Connect with us

ព័ត៌មាន

អ្នកនាំពាក្យ៖រាជរដ្ឋាភិបាលបានដោះស្រាយបញ្ហាទីផ្សារការងារជូនពលករត្រឡប់មកពីថៃបានជោគជ័យជាទីមោទន

ភ្នំពេញ ៖ មន្រ្ដីនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានដោះស្រាយបញ្ហាការងារជូនពលករត្រឡប់មកពីថៃវិញបានយ៉ាងរលូត តាមរយៈ​កំណើន​នៃការចុះបញ្ជីថ្មី នៃ​រោងចក្រ/សហគ្រាស ដែល​ស្រូបទាញកម្លាំងពលកម្មបានប្រមាណ ៨ម៉ឺននាក់ ក្នុង​រយៈពេល ៥ខែដើមឆ្នាំ​២០២៦នេះ ដែលចំនួននេះ បាននាំមានកំណើនអ្នកមានការងារធ្វើកើនដល់ជាង​ ៤៧,០០០ នាក់ គិតត្រឹមខែឧសភា ឆ្នាំ២០២៦។​

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បាន​ថ្លែងក្នុងវេទិកាសារព័ត៌មានលើកទី៨ ស្តីពី «រាជរដ្ឋាភិបាលនីតិកាលទី៧ បោះជំហានទៅមុខជានិច្ចទោះជាមានឧបសគ្គធំៗចំពោះមុខ» រសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ថា សន្ទុះការងារ​នៅក្នុងប្រទេសក្នុងរយៈពេល ៥​ខែដើមឆ្នាំ​២០២៦នេះ បានបង្ហាញសញ្ញាវិជ្ជមាន​ តាមរយៈកំណើន​នៃការចុះបញ្ជី រោងចក្រ សហគ្រាស ថ្មីៗ ជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ​។​ ជាក់ស្តែង ក្នុងរយៈពេល៥ ខែដើមឆ្នាំ២០២៥នេះ មានរោងចក្រ សហគ្រាសថ្មី បានចុះបញ្ជីថ្មី មានចំនួន ៦៥០ សហគ្រាស​ ដែលបានស្រូបយកកម្លាំងពលកម្មប្រមាណ ៨ម៉ឺននាក់​។​

ឯកឧត្តម បញ្ជក់ថា លើសពីនេះ ការអន្តរាគមន៍​គាំទ្រ​បងប្អូនអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ របស់រាជរដ្ឋាភិបាល ក៏ទទួលបានលទ្ធផលជោគជ័យគួរជាទីមោទន​។ គិតត្រឹមខែឧសភា ដើមឆ្នាំ២០២៦នេះ មានអ្នកទទួលបាន​ការងាធ្វើសរុប ៦៤ ម៉ឺននាក់​ ក្នុងនោះអ្នកទទួលបានការងារ​ក្នុងប្រព័ន្ធចំនួនប្រមាណ ៣៤ ម៉ឺននាក់ ហើយពលករដែលបានបន្សំខ្លួនជាមួយការងារ​ កសិកម្ម,​ ការងារក្នុងកសិដ្ឋាន, ការដ្ឋានសំណង់, សិប្បកម្ម, ភោជនីយដ្ឋាន, និងសកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធ​មានប្រមាណ ៣០ម៉ឺននាក់។

ឯកឧត្តម មានប្រសាសន៍ដូច្នេះថា៖ «សព្វថ្ងៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានការងារជាច្រើនទៀតដែលរងចាំបងប្អូនពលករ​ យើង ដែលកំពុងតែប្រកាសថា អ្នកណាត្រូវការងារ​សូមអញ្ញើញ​ អីចឹងយើងឃើញថា វិស័យការងារ​អត់មាបជួបវិបត្តិទេ យើងដោះស្រាយបានយ៉ាងល្អ ហើយនៅសល់ការងារជាច្រើនទៀតដែលកំពុងរងចាំ។ ទាំងអស់នេះ បើគ្មានការដឹកនាំ ចាត់ចែក និងដោះស្រាយ ប្រកបដោយវាងវៃរបស់សម្តេចធិបតី និងបើគ្មានសេនាធិការល្អនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកដណាស់យើងនឹងជួបវិបត្តិធំនៅពេលនោះ តែយើងបញ្ជៀសបាន»។

សូមបញ្ជាក់ថា គិតត្រឹមខែឧសភា ដើមឆ្នាំ២០២៦នេះ ចំនួនក្រុមហ៊ុន សហគ្រាស និង រោងចក្រ បានចុះបញ្ជីជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​កើនដល់ ៤៧ ២៩៩សហគ្រាស ពីចំនួន ៤៦ ៦៤៩សហគ្រាស នៅឆ្នាំ២០២៥ ដែលធ្វើឱ្យមានកំណើនកម្មករ-និយោជិតមានការងារធ្វើសរុប ២ ២៩៦ ៣៤៨នាក់។ នេះបើតាម ឯកឧត្តម ប៉ែន បូណា៕

អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia