Connect with us

ព័ត៌មាន

ផ្លូវជាតិលេខ៧ នឹងចូលរួមផ្តល់ផលចំណេញសេដ្ឋកិច្ចជាង ១៥% នៃកំណើនសេដ្ឋកិច្ចជាតិ

ការសាងសង់​ពង្រីក​កំណាត់ផ្លូវជាតិលេខ៧ឡើងវិញ ក៏បានចូលរួមចំណែក​ក្នុងការលើក​កម្ពស់​វិស័យ​​ទេសចរណ៍​ក្នុង​ខេត្តកំពង់ចាមដែលមានប្រាសាទបុរាណ រមណីយដ្ឋានធម្មជាតិ និង​វប្បធម៌​ប្រវត្តិសាស្ត្រ​ផងដែរ។ តាមរយៈ​ការសិក្សា​វាយ​តម្លៃ​​​ក៏បានបញ្ជាក់ផងដែរថា កំណាត់​ខ្សែ​ផ្លូវ​នេះនឹងផ្តល់​អត្រា​ផល​ចំណេញ ​​ផ្នែកសេដ្ឋកិច្ច ​(EIRR) ​រហូតដល់ ១៥,២៧% ដែលបង្ហាញ​ពី​ការ​ចូលរួមចំណែក​​​​ក្នុងការជំរុញ​កំណើន​​សេដ្ឋកិច្ច​ជាតិនាពេលអនាគត។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងកម្មវិធីនេះថា ការសាងសង់និងពង្រីកកំណាត់ផ្លូវជាតិលេខ៧នេះ បានប្រែក្លាយទៅជា​ ខ្សែផ្លូវមួយដ៏រឹងមាំ ​ធំទូលាយ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់​ការធ្វើដំណើរ​ និងការដឹកជញ្ជូនផលិតផលកសិកម្ម និង​កសិ-ឧស្សាហកម្ម​​ នៅភូមិសាស្ត្រខេត្តកំពង់ចាម​ និងបណ្តាខេត្តនៅជាប់ព្រំប្រទល់ជាមួយ​ខេត្តកំពង់ចាម ហើយ កំណាត់ផ្លូវជាតិនេះ ក៏បានរួមចំណែក​ ក្នុងការលើកកម្ពស់​ វិស័យទេសចរណ៍ ក្នុងខេត្តកំពង់ចាម ដែលមានប្រាសាទបុរាណ រមណីដ្ឋានធម្មជាតិ​ និងវប្បធម៌ប្រវត្តិសាស្រ្ត ផងដែរ។

ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា កំណាត់ផ្លូវជាតិ លេខ ៧នេះ​ ត្រូវបានពង្រីកស្តារឡើងវិញ ដោយមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលចិនតាមរយៈសម្បទានហិរញ្ញប្បទានហើយ ជាច្រើនទសវត្សរ៍កន្លងមកនេះ ប្រទេសចិនបានជួយដល់ប្រទេសកម្ពុជាក្នុងការសាងសង់ផ្លូវថ្នល់ជាង ៤ពាន់គីឡូម៉ែត្រ និងសាងសង់ស្ពានធំៗចំនួន ជាង ១០ គិតមកដល់ពេលនេះ។

សូមបញ្ជាក់ថា គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ ៧ មានប្រវែងជាង ៤៥គីឡូម៉ែត្រ (៤៥,៤៨៥ គីឡូម៉ែត្រ) ចាប់ពីរង្វង់មូលស្គន់ ដល់ រង្វង់មូល គល់​ស្ពានមិត្តភាព កម្ពុជា-ជប៉ុន (គីហ្សូណា) ត្រូវបានស្ថាបនាជាប្រភេទផ្លូវក្រាសបេតុងកៅស៊ូ ដែលមានគន្លងផ្លូវធ្វើចរាចរណ៍ ៤ គន្លង (២គន្លងទៅ និង២គន្លងមក​)។​

ការសាងសង់កំណាត់ផ្លូវជាតិលេខ ៧ ប្រើប្រាស់រយៈពេល ២៧ខែ និងបានបញ្ចប់ការសាងសង់​នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៦ ពោលគឺ សាងសង់រួចរាល់មុនផែនការ ១៥ខែ ដោយបានចំណាយថវិកាសរុបជាង ១១៧លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងរួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia