ព័ត៌មាន
ក្រសួងការងារបង្ហាញ «កញ្ចប់ស្តង់ដាជាតិមុខរបរ» ១៦មុខ ដែលប្រទេសចិនបានឱ្យមកកម្ពុជា ដើម្បីពង្រឹងគុណភាពការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឲ្យមានស្តង់ដាអន្តរជាតិ
ក្រោយពីប្រទេសចិន តាមរយៈស្ថានទូតប្រចាំនៅកម្ពុជា បានផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ បានបង្ហាញសាធារណៈជនឱ្យស្គាល់ពីសៀវភៅចំនួន ១៦មុខរបរ ដើម្បីគាំទ្រដល់ការពង្រឹងស្តង់ដារជំនាញវិជ្ជាជីវៈ និងការអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)ឱ្យកាន់តែមានគុណភាព និងស្របតាមតម្រូវការទីផ្សារការងារ និងមានលក្ខណៈស្តង់ដារអន្តរជាតិ។
ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានប្រគល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ជូនឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្ហាញពីចំណងមិត្តភាពយ៉ាងស្អិតល្មួតរវាងកម្ពុជា-ចិនកាលពីថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២៦។
សៀវភៅទាំង ១៦មុខជំនាញរួមមាន៖ ទី១. សៀភៅកត់ត្រាពីជំនាញការងាររៀបឥដ្ឋ, ទី២. ការកែច្នៃនិងដំឡើងដែកសរសៃសម្រាប់សំណង់, ទី៣. ការសាងសង់ផ្លូវថ្នល់, ទី៤. ការសាងសង់ស្ពាន និងផ្លូវទូនែល (ឬផ្លូវក្រោមដី), ទី៥. ការកែច្នៃគ្រឿងបន្លាស់ដោយម៉ាស៊ីនហ្វ្រែស, ទី៦. ការកែច្នៃគ្រឿងបន្លាស់ដោយម៉ាស៊ីនក្រឡឹង, ទី៧. ការដំឡើងប្រព័ន្ធអ៊ីនធឺណិត, ទី៨. ការដំឡើង និងថែទាំបណ្តាញខ្សែកាបទូរគមនាគមន៍, ទី៩. ការដំឡើងនិងថែទាំជណ្តើរយន្តប្រភេទបន្ទប់យោងនិងកាំជណ្តើរ, ទី១០. ការដំឡើង និងថែទាំប្រព័ន្ធទូរទឹកកក និងម៉ាស៊ីនត្រដាក់, ទី១១. ការថែទាំគ្រឿងនិងបរិក្ខារអេឡិចត្រូនិចក្នុងគេហដ្ឋាន, ទី១២. ការដំឡើងនិងថែទាំអគ្គិសនីនិងប្រព័ន្ធអេឡិចត្រូនិក, ទី១៣. ការថែទាំនិងជួសជុលទោចក្រយានយន្ត(ម៉ូត), ទី១៤. ការថែទាំរថយន្ត, ទី១៥. ការដំឡើង និងថែទាំប្រព័ន្ធទាញយកថាមពលពន្លឺព្រះអាទិត្យ និងទី១៦. សេវាកម្មការងារក្នុងគេហដ្ឋាន(សេវាកម្មមេផ្ទះ)។
សៀវភៅនេះ បានកត់ត្រាយ៉ាងលម្អិតពីជំនាញ និងការវាយតម្លៃមុខរបរជាច្រើន ដោយត្រូវបានបែងចែកជាប្រភេទ និងកម្រិតជំនាញផ្សេងៗគ្នា ហើយវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការចូលរួមពង្រឹងស្តង់ដាជាតិសម្រាប់ទីផ្សារការងារនៅកម្ពុជា។ សៀវភៅនេះ ក៏ជាផែនទីថ្មីសម្រាប់ធ្វើកំណែទម្រង់ស៊ីជម្រៅក្នុងការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្ពុជា។
បើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានថ្លែងថា សៀវភៅដែលទទួលបានពីប្រទេសចិននេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការធ្វើកំណែទម្រង់លើមុខជំនាញដែលយកមកបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ និងយុវជនកម្ពុជា។
លោកបន្តថា នាពេលខាងមុខនេះ យុវជនកម្ពុជានឹងមានជំនាញច្បាស់លាស់ មានស្ដង់ដា និងគុណភាពប្រហាក់ប្រហែលនឹងប្រទេសចិនដែរ ដើម្បីចូលរួមប្រឡូកក្នុងវិស័យការងារនៅកម្ពុជា និងក្នុងតំបន់។ ជាពិសេសវាជាការត្រៀមខ្លួនរបស់កម្ពុជាសម្រាប់ទទួលយកក្រុមហ៊ុនបច្ចេកវិទ្យាថ្មីៗ ដែលមានគម្រោងវិនិយោគនៅកម្ពុជា។
លោកបានបញ្ជាក់ថា៖«ក្នុងនាមក្រសួងការងារ គឺសូមថ្លែងអំណរគុណចំពោះមិត្តចិនដែលបានបរិច្ចាគសៀវភៅដ៏មានតម្លៃមកដល់ក្រសួង ហើយយើងនឹងយកមកប្រើប្រាស់សម្រាប់បំពេញបន្ថែមនូវចំណុចខ្វះចន្លោះរបស់យើង ក៏ដូចជាធ្វើបច្ចុប្បន្នភាពមុខជំនាញឱ្យស្របទៅតាមទីផ្សារការងារ និងការប្រែប្រួលបច្ចេកវិទ្យាជាសកលផងដែរ»។
គួររំឭកថា ក្រសួងធនធានមនុស្ស និងសន្តិសុខសង្គមនៃប្រទេសចិន បានបោះពុម្ពផ្សាយសៀវភៅ«ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដែលមានការចូលរួមចងក្រងពីអ្នកជំនាញខាងវិស័យការងារនៅមកពីស្ថាប័នរដ្ឋចិនជាង ៥០ ដោយផ្ដោតសំខាន់យ៉ាងលម្អិតពីការរៀបចំមុខជំនាញ និងការវាយតម្លៃមុខរបរជាច្រើន ដោយត្រូវបានបែងចែកជាប្រភេទទៅតាមលំដាប់លំដោយ និងកម្រិតជំនាញផ្សេងៗគ្នាយ៉ាងច្បាស់លាស់៕








-
PR NEWS5 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
ព័ត៌មាន1 week agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
កីឡា1 week agoកម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក Koji ចាត់ទុកជាប្រកួតដ៏សំខាន់
-
ព័ត៌មាន6 days agoករណីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រើប្រាស់វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត ក្រសួងអប់រំប្រកាសចាត់វិធានការណ៍តាមគោលការណ៍ជាធរមាន
-
ព័ត៌មាន1 week agoវិទ្យាស្ថាន PCCFPI ខេត្ដព្រះសីហនុ ផ្ដល់អាហារូបករណ៍ជិត ២ពាន់កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ តាមរយៈកម្មវិធី TVET 1.5M
-
ព័ត៌មាន6 days agoពីដៃកាន់សៀវភៅ និងដេញ Piano មកកាន់សង្វៀនអន្តរជាតិ៖ ភាពក្លាហាន និងទឹកភ្នែករបស់ ម៉ានេតា