ព័ត៌មាន
កិច្ចព្រមព្រៀងបើកចំហជើងមេឃកម្ពុជា-អាមេរិក រំពឹងជំរុញការដឹកជញ្ជូនតាមផ្លូវអាកាស និងពង្រីកការនាំចេញ
ភ្នំពេញ៖ អ្នកជំនាញក្នុងវិស័យធុរកិច្ច និងដឹកជញ្ជូនតាមផ្លូវអាកាស បានវាយតម្លៃថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបើកចំហជើងមេឃ រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក នឹងបង្កើតឱកាសថ្មីសម្រាប់ការពង្រីកការដឹកជញ្ជូនទំនិញ និងអ្នកដំណើរតាមផ្លូវអាកាស ព្រមទាំងជួយលើកកម្ពស់ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិក និងទីផ្សារអន្តរជាតិឱ្យកាន់តែមានប្រសិទ្ធភាព។
កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២២០២៦ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង បើកចំហជើងមេឃដឹកជញ្ជូនតាមផ្លូវអាកាស ជាមួយ លោក គ្រីស្តូហ្វើរ ឡានដូ (Cristopher Landau) អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាកាសចរណ៍ទ្វេភាគីរបស់ប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសទ្វេភាគីលើកដំបូង រវាងប្រទេសទាំងពីរ ដែលនឹងនាំមកនូវការទំនាក់ទំនងដឹកជញ្ជូនតាមផ្លូវអាកាសរវាងកម្ពុជា និងអាមេរិក ដែលឈានទៅរកស្តង់ដាទំនើបខ្ពស់បំផុត។
ជុំវិញកិច្ចព្រមព្រៀងនេះ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា យល់ឃើញថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង បើកចំហជើងមេឃដឹកជញ្ជូនតាមផ្លូវអាកាសរវាងកម្ពុជា និងសហរដ្ឋអាមេរិក គឺជាវឌ្ឍនភាពមួយសម្រាបវិស័យអាកាសចរណ៍កម្ពុជា ដែលនេះអាចឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកកាន់តែល្អប្រសើរ ហើយ តាមរយៈកិច្ចព្រមព្រៀងនេះ នឹងជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា និងសហរដ្ឋអាមេរិក នាពេលអនាគត។ លោក រំពឹងថា តាមរយៈកិច្ចព្រមព្រៀងនេះ នឹងជួយឱ្យតម្លៃដឹកជញ្ជូនទំនិញ និងដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសរវាងប្រទេសទាំងពីរកាន់តែមានភាពប្រកួតប្រជែងជាងមុន។
សហរដ្ឋអាមេរិកគឺជាទីផ្សារដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដែលឈរនៅលំដាប់ទី២ នៃតារាងស្ថិតិពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ គ្រាន់តែក្នុង រយៈពេល ៥ខែដើមឆ្នាំ២០២៦ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក មានទឹកប្រាក់សរុប ៥,៩៦ ពាន់លានដុល្លារអាមេរិក កើនឡើង ៣៣,២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥។ ក្នុងនោះ ទំនិញកម្ពុជា បាននាំទៅអាមេរិកមានទឹកប្រាក់ ៥,៧៣ ពាន់លានដុល្លារអាមេរិក កើនឡើង ៣១,៥% ខណៈដែល អាមេរិកនាំមកកម្ពុជាវិញមានចំនួនជាង ២៣១ លានដុល្លារអាមេរិក កើនឡើង ៩២,៥%។
ទោះបីយ៉ាងណា ក្នុងរយៈពេល ៥ខែនៃឆ្នាំ២០២៦នេះ មានភ្ញៀវទេសចរជនជាតិអាមេរិកចំនួន ៩១ ០២០នាក់ បានធ្វើដំណើរមកទស្សនាប្រទេសកម្ពុជា ថយចុះ ១១,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍ក្រសួងទេសចរណ៍៕ អត្ថបទ៖ ធូ វិរៈ






-
PR NEWS5 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
ព័ត៌មាន1 week agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
កីឡា1 week agoកម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក Koji ចាត់ទុកជាប្រកួតដ៏សំខាន់
-
ព័ត៌មាន6 days agoករណីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រើប្រាស់វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត ក្រសួងអប់រំប្រកាសចាត់វិធានការណ៍តាមគោលការណ៍ជាធរមាន
-
ព័ត៌មាន1 week agoវិទ្យាស្ថាន PCCFPI ខេត្ដព្រះសីហនុ ផ្ដល់អាហារូបករណ៍ជិត ២ពាន់កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ តាមរយៈកម្មវិធី TVET 1.5M
-
ព័ត៌មាន6 days agoពីដៃកាន់សៀវភៅ និងដេញ Piano មកកាន់សង្វៀនអន្តរជាតិ៖ ភាពក្លាហាន និងទឹកភ្នែករបស់ ម៉ានេតា