Connect with us

ព័ត៌មាន

សមាគម CWEA លើកទឹកចិត្តសហគ្រិនស្ត្រីឱ្យមានភាពក្លាហាន និងការធ្វើអាជីវកម្មប្រកបដោយវិជ្ជាជីវ:

សមាគមសហគ្រិនស្រ្តីកម្ពុជា បង្កើតវេទិកាជំរុញលើកទឹកចិត្តដល់សហគ្រិនស្ត្រី ដែលជាម្ចាស់អាជីវកម្ម ជាពិសេសអ្នកផលិតឱ្យ មានសេចក្តីក្លាហាន ក្នុងការចូលរួមធ្វើបទបង្ហាញអាជីវកម្មប្រកបដោយវិជ្ជាជីវ: និងមានភាពជឿជាក់ទៅកាន់អតិថិជន និងការស្វែង រកដៃគូរអភិវឌ្ឍន៍ ដើម្បីគាំទ្រដល់ការពង្រីកអាជីវកម្ម។

លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងក្នុងវេទិកា “សហគ្រិនស្រ្តី សេដ្ឋកិច្ច អាជីវកម្ម” នៅចុង សប្តាហ៍កន្លងមកថា ជុំវិញសហគ្រិនជាស្រ្តីនេះ សមាគមសហគ្រិនស្ត្រីកម្ពុជា តែងតែយកចិត្តទុកដាក់យ៉ាងសស្រាក់ស្រាំ ក្នុងការជំរុញ និងលើកទឹកចិត្ត ពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំគ្រប់គ្រងអាជីវកម្ម កសាងបណ្តាញស្វែងរកការគាំទ្រ ពង្រីកទីផ្សារ និងបង្កើន ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការប្រើប្រាស់ហិរញ្ញប្បទាន ដើម្បីជំរុញដើរស្របទៅនិងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុង ការបង្កើនភាពអង់អាចដល់ស្រ្តីក្នុងវិសយ័សេដ្ឋកិច្ច។

លោកជំទាវ បន្តថា ជាក់ស្តែងការរៀបចំវេទិការនេះឡើង ក្នុងគោលបំណងជំរុញលើកទឹកចិត្តដល់សហគ្រិនស្ត្រីដែលជាម្ចាស់ អាជីវកម្ម ជាពិសេសអ្នកដែលស្ថិតក្នុងវិស័យផលិតឱ្យមានសេចក្តីក្លាហាន ក្នុងការចូលរួមធ្វើបទបង្ហាញអាជីវកម្មរបស់ខ្លួន ប្រកបដោយ វិជ្ជាជីវ: និងមានភាពជឿជាក់ទៅកាន់អតិថិជន ក៏ដូចជាស្ថាប័ននានា និងដៃគូរអភិវឌ្ឍន៍ ដើម្បីស្វែងរកការគាំទ្រក្នុងការពង្រីកអាជីវកម្ម តាមតំរូវការ និងដំណាក់កាលដែលខ្លួនត្រូវឈានឡើង។ មិនតែប៉ុណ្ណោះ វេទិកាមួយនេះក៏ត្រូវបានបញ្ចូលនូវការធ្វើបទបង្ហាញ ពីការធ្វើ នវានុវត្តន៍លើគុណភាព សោភ័ណ្ឌភាពផលិតផល និងឱកាសជំរុញផលិតផលចូលទីផ្សារ តាមរយៈវាគ្មិនដែលមានបទពិសោធន៍ និង ក្រសួងស្ថាប័ន-ពាក់ព័ន្ធផងដែរ។

លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី លើកឡើងថា វេទិការៀបចំនាពេលនេះ ពិតជាមានសារៈ សំខាន់ណាស់ ក្នុងការជួយសម្រួលដល់ការឈានចូលទីផ្សារ ការតភ្ជាប់ជាមួយអ្នកទិញ អ្នកផ្គត់ផ្គង់ វិនិយោគិន និងដៃគូអាជីវកម្ម ព្រមទាំងការលើកកម្ពស់ការកសាងម៉ាកយីហោ និងភាពប្រកួតប្រជែងអាជីវកម្មដែលដឹកនាំដោយស្រ្តី។ លោកជំទាវបន្ថែមថា ទោះបី សហគ្រិនស្រ្តីបានចូលរួមយ៉ាងសំខាន់ក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ការបង្កើតការងារក្នុងសហគមន៍ ពង្រីកភាពចម្រុះនៃ ផលិតផលក៏ដោយ ក៏ពួកគេនៅប្រឈមបញ្ហាជាច្រើន ដូចជាការចូលដំណើរការទីផ្សារ ការអនុវត្តស្តង់ដារគុណភាព ការវេចខ្ចប់ ការ ទទួលហិរញ្ញប្បទាន និងឱកាសចូលរួមក្នុងវេទិកាពាណិជ្ជជាតិនិងអន្តរជាតិ។ តាមរយៈវេទិកានេះដែរ គឺជាសកម្មភាពជាក់ស្តែងមួយ ក្នុងការប្រែក្លាយគោលនយោបាយជាតិកម្ពុជា និងលទ្ធផលជាក់ស្តែង ជំរុញឱ្យផលិតផលស្រ្តីកម្ពុជា មើលឃើញកាន់តែច្បាស់នូវ ចំណង់ចំណូលចិត្ត និងកាន់តែមានឱកាសក្នុងការប្រកួតប្រែងទីផ្សារក្នុងស្រុក និងអន្តរជាតិ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia