Connect with us

ព័ត៌មាន

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិរៀបចំឡើងរយៈពេលពីរថ្ងៃមាន ១១មុខវិជ្ជា បានបិទបញ្ចប់នៅថ្ងៃនេះ

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ជាការប្រឡងសំខាន់សម្រាប់សិស្សថ្នាក់ទី ៩ ប្រឡងបញ្ចប់ថ្នាក់អនុវិទ្យាល័យ ចូលទៅថ្នាក់វិទ្យាល័យ។ ការប្រឡងនេះ រៀបចំឡើងទូទាំងប្រទេសរយៈពេលពីរថ្ងៃគឺថ្ងៃទី ៦-៧ ខែកក្កដា លើមុខវិជ្ជាចំនួន ១១។ យ៉ាងណាម៉ិញ វិញ្ញាសាប្រឡងគឺមានភាពខុសគ្នាពីសាលាមួយទៅសាលាមួយទៀត ព្រោះថាការប្រឡងនេះ ជាការរៀបចំទទួលខុសត្រូវដោយសាលានីមួយៗរៀងៗខ្លួន។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ បច្ចុប្បន្ននេះជាការរៀបចំទទួលខុសត្រូវគ្រប់ដំណាក់កាល ដោយសាលារៀននីមួយ។ សាលាជាអ្នករៀបចំតាក់តែងវិញ្ញាសា រៀបចំការប្រឡង ធ្វើកំណែ និងប្រកាសលទ្ធផលផងដែរ។ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នៅក្នុងឆ្នាំសិក្សា ២០២៥-២០២៦នេះ មានបេក្ខជនប្រឡងសរុប ២០២ ១១២នាក់ ក្នុងនោះមានសិស្សស្រីចំនួន ១០៧ ០២៨នាក់។

ការប្រឡងនេះ ទោះជាការរៀបចំដោយសាលានីមួយៗរៀងខ្លួនយ៉ាងណាក្ដី ចំនួនថ្ងៃប្រឡង និងចំនួនមុខវិជ្ជានៅរក្សាដូចគ្នាដដែល។ ជាក់ស្ដែងនៅថ្ងៃទី ៦កក្កដា ជាថ្ងៃប្រឡងទី ១ បេក្ខជនត្រូវប្រឡង ៦មុខវិជ្ជា។ ៦មុខវិជ្ជានោះរួមមាន តែងសេចក្ដី គីមីវិទ្យា ផែនដីនិងបរិស្ថានវិទ្យា រូបវិទ្យា ភូមិវិទ្យា សីលធម៌-ពលរដ្ឋ។ ចំពោះថ្ងៃទី ៧ កក្កដា ជាថ្ងៃចុងក្រោយនៃការប្រឡង គឺមាន ៥មុខវិជ្ជា ដូចជា គណិតវិទ្យា សរសេរតាមអាន ជីវវិទ្យា ប្រវត្តិវិទ្យា និងភាសាបរទេស។

ឈានចូលដល់ថ្ងៃប្រឡងចុងក្រោយនេះដែរ សិស្សដែលប្រឡងនៅមណ្ឌលប្រឡងវិទ្យាល័យ ច្បារអំពៅ លើកឡើងថាការប្រឡងនៅមណ្ឌលប្រឡងនេះ មានការរៀបចំ មានវិន័យតឹងរឹង ស្មើភាពសម្រាប់គ្រប់បេក្ខជន ដែលម្នាក់ៗត្រូវពឹងលើសមត្ថភាពរៀងខ្លួន។ ជាការចាប់អារម្មណ៍ផងដែរ ទោះពុំទាន់បញ្ចប់ការប្រឡងក្ដី តែពួកគេបានដាក់គោលដៅក្នុងការជ្រើសរើសគន្លងសិក្សានៅថ្នាក់វិទ្យាល័យរួចរាល់ហើយ។

នៅថ្នាក់វិទ្យាល័យ សិស្សត្រូវជ្រើសរើសគន្លងសិក្សា ដែលរួមមានគន្លងសិក្សាវិទ្យាសាស្ត្រ គន្លងសិក្សាសង្គម និងគន្លងសិក្សាបច្ចេកទេស ដែលឆ្នាំសិក្សា ២០២៥-២០២៦ ក្រសួងអប់រំ បានអនុវត្តសាកល្បងនៅវិទ្យាល័យចំនួន ៤៩។ នៅក្នុងឆ្នាំសិក្សាថ្មី ២០២៦-២០២៧ខាងមុខ ក្រសួងអប់រំ កំពុងសិក្សាបន្ថែម ៥វិទ្យាល័យទៀត ក្នុងនោះ ២ វិទ្យាល័យថ្មី (វិទ្យាល័យហ៊ុនសែនក្រគរ និងវិទ្យាល័យ បរសេដ្ឋ ) និង៣ វិទ្យាល័យទៀតពង្រីកជំនាញបន្ថែម លើជំនាញដែលបានអនុវត្តសាកល្បងគណនេយ្យនិងបច្ចេកវិទ្យាកុំព្យូទ័រ។ អត្ថបទ៖គឹមហុក

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia