ព័ត៌មាន
ក្រសួងអប់រំ៖ ដំណើរការប្រឡងបាក់ឌុបនាព្រឹកថ្ងៃទី២នេះ ប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ ខណៈមានបេក្ខជនអវត្តមានចំនួន ១ ៣៤០នាក់
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា ដំណើរការប្រឡងបាក់ឌុបនាព្រឹកថ្ងៃទី២នេះ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ។ នេះបើតាមលទ្ធផលនៃការប្រជុំបូកសរុបបឋមដំណើរការសំណេរនាព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្រោយបញ្ចប់ការប្រឡងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ។

ក្រសួងអប់រំបានបញ្ជាក់ថា ដំណើរការសំណេរនាព្រឹកថ្ងៃទី២នេះ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ។ ដំណើរការសំណេរមានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ មន្ត្រីសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។

ក្រសួងអប់រំបានឱ្យដឹងថា បេក្ខជនបានគោរពបទប្បញ្ញត្តិនៃការប្រឡង ព្រមទាំងបានប្រឹងប្រែងក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន ដោយគ្មានយកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិកចូលមណ្ឌលប្រឡងឡើយ។ ក្នុងដំណើរការសំណេរថ្ងៃទី២នេះ មានខេត្តចំនួន៣ខេត្ត ដែលមានភ្លៀងធ្លាក់តែមិនប៉ះពាល់ដល់ដំណើរការសំណេរឡើយ។

ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី២ មាន២មុខវិជ្ជាគឺ៖ អក្សរសាស្ត្រ និងរូបវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) គណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា(សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម)។
របាយការណ៍បឋមដែលទទួលបានពីមណ្ឌលប្រឡងបានបង្ហាញថា នៅថ្ងៃទី២នេះ បេក្ខជន ជនអវត្តមានចំនួន១ ៣៤០នាក់ (ស្រី៥០២នាក់) ស្មើនឹង០,៨៨ភាគរយ បេក្ខជនស្វ័យរិនចំនួន១ ១៣៥នាក់ (ស្រី៤០៧នាក់) បេក្ខជនចំណេះទូទៅចំនួន២០៥នាក់ (ស្រី៩៥នាក់)។ បេក្ខជនដែលមានបញ្ហាសុខភាព១៨៨នាក់ ក្នុងនោះបោះបង់ការប្រឡងចំនួន៥នាក់ បេក្ខជនប្រឡងដាច់ដោយឡែក៥៤នាក់ បេក្ខជនមានជំងឺគ្រុនឈាមមានចំនួន១២នាក់ និងគ្រោះថ្នាក់ចរាចរណ៍៣នាក់។

ដោយឡែកគណៈមេប្រយោគមានបញ្ហាសុខភាព១៥នាក់។ បេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់បានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។
នៅក្នុងដំណើរការសំណេរថ្ងៃទី២នេះមិនមានការដកហូតគ្រឿងអេឡិចត្រូនិកហាមឃាត់ឡើយ។ ក្រសួងអប់រំ យុវជន និងកីឡា សូមរំលឹកដល់បេក្ខជនប្រឡងគ្រប់រូប ក្នុងការគោរពតាមការណែនាំផ្សេងៗទាក់ទងនឹងការហាមឃាត់មិនឱ្យនាំចូលឧបករណ៍អេឡិចត្រូនិកចូលក្នុងមណ្ឌល និងបន្ទប់ប្រឡង ឱ្យបានខ្ជាប់ខ្ជួន។
ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ បេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១ ២៣៨នាក់ (ស្រី ៨៤ ៧៣៥នាក់)។ បេក្ខជនថ្នាក់វិទ្យាសាស្រ្ត មានចំនួន ៣៧ ៤៤៥ នាក់ ស្មើនឹង ២៤,៧៦% និងបេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន ១១៣ ៧៩៣នាក់ ស្មើនឹង ៧៥,២៤%។
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ តាមមណ្ឌលសំណេរនៃរាជធានី-ខេត្តទាំង២៥ នៅទូទាំងប្រទេស៕










-
PR NEWS7 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន1 week agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
កីឡា7 days agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន6 days agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន3 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន3 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន5 days agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា