Connect with us

ព័ត៌មាន

កងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត

ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានឲ្យដឹងថា បញ្ជាការដ្ឋានកងទ័ពជើងទឹក បានត្រៀមកម្លាំងជាងមួយពាន់នាក់ រួមទាំងសម្ភារៈសង្រ្គោះគ្រប់បែបយ៉ាង ដើម្បីជួយអន្តរាគមន៍ដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងជាយថាហេតុណាមួយ នៅតាមបណ្តារាជធានី និងខេត្ត។

ថ្លែងប្រាប់ទូរទស្សន៍BTV នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា បានលើកឡើងថាក្រៅពីកិច្ចការងារស្នូល ការពារទឹកដី ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋនោះ ជារៀងរាល់ឆ្នាំ កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ តែងតែត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចការជួយសង្រ្គោះគ្រោះមហន្តរាយជួយដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគ្រោះទឹកជំនន់នេះតែម្តង។ ឯកឧត្តម មេបញ្ជាការកងទ័ពជើងទឹក បានឲ្យដឹងថា«កងទ័ពជើងទឹកយើងបានត្រៀមកម្លាំងជាងមួយពាន់នាក់ មាននៅបញ្ជាការដ្ឋាននៅភ្នំពេញ នៅមូលដ្ឋានសមុទ្ររាម និងបញ្ជាការដ្ឋានការពារ កោះឆ្នេរ រួមទាំងសម្ភារៈសង្រ្គោះជាច្រើនទៀតដូចជានាវា អូប័រ ទូក រថយន្ត និងប៉ូងសង្រ្គោះជាដើម។

ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា ក្រោយមានបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏ដូចជាឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រៀមខ្លួន ចុះអន្តរាគមន៍ជួយបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នោះ បញ្ជាការដ្ឋានកងទ័ពជើងទឹកបានត្រៀមកម្លាំង និងសម្ភារៈរួចជាស្រេចសម្រាប់ចុះជួយអន្តរាគមន៍គ្រប់ពេលវេលាទាំងអស់ ពោលគឺ២៤ ម៉ោងលើ២៤ម៉ោង។

ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានឲ្យដឹងផងដែរថា ក្រៅពីត្រៀមនូវកម្លាំង និងមធ្យោបាយនានា កងទ័ពជើងទឹកក៏បានត្រៀមនូវស្បៀងអាហារមួយចំនួនសម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះនូវទឹកជំនន់ទាំងនោះផងដែរ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ពួកគាត់៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia