ព័ត៌មាន
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល
នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច សមាជិក សមាជិការាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ តំណាងក្រសួង ស្ថាប័ន អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុមប្រឹក្សាសាលា គណៈគ្រប់គ្រងសាលា សាស្ត្រាចារ្យ គ្រូឧទ្ទេស មន្ត្រីរាជការ កម្មសិក្សាការី និងសិស្សមន្ត្រី នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ១,៩០០អង្គ/នាក់។
ក្នុងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេប ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានរំលឹកឡើងវិញអំពីបេសកកម្មចម្បងរបស់សាលាភូមិន្ទរដ្ឋបាល ដែលជាគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈ ក្នុងការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សឱ្យឆ្លើយតបនឹងតម្រូវការអភិវឌ្ឍជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមមាន៖ ទី១-រៀបចំផែនការជ្រើសរើស និងបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ និងផ្តល់ការបណ្តុះបណ្តាលដំបូងដល់មន្ត្រី ដែលទើបត្រូវបានជ្រើសរើសថ្មី ដើម្បីបម្រើការងារក្នុងរដ្ឋបាលសាធារណៈ, ទី២-រៀបចំផ្តល់ការបណ្តុះបណ្តាលបន្ត និងកម្មវិធីចែករំលែកចំណេះដឹង និងបទពិសោធពាក់ព័ន្ធនឹងវិស័យសាធារណៈ និង ទី៣-សិក្សាស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយនវានុវត្តន៍ និងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងវិស័យសាធារណៈ។
បន្ថែមលើបេសកកម្មចម្បងដែលត្រូវបំពេញ សាលាភូមិន្ទរដ្ឋបាលតែងបានផ្តោតសំខាន់លើការអនុវត្តនិងផ្សព្វផ្សាយការងារសង្គម ដោយបានជំរុញការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល រួមជាមួយកម្មសិក្សាការី សិក្ខាកាម និងសិស្សមន្ត្រី ឱ្យចូលរួមក្នុងការងារសង្គម និងការផ្សព្វផ្សាយនានា។ ជាលទ្ធផល សកម្មភាពសង្គមរបស់សាលាភូមិន្ទរដ្ឋបាល ត្រូវបានអនុវត្តជាបន្តបន្ទាប់រៀងរាល់ឆ្នាំ និងបានចូលរួមក្នុងវិស័យអប់រំ សុខាភិបាល បរិស្ថាន សាសនា វប្បធម៌ សង្គមកិច្ច ទេសចរណ៍ មនុស្សធម៌ជាដើម។
ទន្ទឹមនេះ ឯកឧត្តមនាយកសាលា បានលើកឡើងថា ដើម្បីរួមចំណែកឱ្យបានកាន់តែសកម្ម និងមានប្រសិទ្ធភាពក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈ សាលាភូមិន្ទរដ្ឋបាល នឹងបន្តពង្រឹង និងពង្រីកកិច្ចសហការល្អជាមួយក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តោតការយកចិត្តទុកដាក់លើការរៀបចំ និងបើកវគ្គបណ្តុះបណ្តាលឱ្យឆ្លើយតបនឹងសេចក្តីត្រូវការនៃការអភិវឌ្ឍសមត្ថភាពមនុស្ស ឈរលើបាវចនា៖ វិន័យ គុណភាព គុណធម៌ និងនវានុវត្តន៍។
បន្ថែមពីនេះ ឯកឧត្តមនាយកសាលា បានបញ្ជាក់ថា សាលាភូមិន្ទរដ្ឋបាល បានកំណត់ចក្ខុវិស័យរបស់ខ្លួនយ៉ាងច្បាស់លាស់ និងមុតមាំ តាមរយៈផែនការយុទ្ធសាស្ត្រ (២០២៦-២០៣០) ដើម្បីអភិវឌ្ឍខ្លួនជាស្ថាប័នឈានមុខលើគុណភាព និងនវានុវត្តន៍ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន៥ រួមមាន៖ (១)ការអភិវឌ្ឍ និងការលើកកម្ពស់សមិទ្ធកម្មនៃកម្មវិធីបណ្តុះបណ្តាល, (២)ការពង្រឹង និងពង្រីកភាពជាដៃគូក្នុងការបណ្តុះបណ្តាល និងការសិក្សាស្រាវជ្រាវ, (៣)ការជំរុញការសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយ, (៤)ការជំរុញការរៀបចំវេទិកាចែករំលែកចំណេះដឹង និងការអនុវត្តសកម្មភាពសង្គម និង (៥)ការលើកកម្ពស់សមត្ថភាពឌីជីថលគាំទ្រការបណ្តុះបណ្តាល និងការសិក្សាស្រាវជ្រាវ៕













-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ