Connect with us

ព័ត៌មាន

ក្រសួងបរិស្ថានទប់ស្កាត់ទឹកកខ្វក់ជាង ៧ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ មិនឱ្យបំពុលបរិស្ថាន

ភ្នំពេញ៖ក្រសួងបរិស្ថាន បាននិងកំពុងចាត់វិធានការយ៉ាងសកម្ម ក្នុងការ​ទប់​ស្កាត់​ការ​បញ្ចេញ​ទឹក​កខ្វក់​ពីរោងចក្រ សហគ្រាស និងប្រភពបំពុលផ្សេងៗ ដោយបានឃាត់និងទប់ស្កាត់ទឹកកខ្វក់ ក្នុង​ខែ​កក្កដា ឆ្នាំ២០២៦ បានចំនួន ២ ២៧០ ២៨៥ ម៉ែត្រគូបមិន​ឱ្យ​ហូរ​ចូល​ទៅ​ក្នុងប្រភព​ទឹក​ធម្មជាតិ​។ ជាមួយគ្នានេះ ក្រសួងបរិស្ថានបាន និងគ្រប់គ្រងទឹកកខ្វក់ មិនឱ្យបញ្ចេញ​​ទៅ​ក្រៅ​ពីទីតាំង​អាជីវកម្មនានា ចំនួន៧៣ ២៣៥ ម៉ែត្រគូប ប៉ះពាល់ប្រភពទឹកសធារណៈ និងធម្មជាតិ​នៅទូ​​ទាំងប្រទេស។ លទ្ធផលសម្រេចបាននាពេលនេះ កើតចេញ​ពី​កិច្ច​ខិត​ខំប្រឹ​ង​ប្រែង​របស់​ក្រសួង​បរិស្ថាន ដែលបាននិងកំពុងអនុវត្តច្បាប់ ទប់ស្កាត់ការបំពុលបរិស្ថាន ធានាសុខភាពរបស់ប្រជាពលរដ្ឋឱ្យរស់នៅបានល្អប្រសើរ និងសម្រេចបានក្រោមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន លើសសរស្តម្ភទី១ ផ្តោតលើភាពស្អាត (ទឹក ដី មេឃ)។ លើសពពីនេះ ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាស ដែលបានសហការអនុវត្តច្បាប់ បំពាក់ឧបករណ៍ស្វ័យប្រវត្តិតាមដានសំណល់រាវ និងចូលរួមកាត់បន្ថយការបញ្ចេញទឹកកខ្វក់ចូលក្នុងប្រភពទឹកធម្មជាតិសំដៅការពារសុខភាពប្រជាពលរដ្ឋនិងរក្សាភាពស្អាតនៅកម្ពុជា។

សូមបញ្ជាក់ថា ក្រុមហ៊ុន រោងចក្រនិងសហគ្រាស ចំនួន៦៤ ទីតាំងបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ ដូចមានកំណត់ក្នុង មាត្រា ១៧៨ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។ គិតចាប់ពីខែមករាឆ្នាំ២០២៥ រហូតដល់ ដំណាច់ខែកក្កដា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាស សរុបចំនួន ជាង៣៥ លានម៉ែត្រគូប (៣៥ ២៣៥ ០០៣ ម៉ែត្រគូប) មិនឱ្យហូរចូលប្រភពទឹកធម្មជាតិ។ ដោយឡែកក្នុងរយៈពេល៧ខែ(មករា- កក្កដា) ឆ្នាំ២០២៦ នេះ ទឹកកខ្វក់ចំនួនជាង ១៥ ១៦០ ៧៣០ ម៉ែត្រគូប ត្រូវបានត្រួតពិនិត្យនិងទប់ស្កាត់មិនឱ្យបំពុលបរិស្ថាន៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia