Connect with us

ព័ត៌មាន

TVET៖ កុំឱ្យឱកាសកន្លងផុត! អាហារូបករណ៍ជាង ១ពា​ន់កន្លែងនៅ RPITSE កំពុង​រង់ចាំ​យុវជន

ក្រចេះ៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន (RPITSE) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដល់​ឱកាស​អាហា​រូប​ករណ៍សរុប ១,១៥០កន្លែងលើមុខជំនាញចំនួន១១ ជាមួយនិងប្រាក់ឧបត្ថម្ភបន្ថែមជារៀង​រាល់ខែ​សម្រាប់​យុវជន​ដែល​មកពីគ្រួសារក្រីក្រ និង​ងាយ​រងហានិភ័យ ពីរាជរដ្ឋាភិបាល។

បើយោងតាមវិទ្យាស្ថានដដែលបានឱ្យដឹងថាជំនាញទាំង១១ នោះរួមមាន៖ ជំនាញការងារកំបោរ, ការថែទាំនិងជួសជុលទោចក្រយានយន្ត, សេវាកម្មសម្អាងកាយ, ការផ្សារអគ្គសនី, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ការថែទាំ និងជួស​ជុលរថយន្ត, សេវាកម្មកាត់សក់បុរស, ការធ្វើម្ហូបខ្មែរ, ការដាំដុះ ថែទាំ និងប្រមូលផលចេក, និងការដាំដុះ ថែទាំ និងប្រមូលផលជ័រកៅស៊ូ ។

ជាមួយគ្នានេះតាមវិទ្យាស្ថានក៏បានបញ្ជាក់ផងដែរថា​ គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ មកត្រឹមថ្ងៃទី​២០ ខែកក្កដា ឆ្នាំ២០២៦ នេះមាន​យុវជន​មកពី​គ្រួសារ​ក្រីក្រ និងពលរដ្ឋទូទៅសរុប ២,៦០០នាក់ ដែលទទួលបានអាហារូបករណ៍លើ១២មុខជំនាញ ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥​លាន​នាក់​របស់​សម្ដេច​ធិបតី ក្នុងនោះក្រុមគោលដៅមានចំនួន ១,៨០៦នាក់។

វិទ្យសា្ថនគ្រោងបើកវគ្គ​សិក្សាថ្មី ដោយចាប់ផ្តើមចុះឈ្មោះ​ចូលរៀនចាប់​ពីថ្ងៃជូនដំណឹង​នេះតទៅ។​ ដើម្បីទទួលបាន​អាហារូបករ​ណ៍សិក្ខា​កាមត្រូវ​បំពេ​ញ​លក្ខខណ្ឌដូចជា ត្រូវមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ និងមានអត្តសញ្ញាណប័ណ្ណសញ្ញាតខ្មែរ ឬសំបុត្រកំណើត។ លើសពីនេះ សិក្ខា​កាម​និងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមជារៀងរាល់ខែប្រសិនជាមានភ្ជាប់មកជាមួយនិងបណ្ណសមធម៌(បណ្ណក្រីក្រកម្រិត១ ឬកម្រិត២) ឬមាន​បណ្ណ​សម្គាល់គ្រួសារងាយរងហានិភ័យ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia