Connect with us

ព័ត៌មាន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​សារមន្ទីរ​ព្រះវិហារ​អដ្ឋរស្ស និងពុទ្ធាភិសេកព្រះបដិមាព្រះសម្មាសម្ពុទ្ធអង្គធំ ក្នុង​រមណីយ​ដ្ឋាន​ភ្នំ​ព្រះរាជ​ទ្រព្យ (ឧដុង្គ)

កណ្ដាល៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ បាន​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការសារមន្ទីរព្រះវិហារអដ្ឋរស្ស និងពុទ្ធាភិសេកព្រះបដិមាព្រះសម្មាសម្ពុទ្ធអង្គធំ ស្ថិត​ក្នុង​រមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ឧដុង្គ) ឃុំផ្សារដែក ស្រុក​ពញាឮ​ ខេត្តកណ្ដាល ។

ជា​ទី​សក្ការៈបូជាដ៏មានវ័យចំណាស់មួយ ព្រះវិហារនេះ ត្រូវបានសាង​សង់​ឡើង​ដំបូង​នៅ​ស.វ​ទី​១៧​ នាសម័យឧដ្ដុង្គ ដោយសង់លើគ្រឹះប្រាសាទចាស់នាស.វទី១១ សម័យអង្គរ ក្នុង​រចនា​បថ​ឃ្លាំង​។ ព្រះវិហារមានទំហំធំស្កឹមស្កៃដែលមានបណ្តោយ ៣៩.២ម៉េត្រ ទទឹង ២២.៣ម៉ែត្រ និង​កម្ពស់​២៣.៦ម៉ែត្រ។ នៅខាងក្នុងព្រះវិហារ មានព្រះពុទ្ធរូបមួយអង្គធំកម្ពស់ ១៨ហត្ថ (១៦.៧៩​ម៉ែត្រ​រាប់​ទាំង​កម្ពស់បល្ល័ង្គ) ដែលមានន័យថា អដ្ឋរស្ស ទើបព្រះវិហារត្រូវបានហៅថា ព្រះវិហារ​អដ្ឋរស្ស​។

លោក ឆាយ វិសុទ្ធ ប្រធានយកដ្ឋានសារមន្ទីរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើក​ឡើង​ថា ​ដោយសារមើលឃើញថាទីតាំងនេះ មានសារសំខាន់ ក្រសួងវប្បធម៌ និងវិចិត្រិសិល្បៈ រៀប​ចំ​ជា​កន្លែងផ្សព្វផ្សាយពីប្រវត្តិអតីតរដ្ឋធានីឧដុង្គ ជាពិសេស ប្រវត្តិសាស្ត្រភ្នំឧដុង្គ ដែលមា​ន​សល់​សំណល់​ជា​ច្រើនពាក់ព័ន្ធនឹងព្រះចេតិយ ។

លោកបន្តថា ក្រោយពីទុកចោលជាច្រើនឆ្នាំ គឺត្រូវរៀបចំឲ្យក្លាយជាព្រះវិហារឲ្យមានជីវិតឡើងវិញ ទាំងជាទីកន្លែងសក្ការបូជា សម្រាប់ពុទ្ធបរិស័ទ ហើយគោលបំណងមួយទៀត គឺពន្យល់ណែនាំពីសាវត្ដាសំខាន់ៗ នៃការកកើតទីក្រុងនៅទីនេះ ការកសាងព្រះចេតិយផ្សេងៗ រួមទាំងវត្ថុបុរាណមួយចំនួន ដែលរកឃើញកន្លងមកកាលពីសម័យឧដុង្គ ខណៈបច្ចុប្បន្ន សារមន្ទីរនេះ កំពុងមានព្រះបដិមាធ្វើពីមាស និងប្រាក់ជាដើមជាង ១៤០០អង្គ ។

លោក ឆាយ វិសុទ្ធ បានបញ្ជាក់ថា សារមន្ទីរព្រះវិហារអដ្ឋរស្ស ក្រោយពីសម្ពោធដាក់ឲ្យដំណោះរការនេះទៅ គឺអនុញ្ញាតឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាដោយឥតគិតថ្លៃ ជាមួយអនុញ្ញាតិឲ្យពុទ្ធបរិស័ទ អាចគោរប្រតិបត្តិសាសនាបាន ក្រោយពីមានការព្រមព្រៀងពីអ្នកប្រចាំការការពារ និងស្ថាប័នពាក់ព័ន្ធ ។

គួរបញ្ជាក់ថា ដោយសារប្រទេសកម្ពុជា ធ្លាប់ឆ្លងកាត់សង្គ្រាមជាច្រើន ទម្រាំទទួលបានសន្តិភាពដូចសព្វថ្ងៃនេះ ព្រះវិហារអដ្ឋរស្សនេះ ក៏ត្រូវបានជួសជុលជាច្រើនហូរហែរ រហូតដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រគល់គម្រោងជួសជុលកែលម្អ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទើបព្រះវិហារត្រូវបានជួសជុលរួចរាល់ទាំងស្រុង ហើយត្រូវបានសម្ពោធដាក់ឲ្យដំណើរការនាពេលនេះ ។ ដើម្បីចូលរួមថែរក្សាក៏ដូចជាផ្សព្វផ្សាយមរតវប្បធម៌ ព្រះវិហារត្រូវបានប្រែក្លាយជាសារមន្ទីរ ដែលមានតាំងបង្ហាញនូវប្រតិមាព្រះពុទ្ធ ទេពប្រណម្យ និងវត្ថុសាសនាផ្សេងៗ ដែលមានប្រភពមកពីចេតិយព្រះបាទអង្គអេង និងព្រះបាទអង្គសត្ថា រួមទាំងវត្ថុបុរាណនានាកាលពីសម័យឧដ្តុង្គផងដែរ ។

ជាការពិតណាស់ រាជរដ្ឋាភិបាលកម្ពុជា មានការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត តែងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដោយបានកំណត់ ថាជាសាសនារបស់រដ្ឋ។ បន្ថែមពីលើនេះ សម្តេចធីបតី និងលោកជំទាវបណ្ឌិត បានជំរុញជាប់ជាប្រចាំនូវការស្វែងរក ថែរក្សា ការពារវត្ថុបុរាណ ដែលជាកេរដំណែលដូចតាខ្មែរ ហើយបំផុសស្មារតីប្រជាជនកម្ពុជា ឱ្យនាំគ្នាស្វែងយល់ និងថែទាំឱ្យបានល្អផូរផង់សម្រាប់កូនចៅខ្មែរជំនាន់ក្រោយៗផងដែរ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia