ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ និងសិក្ខាសាលាផ្សព្វផ្សាយស្តីពីយុទ្ធសាស្រ្តជាតិ ស្តីពីការ អភិវឌ្ឍធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០ ដែលជាកម្លាំងចលករដ៏សំខាន់ ក្នុងការរុញច្រានការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការចូលរួមចំណែក សម្រេចឱ្យបាននូវចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជាឆ្នាំ២០៥០។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បានប្រកាស ដាក់ឱ្យអនុវត្តជាផ្លូវការ និងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មីឆ្នាំ ២០២៦-២០៣០» ដោយធុរកិច្ច ថ្មីនេះ ត្រូវបានចាត់ទុកជាធាតុមួយដ៏សំខាន់សម្រាប់នវានុវត្តន៍ និងសហគ្រិនភាព ដែលប្រទេសជាច្រើនក្នុងតំបន់ និងសកលលោក បាននិងកំពុងយកចិត្តទុកដាក់។ ធុរកិច្ចថ្មីគឺមានចរិតលក្ខណៈខុស ពីសហគ្រាសធុនមីក្រូ តូច មធ្យម និងធំ ដោយសារធុរកិច្ចថ្មីប្រើ ប្រាស់នវានុវត្តន៍ និងបច្ចេកវិទ្យាឌីជីថលស៊ីជម្រៅ និងសម្បូរបែប សម្រាប់ការបង្កើតគំរូអាជីវកម្មក្នុងទីផ្សារថ្មី, ហើយមានសក្ដានុពល និងកាលានុវត្តភាពក្នុងការពង្រីកអាជីវកម្មយ៉ាងរហ័ស ជាមួយនឹងក្ដីរំពឹងថា អាចចាកចេញពីស្ថានភាពធុរកិច្ចថ្មី ក្លាយទៅជាក្រុមហ៊ុន ធុរកិច្ចថ្មី ដែលជោគជ័យនាអនាគត ទោះបីជាគំរូអាជីវកម្មធុរកិច្ចថ្មី មានភាពមិនប្រាកដប្រជាខ្ពស់ក្នុងទីផ្សារយ៉ាងណាក្ដី។ ជាក់ស្ដែង, ធុរកិច្ចថ្មីជាច្រើនទាំង ក្នុងតំបន់ និងលើសកលលោក ដែលចាប់ផ្ដើមចេញពីក្រុម ឬបុគ្គលមួយក្រុមតូច បានក្លាយទៅជាក្រុមហ៊ុនយក្ស ឬ ជាភាសាអង់គ្លេស ហៅថា Unicorn ដូចជាក្រុមហ៊ុន Airbnb, Uber, Netflix, Grab ជាដើម។
យុទ្ធសាស្រ្តជាតិនេះមានចក្ខុវិស័យ ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ, រស់រវើក និងប្រកបដោយបរិយាបន្ន ដែលអាចពូនជ្រំសហគ្រិននវានុវត្តន៍ ឱ្យបង្កើតដំណោះស្រាយថ្មីៗក្នុងទីផ្សារ ដើម្បីអភិវឌ្ឍធុរកិច្ចថ្មីឱ្យក្លាយជាក្រុមហ៊ុន ដែលមាន សមត្ថភាពប្រកួតប្រជែង និងលូតលាស់រហ័ស សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយឈរលើគោលការណ៍សំខាន់ធំៗចំនួន ៣ដែលរួមមាន៖ ១)រាជរដ្ឋាភិបាលជាតួអង្គជំរុញការអភិវឌ្ឍ, ២)ការអភិវឌ្ឍធុរកិច្ចថ្មីផ្ដោតលើប្រព័ន្ធអេកូឡូស៊ី និង ៣)ការអភិវឌ្ឍធុរកិច្ចថ្មីដោយសហវិវត្តន៍។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូសរំលេចពីតួនាទីរបស់ក្រសួងស្ថាប័នទទួលបន្ទុកអនុវត្តយុទ្ធសាស្រ្ដ ក្នុងការរៀបចំផែន ការសកម្មភាពការងារជាក់ស្តែង និងគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ក្នុងការបន្តសហការជាមួយក្រសួងស្ថាប័ន និងភាគី ពាក់ព័ន្ធ ដើម្បីរៀបចំយន្តការក្របខ័ណ្ឌតាមដាន និងវាយតម្លៃ ដោយកំណត់សូចនាករសមិទ្ធកម្មគន្លឹះឱ្យបានច្បាស់លាស់ ដើម្បីធានា បាននូវប្រសិទ្ធភាពនិង ស័ក្ដិសិទ្ធិភាពខ្ពស់នៃការអនុវត្តយុទ្ធសាស្រ្ដ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបញ្ជាក់ថា គ្រប់តួអង្គនៃប្រព័ន្ធ អេកូឡូស៊ីធុរកិច្ចថ្មី ត្រូវបន្តកិច្ចសហការជិតស្និទ្ធ និងចូលរួមយ៉ាងសកម្ម ជាមួយក្រសួងស្ថាប័នទទួលបន្ទុកអនុវត្តវិធានការគោលនយោ បាយ ដើម្បីបង្កើតសហថាមពលដល់ការអភិវឌ្ឍធុរកិច្ចថ្មី ឱ្យក្លាយជាក្រុមហ៊ុនធុរកិច្ចថ្មីដែលមានភាពប្រកួតប្រជែងខ្ពស់។
គួរគូសរំលេចផងដែរថា, យុទ្ធសាស្រ្តជាតិនេះ បានកំណត់សូចនាករសមិទ្ធកម្មគន្លឹះចំនួន ៤ សម្រាប់វាស់វែងការអនុវត្តក្នុងរយៈពេល ៥ ឆ្នាំ (២០២៦-២០៣០) រួមមាន៖ ១) សន្ទស្សន៍ប្រតិបត្តិការប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី នឹងត្រូវចាកចេញពីប្រព័ន្ធអេកូឡូស៊ីកំពុងងើប ឡើង ទៅជាប្រព័ន្ធអេកូឡូស៊ីដែលអាចពង្រីកខ្លួននៅក្នុងទីផ្សារ, ២) ចំនួនធុរកិច្ចថ្មីដែលបានចូលរួមកម្មវិធីបណ្តុះធុរកិច្ចថ្មីមានចំនួន ៣០០, ៣) ចំនួនធុរកិច្ចថ្មីដែលទទួលបានការវិនិយោគមានចំនួន ១០០ និង ៤) ទំហំវិនិយោគលើធុរកិច្ចថ្មីមាន ៣០ លានដុល្លារ អាម៉េរិក។ ក្នុងន័យនេះ, ក្រសួង-ស្ថាប័នទទួលបន្ទុកអនុវត្ត ត្រូវរៀបចំសូចនាករសមិទ្ធកម្មគន្លឹះរៀងៗខ្លួន ដើម្បីគាំទ្រដល់ការសម្រេចឱ្យ បាននូវសូចនាករគោលទាំង ៤ ខាងលើ៕
អត្ថបទ៖ សុន រ៉ាឌី













-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
PR NEWS6 hours agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន6 days agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន3 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន3 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍