ព័ត៌មាន
មន្រ្ដីជំនាញកិច្ចការព្រំដែន៖ មានតែគណៈកម្មការ JBC និងក្រុមវាស់វែងចម្រុះប៉ុណ្ណោះទើបអាចបញ្ជាក់ពីខ្សែបន្ទាត់ព្រំដែនអន្តរជាតិកម្ពុជា-ថៃបាន
ឆ្លើយតបទៅនឹងសកម្មភាពរបស់ភាគីថៃ និងយោធាថៃជាបន្តបន្ទាប់ចំពោះការសាង់សង់របង និងឈ្លានពានបូរណភាពទឹកដីកម្ពុជា, មន្រ្ដីជំនាញកិច្ចការព្រំដែន នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាបានបញ្ជាក់ថា ការវាស់វែង ការបញ្ជាក់ ឬការចង្អុលបង្ហាញខ្សែបន្ទាត់ព្រំអន្តរជាតិរវាងកម្ពុជា និងថៃ គឺមានតែគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) និងក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរប៉ុណ្ណោះ ទើបមានសមត្ថកិច្ចក្នុងការផ្ទៀងផ្ទាត់ និងបញ្ជាក់ច្បាស់ពីខ្សែបន្ទាត់អន្តរជាតិកម្ពុជា-ថៃ។

ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជាកាលពីពេលថ្មីៗនេះឆ្លើយតបចំពោះ ការធ្វើរបងជាឯកតោភាគីរបស់ថៃ នៅចន្លោះបង្គោលលេខ ៥២ និង៥៤ ព្រំប្រទល់រវាងខេត្តបាត់ដំបង (កម្ពុជា) និងខេត្តចាន់បូរី (ថៃ) ឯកឧត្តម ស៊្រឺ បូរ៉ា អគ្គនាយកបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបញ្ជាក់ថា បង្គោលព្រំដែនលេខ ៥២ ដល់បង្គោលលេខ ៥៩ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) បានចុះទៅរកបង្គោលឃើញតាំងពីឆ្នាំ ២០០៨ និងបានឯកភាពគ្នាជាទ្វេភាគីផងដែរ។ ឯកឧត្តមបញ្ជាក់ថា ក្នុងដំណាក់កាលនោះ មានការធ្វើឯកសារជាទ្វេភាគីទាំងទីតាំងបង្គោល និងគំនូសខ្សែព្រំដែន គឺបានឯកភាពគ្នាទាំងស្រុងហើយ ចាប់ពីបង្គោលលេខ ៥២ ដល់បង្គោលលេខ ៥៩នេះ ដោយមិនមានអ្វីជំទាស់ទេ។

ឯកឧត្តមបន្តថា ដូច្នេះរហូតមកដល់ឆ្នាំ ២០២៥ ការធ្វើកិច្ចការងារដើម្បីឱ្យច្បាស់បន្ថែមនៅលើដីនោះ គឺបានធ្វើដោយ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) បានបញ្ចូនក្រុមវាស់វែងចម្រុះ ដើម្បីចុះទៅវាស់វែង និងបោះបង្គោលបណ្ដោះអាសន្នបន្ថែម ដែលមានគម្លាតពីគ្នាត្រឹម ៥០ម៉ែត្រប៉ុណ្ណោះ។ ឯកឧត្តមបន្តថា ការងារវាស់វែង និងខណ្ឌសីមាបោះបង្គោលបណ្ដោះអាសន្នបន្ថែម នៅឆ្នាំ២០២៥ គឺជាការងារបញ្ជាក់ឱ្យច្បាស់លាស់បន្ថែមទៀត អំពីខ្សែព្រំដែន និងបង្គោលព្រំដែនហើយភាគីទាំងពីរមិនដែលមានបញ្ហាជាមួយគ្នាទេ។ ក្រោយមកភាគីទាំងពីរក៏បានឯកភាពគ្នាសាងសង់ផ្លូវល្បាតព្រំដែននៅក្នុងកំណាត់បង្គោលលេខ ៥២ ដល់បង្គោលលេខ ៥៩នេះផងដែរ។
ឯកឧត្តមបញ្ជាក់បន្ថែមថា «មានតែគណៈកម្មការ JBC និងក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរប៉ុណ្ណោះ ទើបមានសមត្ថកិច្ចក្នុងការផ្ទៀងផ្ទាត់ និងបញ្ជាក់ខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ នៅលើដីជាក់ស្ដែង ក៏ដូចជាទីតាំងបង្គោលព្រំដែនពិតប្រាកដកាលពីសម័យបារាំង»។

ចំណែក ឯកឧត្តម ឡាយ សៀងលី រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានលើកឡើងអំពីប្រវត្តិមួយចំនួននៃការកំណត់ទីតាំងបង្គោលព្រំដែន និងខ្សែព្រំដែនរវាងកម្ពុជា និងថៃ, ឯកឧត្តម បានបញ្ជាក់ថា កន្លងមក ការចុះទៅត្រួតពិនិត្យ និងរុករកបង្គោលព្រំដែនចាស់មាន ៧៤ បង្គោលដែលបានបន្សល់ទុកតាំងពីសម័យអណានិគមបារាំង ដោយផ្អែកទៅតាមសន្ធិសញ្ញាឆ្នាំ១៩០៤-១៩០៧ រវាងបារាំង-សៀម នៅលើខ្សែបន្ទាត់ព្រំដែនប្រមាណជា ៨០០ គីឡូម៉ែត្រ ក្នុងនោះមានបង្គោលព្រំដែនដែលបោះនៅសម័យបារាំង-សៀមនោះ មានចំនួន ៧៤បង្គោល។
ឯកឧត្តមបញ្ជាក់ថា មូលដ្ឋាននៃក្រុមការងារបច្ចេកទេសចម្រុះ បានអនុវត្តការរុករកបង្គោលចាស់ និងកំណត់ទីតាំងឡើងវិញទាំង ៧៤ បង្គោលនេះ គឺប្រើមូលដ្ឋានឯកសារសន្ធិសញ្ញាឆ្នាំ១៩០៧ ជាមូលដ្ឋាន ហើយឯកសារមានភ្ជាប់ជាមួយសន្ធិសញ្ញានេះ រួមមានផែនទី បារាំង-សៀម មាត្រដ្ឋាន ១/២០០ ០០០ ជាផែនទីឧបសម្ពន្ធ័ភ្ជាប់សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧នេះ ដែលមានផែនទីចំនួន ៥ផ្ទាំង ហើយបង្គោលទាំង ៧៤បង្គោលនោះ ក៏មានកំណត់ហេតុបោះបង្គោលរបស់គណៈកម្មការចម្រុះបារាំង-សៀមគ្រប់ទាំង ៧៤ បង្គោលនៃកំណត់ហេតុបោះបង្គោល ហើយប្លង់ទីតាំងបង្គោលដែលមានបរិយាយប្រាប់ពីទីតាំងដែលបានបោះបង្គោលនៅលើដីជាក់ស្ដែងផងដែរ។

ក្នុងឱកាសនេះ មន្រ្ដីជំនាញកិច្ចការព្រំដែនកម្ពុជាបានបញ្ជាក់ថា ទង្វើ និងសកម្មភាពទាំងឡាយកន្លងមក ក៏ដូចជានាពេលបច្ចុប្បន្នរបស់ភាគីថៃ ជាពិសេសកងកម្លាំងប្រដាប់អាវុធថៃ ដែលចូលមកកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ក៏ដូចជាធ្វើសកម្មភាពបំពាននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ គឺជាទង្វើខុសច្បាប់អន្តរជាតិ, រំលោភលើកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក, រំលោភទៅលើកំណត់ហេតុកិច្ចប្រជុំ និងសមត្ថកិច្ចរបស់គណៈកម្មការ JBC ហើយក៏បំផ្លាញនូវសមិទ្ធផលរបស់គណៈកម្មការ JBC ផងដែរ។ ដូច្នេះអ្វីដែលជាមធ្យោបាយល្អបំផុត និងបញ្ចៀសបញ្ហាទាំងនេះបន្តទៀត មន្រ្ដីជំនាញមន្រ្ដីជំនាញកិច្ចការព្រំដែនកម្ពុជាសង្ឃឹមថា គណៈកម្មការJBCភាគីថៃ នឹងសហការបញ្ចូនក្រុមវាស់វែងចម្រុះឆាប់ចុះធ្វើការនៅលើដីជាក់ស្ដែង ដើម្បីបន្តការងារដូចកាលពីមុនពេលមានសង្គ្រាមទាំងពីរលើក។
ក្នុងពេលជាមួយគ្នានេះ តាមរយៈកំណត់ទូតតវ៉ា ក៏ដូចជាសេចក្ដីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ គឺកម្ពុជាប្រកាន់ជំហរដាច់ខាតមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើកម្លាំង ឬកើតចេញពីការគូសផែនទីដោយឯកតោភាគីនោះទេទាំងពេលកន្លងមក បច្ចុប្បន្ន និងទៅអនាគត៕

-
PR NEWS5 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា4 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន6 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន6 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់