Connect with us

ព័ត៌មាន

និស្សិតសាលា NPIC ជាប់ជ័យលាភីប្រកួតរ៉ូបូតថ្នាក់ជាតិ និងត្រូវត្រៀមខ្លួនចូលរួមប្រកួតបន្តនៅហុងកុង

ក្រុមនិស្សិតនៃសាលា NPIC ចំនួន២ក្រុម បានជាប់ជាជ័យលាភីលេខ ១ និងជ័យលាភីលេខ ២ រីឯ និស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងការប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១៣ ឆ្នាំ ២០២៦។ ក្រោយចប់ការប្រកួតនេះ ក្រុមជ័យលាភីលេខ ១ មានភារកិច្ចបន្ត ដែលត្រូវត្រៀមខ្លួន សម្រាប់ការចេញទៅប្រកួតប្រជែងជាលក្ខណៈអន្តរជាតិនៅទីក្រុងហុងកុង នាខែសីហា ខាងមុខ។

ការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី ១៣ ឆ្នាំ ២០២៦វគ្គផ្ដាច់ព្រ័ត ត្រូវបានរៀបចំឡើងនៅថ្ងៃទី ៥ កក្កដា ឆ្នាំ ២០២៦។ វគ្គផ្ដាច់ព្រ័ត ជាការប្រកួតដែលមាននិស្សិតចំនួន ៨ក្រុមមកពីគ្រឹះស្ថានឧត្តមសិក្សា និងវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស ដែលរួមមានវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស NTTI វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ PPI វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យជាតិគ្រប់គ្រង។

ជាលទ្ធផលនៃការប្រកួតប្រជែងនេះ និស្សិត ២ក្រុមនៃ នៃសាលា NPIC បានជាប់ជ័យលាភីលេខ ១ និងជ័យលាភីលេខ ២ រីនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ ៣។ ការជាប់ជ័យលាភីនាពេលនេះ ពុំមែនជាការបញ្ចប់ភារកិច្ចនៅត្រឹមនេះនោះទេ។ លោក ប្រាក់ ម៉ៅម៉ូលីន អនុប្រធានគណៈកម្មការរៀបចំការប្រកួតរ៉ូបូតថ្នាក់ជាតិ បានលើកឡើងថា ក្រុមនិស្សិត NPIC ដែលជាម្ចាស់ជ័យលាភីលេខ ១ គឺមានកាតព្វកិច្ចសំខាន់បន្ថែមទៀត ដែលត្រូវបន្តពង្រឹងសមត្ថភាពរ៉ូបូតរបស់ខ្លួន ត្រៀមចូលរួមប្រកួតរ៉ូបូតនៅទីក្រុងហុងកុង ក្នុងខែសីហាខាងមុខនេះ។

ក្រោយចប់ការប្រកួតប្រកាសលទ្ធផលជាផ្លូវការ ក្រុមនិស្សិតសាលា NPIC ដែលបានជាប់ជ័យលាភីលេខ ១ បង្ហាញភាពសប្បាយចិត្តជាខ្លាំង ដែលក្រុមរបស់ខ្លួន និងក្រុមរួមសាលា ទទួលបានជ័យលាភីលេខ ១និងជ័យលាភី ២ សម្រាប់ការប្រកួតរ៉ូបូតថ្នាក់ជាតិនេះ។ ជាភារកិច្ចបន្ទាប់ គឺពួកគេជាសមាជិកក្រុមនឹងបន្តអភិវឌ្ឍរ៉ូបូតរបស់ខ្លួនឱ្យកាន់តែប្រសើរ សម្រាប់ការប្រកួតប្រជែងនៅទីក្រុង ហុងកុង។ ទោះលទ្ធផលបែបណា ក៏ពួកគេនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។

គួរបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងរ៉ូបូតនេះ រៀបចំឡើងក្នុងគោលបំណងជំរុញការសិក្សា ការស្រាវជ្រាវ និងការច្នៃប្រឌិតរបស់យុវជនកម្ពុជា ព្រមទាំងជ្រើសរើសក្រុមដែលមានសមត្ថភាពខ្ពស់បំផុត ដើម្បីតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមការប្រកួតរ៉ូបូត កម្រិតអាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Robot Contest) នាពេលខាងមុខ។

ការប្រកួតនេះ មិនត្រឹមតែជាវេទិកាបង្ហាញសមត្ថភាពផ្នែកវិស្វកម្ម និងបច្ចេកវិទ្យារបស់យុវជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសឱ្យសិស្ស-និស្សិតកម្ពុជាបានផ្លាស់ប្តូរ និងចែករំលែកបទពិសោធជាមួយយុវជនមកពីបណ្តាប្រទេសផ្សេងៗ ព្រមទាំងជួយបំផុស និងលើកទឹកចិត្តឱ្យយុវជនងាកមកសិក្សាលើវិស័យបច្ចេកវិទ្យា វិស្វកម្ម និងនវានុវត្តន៍កាន់តែច្រើន៕អត្ថបទ៖គឹមហុក

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia