត៌មាន

បណ្តាគណបក្សនយោបាយលើកឡើងពីគុណបំណាច់ដ៏ធំធេងរបស់គណបក្សប្រជាជនកកម្ពុជាក្នុងការរំដោះប្រជាជន និងប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត

បណ្តានយោបាយបានលើកឡើងពីគុណបំណាចដ៏ធំធេងរបស់គណបក្សប្រជាជនកកម្ពុជា ដែលបានរំដោះប្រជាជន និងប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានផ្ដួលរំលំរបបដ៏យង់ឃ្នងនេះ រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនៅ ថ្ងៃ៧មករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិឱ្យរស់ឡើងវិញទាន់ពេលវេលា និងធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។

ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិបានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ប្រជាពលរដ្ឋខ្មែររាប់លាននាក់ និងបានកសាងប្រទេសតាំងពីផេះផង់រហូតមកដល់ពេលនេះមានការរីកចំរើនលើគ្រប់វិស័យ និងបានធ្វើឲ្យកម្ពុជាមានមុខមានមាត់នៅលើឆាកអន្តរជាតិ។ ចំណែកការងារការទូតវិញ គឺគណបក្សប្រជាជនកម្ពុជាបានធ្វើការងារការទូតទទួលបានជោគជ័យយ៉ាងធំធេង ជាពិសេសការទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្តនៅលើសកលលោកមានទំនាក់ទំនងល្អ និងបណ្តាប្រទេសនានាបានផ្តល់ជំនួយមកកម្ពុជាក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ ហើយវិស័យការងារទូតក៏មានការរីកចំរើនធំធេងផងដែរ។

ឯកឧត្តម គង្គ់ ប៊ុនធឿន ប្រធានគណបក្សចលនាប្រជាធិប​តេយ្យបានថ្លែងថា ក្រោយពីបានស្តាប់សាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ខួប៧៥ឆ្នាំ នៃការបង្កើត គណបក្សប្រជាជនកម្ពុជា គឺសូមគាំទ្រទាំងស្រុងចំពោះសារដ៏មានអត្ថន័យដ៏ជ្រាលជ្រៅរបស់សម្តេចតេជោ។ ហើយគណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសតាំងពីបាតដៃទទេ គឺឃើញថាមានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងមានការផ្សះផ្សាបង្រួបបង្រួមជាតិមិនឲ្យមានការបែកបាក់។ ហើយទោះបីប្រទេសជាតិមានសង្គ្រាមពីការឈ្លានពានពីបរទេស ក៏សម្តេចបានខិតខំប្រឹងប្រែងបញ្ជៀសនូវការបង្ហូរឈាមដើម្បីអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ហើយសម្តេចបានធ្វើឲ្យពិភពលោកទទួលស្គាល់ស្នាដៃដឹកនាំប្រទេសរបស់សម្តេច។ ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តាំងពីបាតដៃទទេរហូតមកដល់ពេលនេះបានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។

ឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្កីជាតិខ្មែរ​បានថ្លែង​ថា ប្រជាពលរដ្ឋទូទាំងប្រទេសពិតជាបានមើលឃើញ​ពី​គុណតម្លៃនៃការរំដោះជាតិនិងប្រជាជនរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសជាតិ​មានសុខ​សន្តិភាពរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ហើយក្រោយពីសម័យរំដោះជាតិ និងប្រជាជនចាប់ពីឆ្នាំ១៩៧៩ រហូតមកដល់ឆ្នាំ១៩៩៨ ទើបប្រទេសជាតិទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍រហូតមកដល់បច្ចុប្បន្ននេះ។ ហើយសូមឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ក៏ដូចជាអ្នកនយោបាយត្រូវប្រកាន់ភ្ជាប់នូវស្មារតីសាមគ្គិភាព ឯកភាពជាតិ និងរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចំរើន។សូមជម្រាបថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២៦ ខាងមុខនេះ គឺជាថ្ងៃគម្រប់ខួប៧៥ឆ្នាំ នៃការបង្កើត គណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តខ្មែរ និងមានប្រភពពីចលនាតស៊ូរបស់ប្រជាជនកម្ពុជាប្រឆាំង អាណានិគមនិយមដើម្បីឯករាជ្យជាតិ។ ចាប់ពីពេលបដិសន្ធិ គណបក្សបានប្រកាន់ខ្ជាប់គោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរាដើម្បីប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia