Connect with us

ព័ត៌មាន

សម្ដេចធិបតី វាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ និងភាគីពាក់ព័ន្ធរៀបចំការប្រឡងបាក់ឌុបបានរលូនល្អ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងខេត្តស្ទឹតត្រែង នាព្រឹកថ្ងៃទី១២ ខែសីហានេះ បានវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ចំពោះការរផវចំដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ១០ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅដោយរលូន សភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ។

សម្ដេចធិបតីបានថ្លែង កោតសរសើរឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ និងអ្នកពាក់ព័ន្ធទាំងអស់ បានរួមគ្នាធ្វើឱ្យការប្រលងមធ្យមសិក្សាទុតិយភូមិ បានបញ្ចប់ដោយជោគជ័យ ជាពិសេសអ្នកអាណាព្យាបាល សិស្សនិស្សិតដែលបានចូលរួមជូនកូនៗមកប្រឡង និងបេក្ខជនខិតខំប្រឹងប្រែងយកចំណេះវិជ្ជាដែលបានរៀនសូត្រប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលនេះ។ សម្ដេចលើកទឹកចិត្តដល់សិស្សានុស្ស បន្តខិតខំប្រឹងប្រែងសិក្សា អភិវឌ្ឍជំនាញថែមទៀតក្រោយចប់ថ្នាក់ទី១២នេះ ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិកម្ពុជា។

សម្ដេចធិបតីថ្លែងថា៖« ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះក្រសួងអប់រំ និងភាគីពាក់ព័ន្ធចំពោះការរៀបចំការប្រឡងបាក់ឌុប បានល្អនិងធានានូវស្ថិរភាព សន្តិសុខ និងបរិស្ថាន សម្រាប់បេក្ខជន នៅទូទាំងប្រទេស»។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ដំណើរការសំណេរនៃការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ១០ សីហា ២០២៦ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី១០ និងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដែលមានបេក្ខជនចុះឈ្មោះសរុប ១៥១ ២៣៨នាក់ ស្រី ៨៤ ៧៣៥នាក់ ក្នុងនោះមានបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៣៧ ៤៤៥នាក់ (ស្រី ២២ ១៩៣នាក់) បេក្ខជន ថ្នាក់វិទ្យាសាស្ត្រសង្គម ១១៣ ៧៩៣នាក់ (ស្រី ៦២ ៥៤២នាក់)។

ដំណើរការសំណេរបានប្រព្រឹត្តទៅដោយរលូន សភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ក្រោមការយកចិត្ត ទុកដាក់បំពេញតួនាទី ភារកិច្ច និងទំនួលខុសត្រូវខ្ពស់ពីសំណាក់គណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការ អប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្តាល គណៈកម្មការត្រួតពិនិត្យអគារ និងគណៈកម្មការអនុរក្ស ព្រមទាំងមានការចូលរួមសង្កេតការណ៍ដោយអង្គភាព ប្រឆាំងអំពើពុករលួយ និងកិច្ចសហការល្អពីសហភាពសហព័ន្ធយុវជនកម្ពុជា មន្ត្រីសុខាភិបាល កងកម្លាំង និង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។

ក្នុងនោះ បេក្ខជនអវត្តមានសរុប ១ ៣៥២នាក់ (ស្រី ៥០២នាក់) ស្មើនឹង ០,៨៩ភាគរយ ក្នុងនោះ បេក្ខជន ស្វ័យរិនចំនួន ១ ១៤៧នាក់ (ស្រី៤០៧នាក់) និងបេក្ខជនចំណេះទូទៅចំនួន ២០៥នាក់ (ស្រី៩៥នាក់)។ បេក្ខជនមានបញ្ហាសុខភាពសរុប ២៦៧នាក់ ក្នុងនោះបេក្ខជនបានបោះបង់ការប្រឡងចំនួន ១៨នាក់ បេក្ខជន បន្តការប្រឡងដាច់ដោយឡែក ៦៥នាក់ បេក្ខជនមានជំងឺគ្រុនឈាមចំនួន ៦៦នាក់ និងគ្រោះថ្នាក់ ចរាចរណ៍១០នាក់។ ដោយឡែក គណៈមេប្រយោគមានបញ្ហាសុខភាពសរុប ២៥នាក់។

ក្រសួងអប់រំបានបញ្ជាក់ថា ជារួមដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ បានប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាមគោលការណ៍ “អ្នកចេះគឺជាប់”។ តាមការគ្រោងទុក លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia