ព័ត៌មាន
តំបន់អូរស្មាច់ស្ថិតក្រោមអធិបតេយ្យភាពដាច់ខាតរបស់កម្ពុជា៖ រាល់ទង្វើចូលមកដោយគ្មានការអនុញ្ញាត និងការបង្កើតព័ត៌មានមិនពិតគឺជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ
ភ្នំពេញ៖ ក្រសួងព័ត៌មាននៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ បានធ្វើការតវ៉ាយ៉ាងដាច់អហង្ការ ចំពោះទង្វើបំពានម្ដងហើយម្ដងទៀតរបស់ភាគីថៃ ដែលថ្មីៗនេះបាននាំអ្នកសារព័ត៌មានបរទេស (រួមទាំងប្រព័ន្ធផ្សព្វផ្សាយ ABC) ចូលមកកាន់តំបន់អូរស្មាច់ ដែលជាទឹកដីស្ថិតក្នុងអធិបតេយ្យភាព និងបូរណភាពទឹកដីពេញលេញរបស់ព្រះរាជាណាចក្រកម្ពុជា។ ទង្វើបំពានដែលភាគីថៃនេះត្រូវបានធ្វើឡើងដោយគ្មានការជូនដំណឹង ឬទទួលបានការអនុញ្ញាតជាមុនពីអាជ្ញាធរកម្ពុជាក្នុងតំបន់នោះឡើយ។
ក្រសួងព័ត៌មាន បានបញ្ជាក់ថា តំបន់អូរស្មាច់ គឺជាដែនដីអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ យោងតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ (មាត្រា ២ វាក្យខណ្ឌទី៤) រដ្ឋទាំងអស់ត្រូវមានកាតព្វកិច្ចគោរពបូរណភាពទឹកដី និងឯករាជ្យភាពនយោបាយរបស់រដ្ឋដទៃ។ ទង្វើរបស់យោធាថៃក្នុងការនាំជនបរទេស និងអ្នកសារព័ត៌មានចូលមកកាន់តំបន់នេះ គឺជារំលោភបំពានដោយផ្ទាល់ទៅលើអធិបតេយ្យភាពជាតិរបស់កម្ពុជា។ ភាគីថៃមិនមានសិទ្ធិ ឬយុត្តាធិការណាមួយក្នុងការធ្វើសកម្មភាពយោធា ឬនាំអ្នកសារព័ត៌មានមកធ្វើសេចក្តីរាយការណ៍នៅលើទឹកដីកម្ពុជាឡើយ។
ក្រសួងព័ត៌មានកម្ពុជាបញ្ជាក់ថា រាល់ការផ្សព្វផ្សាយព័ត៌មានដែលកើតចេញពីសកម្មភាពខុសច្បាប់ខាងលើ គឺជាព័ត៌មានដែលត្រូវបានរៀបចំឡើងដោយមានចេតនានយោបាយច្បាស់លាស់ពីភាគីថៃ ដើម្បីបង្កើតជារូបភាពអវិជ្ជមាន និងបង្កាច់បង្ខូចកិត្តិយសរបស់កម្ពុជាលើឆាកអន្តរជាតិ។ យើងសូមបដិសេធទាំងស្រុងនូវរាល់ខ្លឹមសារ ប្រភពព័ត៌មាន និងរបាយការណ៍ទាំងឡាយណាដែលរៀបចំ និងផលិតឡើងចេញពីសកម្មភាពបំពានទាំងនេះ។
«កម្ពុជា និងថៃ មានយន្តការព្រំដែនទ្វេភាគីជាច្រើន។ ការចូលមកកាន់តំបន់នេះដោយឯកតោភាគី និងដោយគ្មានការអនុញ្ញាតជាមុនដោយអាជ្ញាធរកម្ពុជា ដែលឈរជើងនៅក្នុងតំបន់នោះ មិនត្រឹមតែជាទង្វើផ្ទុយនឹងច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបំពានយ៉ាងធ្ងន់ធ្ងរលើពិធីសារការទូត និងទំនុកចិត្តរវាងប្រទេសជិតខាងទាំងពីរទៀតផង»។ នេះបើតាមការបញ្ជាក់របស់ក្រសួងព័ត៌មាន។
ក្រសួងព័ត៌មានបានលើកឡើងទៀតថា កម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្លាប់បានចេញកំណត់ទូតតវ៉ាយ៉ាងដាច់អហង្ការរួចមកហើយនាពេលកន្លងទៅចំពោះការនាំអ្នកសារព័ត៌មាន ព្រមទាំងអនុព័ន្ធយោធា ចូលមកកាន់តំបន់អូរស្មាច់នេះ។ កម្ពុជា នៅតែបន្តប្រកាន់ជំហររឹងមាំនេះដដែល និងទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវទង្វើបំពានដែលគ្មានការទទួលខុសត្រូវនេះ។ កម្ពុជាខិតខំរក្សាទំនាក់ទំនងល្អជាអ្នកជិតខាង ប៉ុន្តែមិនអនុញ្ញាតឱ្យមានការរំលោភបំពានលើបូរណភាពទឹកដី និងការប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាឧបករណ៍ផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។
ក្រសួងព័ត៌មាន ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ និងសាធារណជន មេត្តាពិភាក្សា និងពិចារណាឱ្យបានល្អិតល្អន់លើសភាពការណ៍ដែលបាននិងកំពុងកើតឡើង លើទឹកដីរបស់កម្ពុជានេះ ដោយផ្អែកលើមូលដ្ឋាននៃការពិត និងច្បាប់អន្តរជាតិ ជៀសវាងការធ្លាក់ក្នុងឧបាយកលនៃការបង្កើតស្ថានភាព និងប្រឌិតព័ត៌មានដែលរៀបចំដោយភាគីថៃនៅលើទឹកដីកម្ពុជាដោយខុសច្បាប់៕




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣