ព័ត៌មាន
ប្រធាន NOCC ជំរុញចលនា «ហាត់ប្រាណ និងលេងកីឡាអស់មួយជីវិត» ដើម្បីអភិវឌ្ឍមូលធនមនុស្សជួយសេដ្ឋកិច្ច និងសង្គមជាតិ
ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានជំរុញអត្តពលិកជាតិ និងសិស្សានុសិស្ស ចូលរួមបំផុតស «ហាត់ប្រាណ និងលេងកីឡាអស់មួយជីវិត» ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងក្លាយជាមូលធនមនុស្សប្រកបដោយសក្ដានុពល សម្រាប់រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

នេះបើតាមការលើកឡើងក្នុងទិវាអូឡាំពិក និងវេទិកាអត្តពលិកជាតិ ឆ្នាំ២០២៦ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានប្រាររៀបចំ កាលពីថ្ងៃទី២៨ ខែមិថុនាកន្លងទៅ នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមកិច្ចសហការពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីមន្ដ្រីទូត មន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងតំណាងភាគីពាក់ព័ន្ធ ព្រមទាំងអត្តពលិកជាតិ និងសិស្សានុសិស្សជាង ៨០០នាក់។
ឯកឧត្តមទេសរដ្ឋមន្ដ្រី បានចាត់ទុកនេះ គឺជាព្រឹត្តិការណ៍ដ៏ពិសេសមួយ ដើម្បីអបអរខួបលើកទី១៣២ នៃការបង្កើតចលនាអូឡាំពិកសម័យទំនើប ផ្សារភ្ជាប់ការគាំទ្រអត្តពលិកជាតិ ក្នុងដំណើរឆ្ពោះទៅកីឡាអូឡាំពិក នាទីក្រុង LA ឆ្នាំ២០២៨ ជាមួយយុទ្ធនាការ «ប្រជាជនម្នាក់ លេងកីឡាមួយប្រភេទយ៉ាងតិច« ដែលផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា។

នៅក្នុងឱកាសទិវាអូឡាំពិក ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ថោង ខុន បានអំពាវនាវឲ្យសិស្សានុសិស្ស និងអត្តពលិកទាំងអស់ ចូលរួមបំផុសចលនា “ហាត់ប្រាណ និងលេងកីឡាអស់មួយជីវិត” ដើម្បីទទួលបានសុខភាពល្អ ទាំងសុខភាព រាងកាយ ស្មារតី និងបញ្ញាញាណ ក្នុងគោលដៅអភិវឌ្ឍមូលធនមនុស្ស ប្រកបដោយគុណភាពខ្ពស់ និងសុខភាព ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។
ជាមួយគ្នាឯកឧត្តម ប៊ុយ សុភ័ណ្ណ អគ្គលេខាធិការរង NOCC បានបញ្ជាក់ថា ទិអូឡាំពិក និងវេទិកាអត្តពលិកជាតិឆ្នាំនេះ ពិតជាពិសេស ក្នុងការផ្សារភ្ជាប់ប្រធានបទ ក្រុមអត្តពលិកកម្ពុជាឆ្ពោះទៅកីឡាអូឡាំពិក ឆ្នាំ២០២៨។ ឯកឧត្តមសង្ឃឹមថា នេះគឺជាការគាំទ្រ និងលើកទឹិកមួយដ៏សំខាន់ សម្រាប់កីឡាករ-កីឡាការិនី ដែលត្រៀមប្រកួតជម្រុះអូឡាំពិក ចាប់ពីឆ្នាំក្រោយ ដើម្បីទទួលបានសិទ្ធតំណាងជាតិ ចូលរួមព្រឹត្តិការណ៍កីឡាដ៏ធំលើពិភពលោក នៅសហរដ្ឋអាមេរិក។
ឆ្លៀតឱកាសនោះដែរ លោក ហាន សីហា ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក ក្រុមហ៊ុន ញូធីរីច បានសម្ដែងក្ដីរីករាយ ដែលបានចូលរួមសកម្មភាពដ៏មានប្រយោជន៍សម្រាប់សង្គមជាតិនេះ ពិសេសការចូលរួមបំផុសយុទ្ធនាការប្រជាជនម្នាក់ ត្រូវចេះលេងកីឡាមួយប្រភេទប្រចាំជីវិត ដ្បិតលោកយល់ថា កីឡាពិតជាមានសារៈសំខាន់ និងអត្ថប្រយោជន៍ជាច្រើន សម្រាប់ប្រជាពលរដ្ឋគ្រប់វ័យ ស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន ដើម្បីរួមចំណែកអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា។
សូមរំឮកថា ទិវាអូឡាំពិក ត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងនាមសមាជិកចលនាអូឡាំពិកអន្ដរជាតិរៀបចំជារៀងរាល់ឆ្នាំ តែឆ្នាំនេះ គឺជាលើកទី២ ដែលចលនាអូឡាំពិកកម្ពុជា បានរៀបចំរួមគ្នាជាមួយវេទិការអត្តពលិកជាតិ ដោយមានការចូលរួមពីវាគ្មិន ដែលជាអតីតអត្តពលិកអូឡាំពិក កីឡាករ-កីឡាការិនីជម្រើសជាតិបច្ចុប្បន្ន ព្រមទាំងមន្ដ្រីជំនាញមកពីស្ថាប័នរដ្ឋ និងពាក់ព័ន្ធមួយចំនួន ក្នុងការផ្លាស់ប្ដូរមតិយោបល់ ផ្ដល់នូវចំណេះដឹងពីប្រវត្តិ និងអត្តប្រយោជន៍នៃការលេងកីឡា រួមជាមួយសកម្មភាពរត់កម្សាន្ដនៅបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីបំផុសស្មារតីស្រលាញ់ និងចូលរួមលេងកីឡា ដើម្បីទទួលបាននូវសុខភាពល្អ មិត្តភាព សាមគ្គីភាព និងទំនាក់ទំនងល្អ ដល់សិស្សានុសិស្ស ដែលបានចូលរួមផងដែរ៕ អត្ថបទ លី ឈុនឡា











-
PR NEWS5 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន1 week agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
កីឡា1 week agoកម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក Koji ចាត់ទុកជាប្រកួតដ៏សំខាន់
-
ព័ត៌មាន6 days agoករណីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រើប្រាស់វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត ក្រសួងអប់រំប្រកាសចាត់វិធានការណ៍តាមគោលការណ៍ជាធរមាន
-
ព័ត៌មាន1 week agoវិទ្យាស្ថាន PCCFPI ខេត្ដព្រះសីហនុ ផ្ដល់អាហារូបករណ៍ជិត ២ពាន់កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ តាមរយៈកម្មវិធី TVET 1.5M
-
ព័ត៌មាន7 days agoពីដៃកាន់សៀវភៅ និងដេញ Piano មកកាន់សង្វៀនអន្តរជាតិ៖ ភាពក្លាហាន និងទឹកភ្នែករបស់ ម៉ានេតា