ព័ត៌មាន
សម្តេចប្រធានរដ្ឋសភា និងប្រធានរដ្ឋឡាវ បន្តលើកកម្ពស់ពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ដើម្បីនាំមកនូវឧត្តមប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជនទាំងសងខាង
ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ប្រធានរដ្ឋសភាឡាវ នៅរដ្ឋធានីវៀងចន្ទន៍ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងគណៈប្រតិភូ ក៏បានអញ្ជើញជួបសម្តែងការគួរសម រំលែកទុក្ខដ៏ក្រៀមក្រំ និងបានពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត (Thongloun SISOLITH) អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។ សម្តេចប្រធានរដ្ឋសភា មានសេចក្តីតក់ស្លុត សោកសង្រេងជាទីបំផុត ចំពោះមរណភាពរបស់ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ប្រធានរដ្ឋសភាឡាវ។ ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ក្នុងនាមបក្ស រាជរដ្ឋាភិបាល រដ្ឋសភា និងប្រជាជនកម្ពុជាទាំងមូល សូមសម្តែងនូវមរណទុក្ខនិងសោកស្តាយជាទីបំផុតជូនចំពោះឯកឧត្តមប្រធានរដ្ឋ និងជូនចំពោះគណបក្សប្រជាជនបដិវត្តន៍ឡាវ រដ្ឋាភិបាល រដ្ឋសភា និងប្រជាជនឡាវជាបងប្អូន។ មរណភាពរបស់ ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន គឺជាការបាត់បង់ដ៏ធំធេងសម្រាប់ប្រជាជាតិឡាវ ហើយក៏ជាការបាត់បង់ដ៏ជ្រាលជ្រៅមួយសម្រាប់ប្រទេសកម្ពុជាផងដែរ។ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលបានដឹកនាំគណៈប្រតិភូមកចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ដោយផ្ទាល់នាឱកាសនេះ។
ឯកឧត្តមក៏បានអរគុណជាទីបំផុតជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានផ្ញើសាររំលែកទុក្ខជូនបក្ស រដ្ឋ និងប្រជាជនឡាវនៅក្នុងឱកាសដ៏ក្រៀមក្រំនេះ។ សមានចិត្តដ៏ស្មោះសរ មនោសញ្ចេតនាជ្រាលជ្រៅ រវាងថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ បានចាក់ឫសយ៉ាងជ្រៅនៅក្នុងក្រអៅបេះដូងនៃថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរជាយូរលង់ណាស់មកហើយ។ ប្រទេសនិងប្រជាជននៃប្រទេសទាំងពីរ តែងតែជួយគ្នានៅគ្រាលំបាកនិងមានទុក្ខគ្រប់កាលៈទេសៈ។ ឆ្លៀតនៅក្នុងឱកាសនោះ តាមរយៈសម្តេចប្រធានរដ្ឋសភា ឯកឧត្តមប្រធានរដ្ឋ ក៏បានផ្តាំផ្ញើនូវការក្រាបថ្វាយបង្គំនូវការសាកសួរសុខទុក្ខ ថ្វាយ ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងផ្តាំផ្ញើការសាកសួរសុខទុក្ខនិងក្តីនឹករលឹក ជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ផងដែរ។ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ក៏បានថ្លែងការកោតសរសើរចំពោះការរីកចម្រើនឥតឈប់ឈររបស់កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ជាមួយគ្នានេះ ឯកឧត្តមស្នើជូនសម្តេចប្រធានរដ្ឋសភា បន្តពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការគ្រប់វិស័យ រវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ពិសេសការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។
សម្តេចប្រធានរដ្ឋសភាក៏បានបញ្ជាក់ជាថ្មី អំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តមិត្តភាពជាប្រពៃណី និងមិត្តភាពដ៏ពិសេស ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ដែលនឹងនាំមកនូវឧត្តមប្រយោជន៍កាន់តែច្រើនថែមទៀត សម្រាប់ប្រជាជនទាំងសងខាង។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានចូលរួមអបអរសាទរជូនឯកឧត្តមប្រធានរដ្ឋ ដែលត្រូវបានមហាសន្និបាតលើកទី១២ ជ្រើសតាំងបន្តអាណត្តិជាអគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋឡាវ សម្រាប់អាណត្តិ ៥ ឆ្នាំបន្ថែមទៀត។ សម្តេចមានជំនឿមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខដឹកនាំបក្ស និងរដ្ឋ ប្រទេសឡាវជាមិត្តនឹងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ខ្លួនឆ្នាំ២០៥៥ ក្លាយជាប្រទេសមានចំណូលខ្ពស់ជាមិនខានឡើយ៕









-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន1 week agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
កីឡា7 days agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន6 days agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន3 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន3 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន5 days agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា