Connect with us

ព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធសពម្តាយ លោក កឹម សុខា

ភ្នំពេញ៖នៅរសៀលថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅអុជធូបគោរពវិញ្ញាណក្ខន្ធសពម្តាយរបស់លោក កឹម សុខា នៅឯទីតាំងតម្កល់សពស្ថិតនៅ បុរី អេលីតផាក ២ (Borie ELITE PARK_2) ផ្ទះលេខ K53 ផ្លូវ K សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា។

តាមរយៈសារលិខិតរំលែកមរណទុក្ខផ្ញើជូនលោក កឹម សុខា និងក្រុមគ្រួសារ, សម្ដេចតេជោ និងភរិយា បានសម្ដែងនូវសេចក្ដីក្ដុកក្ដួល និងសោកស្តាយជាពន់ពេក បន្ទាប់ពីបានទទួលដំណឹងដ៏ ក្រៀមក្រំពីមរណភាពរបស់ ឧបាសិកា សៅ ង៉ែត ដែលត្រូវជាម្តាយបង្កើត និងម្តាយក្មេកជាទីគោរព ស្រឡាញ់របស់ លោក និងលោកស្រី កាលពីថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២៣:០០នាទី ក្នុងជន្មាយុ១០១ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចតេជោ និងភរិយា បានចូលរួមរំលែកទុក្ខ និងសោកស្តាយស្រណោះ អាឡោះអាល័យជាអនេកជាមួយ លោក និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់នូវម្តាយបង្កើត ម្តាយក្មេក ជីដូន ជីទួត ជាទីគោរពស្រលាញ់បំផុតដែលមិនអាច កាត់ថ្លៃបានប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌គំរូមួយរូបរបស់កូន កូនប្រសារ ចៅប្រុសចៅស្រី។ ជាងនេះទៅទៀត មរណភាព ឧបាសិកា សៅ ង៉ែត គឺជាការបាត់បង់នូវពុទ្ធសាសនិកមួយរូបដែលមាន សទ្ធាជ្រះថ្លាក្រៃលែង ដែលបានបូជាអស់កម្លាំងកាយចិត្ត ពេលវេលា និងថវិកា ចូលរួមចំណែកក្នុងការ ទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា។

សម្ដេចតេជោ និងភរិយា បានឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តេជះបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ ឧបាសិកា សៅ ង៉ែត សូមបានទៅចាប់ បដិសន្ធិ និងសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា លោកយាយ សៅ ង៉ែត ម្តាយរបស់លោក កឹម សុខា បានទទួលមរណភាពកាលពីម៉ោង១១យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ដោយជរាពាធ ក្នុងជន្មាយុ ១០១ឆ្នាំ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia