Connect with us

ព័ត៌មាន

សមត្ថកិច្ចរាជធានីភ្នំពេញ បន្តប្រតិបត្តិការបង្ក្រាប Online Scams នៅខណ្ឌដង្កោ ឃាត់ជនបរទេស ៨នាក់

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានបន្តប្រតិបត្តិការចុះបង្ក្រាប បទល្មើស Online Scams នៅចំណុចផ្ទះC១៦ ផ្លូវBL០២ បុរីប៊ុនលីចំការដូង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ឃាត់ជនបរទេស០៨នាក់ មានគោលដៅឆបោកទៅច្រើនប្រទេស ។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តការចុះប្រតិបត្តិផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារនគរបាលសន្តិសុខ និងមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ ។

ជាលទ្ធផល នៃការចុះបង្ក្រាប កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនមនុស្សសរុបចំនួន ៨នាក់ ( ស្រី០១នាក់ ) ក្នុងនោះរួមមាន ជនជាតិបង់ក្លាដេសចំនួន ០៧នាក់ (ប្រុស) និងជនជាតិមីយ៉ាន់ម៉ា ចំនួន០១នាក់ (ស្រី) ។

ក្នុងការបង្ក្រាបដដែល សមត្ថកិច្ចធ្វើការដកហូតវត្ថុតាងពាក់ព័ន្ធរួមមាន ៖ laptop ចំនួន ១២គ្រឿង , ទូរស័ព្ទចំនួន ១៧គ្រឿង , ដុំWifi ចំនួន០១គ្រឿង , ដុំmodem ចំនួន ០១គ្រឿង , អង្គចងចាំ(USB Flash) , ក្រដាសប្រាក់ដុល្លារសែន(Copy) ចំនួន ៤៩សន្លឹក សម្រាប់បោកប្រាស់ជាប្រាក់វិនិយោគចំណេញ ។

ផ្អែកតាមការធ្វើកោសលល្យវិច្ច័យរបស់ក្រុមសមត្ថកិច្ចជំនាញ ក្រុមឧក្រិដ្ឋជន បានប្រើប្រាស់ប្រទេសកម្ពុជាជាជម្រក ហើយប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្រោមរូបភាពអូសទាញលួងលោមស្នេហា ហើយបន្តបោកប្រាស់ដាក់ប្រាក់ចូលរួមវិនិយោគក្លែងក្លាយ(InvestmentScams)ដែលមានគោលដៅសហរដ្ឋអាមេរិក,ប្រេស៊ីល,មុិចស៊ីកូ និងកូឡុំប៊ី ។

បច្ចុប្បន្ន ក្រុមជនសង្ស័យ និងវត្ថុតាងពាក់ព័ន្ធ ត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំអនុវត្តទៅតាមផ្លូវច្បាប់ នៅពេលខាងមុខ ៕ លីហេង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia