Connect with us

ព័ត៌មាន

ក្រសួងឧស្សាហកម្មបើកយុទ្ធនាការអភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិតផល លើក​កម្ពស់​ សហគ្រាសក្នុងស្រុក

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការ​ជាមួយ​សមាគម​សហព័ន្ធ​វិនិយោគ​កម្ពុជា ​បានរៀបចំយុទ្ធនាការអភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិតផល ដើម្បី​លើក​កម្ពស់​ភាព​ប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក តាមរយៈ គុណភាព ផលិតភាព ស្តង់ដា និង​នវានុវត្តន៍។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុ​ង​យុទ្ធ​នាកា​រអភិវឌ្ឍន៍ សហគ្រាស និងអនុលោមភាពផលិតផល នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ​នេះ​ថា ឯកឧត្តមបានរំលេចពីសារសំខាន់ នៃការត្រៀម លក្ខណៈ សម្រាប់ដំណាក់​កាល​បន្ទាប់​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ដែលតម្រូវឱ្យសហគ្រាសក្នុងស្រុកមានសមត្ថភាពប្រកួតប្រជែង ដោយ​មិន​ផ្តោត​តែ​លើថ្លៃដើមទាបដូចពីមុនឡើយ ប៉ុន្តែត្រូវឈានប្រកួតប្រជែងលើគុណភាព ផលិតភាព និង​នវានុវត្តន៍ ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏សូមម្ចាស់សហគ្រាសគិតថា អនុលោម​ភាព​គឺ​ជា​ការ​វិនិយោគ ​មិនមែនគ្រាន់តែជាបន្ទុកចំណាយរបស់ អាជីវកម្មទេ។ សហគ្រាស​ដែល​វិនិយោគ​លើ​គុណ​ភាព ​ស្តង់ដា ភាពត្រឹមត្រូវនៃខ្នាតរង្វាស់រង្វាល់ ការធ្វើតេស្តមន្ទីរពិសោធន៍ និង នវានុវត្តន៍ គឺ​កំពុង​វិនិយោគ​លើ​ទំនុកចិត្តរបស់អតិថិជន ពង្រឹងម៉ាកយីហោកាន់តែរឹងមាំ និងកំណើនប្រកប​ដោយ​ចីរភាព​។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើបទបង្ហាញ អំពីការលើកទឹកចិត្តការគាំទ្ររបស់រាជរដ្ឋាភិបាល និង​ប្រព័ន្ធ​អេកូឡូស៊ីគាំទ្រ សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលរួមមានទាំងសេវាសា​ធារណៈ​របស់​ក្រសួង ​ចាប់តាំងពីការបង្កើតសហគ្រាស និងការដំណើរ ការអាជីវកម្ម ប្រកបដោយ​ភាព​ប្រកួត​ប្រជែង ​ដល់ការបង្កើនផលិតភាព និងគុណភាពផលិតផល ពង្រឹងអនុលោមភាពតាមរយៈ ហេដ្ឋា​រចនាសម្ព័ន្ធគុណភាពជាតិ ការជំរុញនវានុវត្តន៍ និងសហគ្រិនភាព ព្រមទាំង​ការ​ពង្រីក​លទ្ធភាព​ចូល​ទៅកាន់ទីផ្សារ។

ជុំវិញយុទ្ធនាការខាងលើនេះ, ម្ចាស់អាជីវកម្មក្នុងស្រុកថ្លែងនូវការសាទរ ចំពោះ​ក្រសួង​ឧស្សាហ​កម្ម​ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសមាគមសហព័ន្ធវិនិយោគកម្ពុជា ដែល​បើក​យុទ្ធនាការ​អភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិតផល ដែល នេះគឺការបង្កើននូវយល់ដឹ​ង​លើ​ររៀប​វារៈថ្មីៗ តាមរយៈការចុះបញ្ជី ស៥ និងការទទួលបានហិរញ្ញប្បទានជាដើម សម្រាប់​សហ​គ្រិន យកទៅអភិវឌ្ឍន៍អាជីវកម្មឱ្យកាន់តែរីកចម្រើន។

ឯកឧត្តម ហែម វណ្ណឌី បានគូសបញ្ជាក់ថាបញ្ហានេះខាងលើនេះ ក្រសួងនឹងបន្តកែទម្រង់ ដើម្បី​ធ្វើឱ្យ​​អនុ​លោមភាពកាន់តែងាយស្រួល តាមរយៈការកែលម្អនីតិវិធី និងការផ្តល់សេវា​សាធារណៈ​តាម​ប្រព័ន្ធ​ឌីជីថល ដើម្បីជួយសហគ្រាសកម្ពុជា បង្កើនភាពប្រកួតប្រជែង និងត្រៀមខ្លួន​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក តំបន់ និងអន្តរជាតិ។ ជាក់ស្តែងយុទ្ធនាការនេះ ជាផ្នែកមួយនៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការពង្រឹង​ភាព​ប្រកួត​ប្រជែង​របស់​វិស័យ​ឧស្សាហកម្មកម្ពុជា និងគាំទ្រចក្ខុ វិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាង​សេដ្ឋកិច្ច​ដែល​មាន​ភាព​ធន់ ជំរុញដោយនវានុវត្តន៍ និងបង្កើតតម្លៃបន្ថែមខ្ពស់ ស្របតាមចក្ខុ វិស័យឆ្នាំ ២០៥០ របស់រាជរដ្ឋាភិបាល៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia