Connect with us

ព័ត៌មាន

សម្ដេចធិបតីណែនាំក្រសួងពាក់ព័ន្ធជំរុញកម្មវិធីអប់រំបណ្តុះបណ្តាលជំនាញដល់ពលរដ្ឋខេត្តភាគឦសាន

ក្នុងឱកាស អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធ​ផល​​នានានៅក្នុងខេត្តស្ទឹតត្រែង នាព្រឹកថ្ងៃទី១២ ខែសីហានេះសម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាបានណែនាំដល់ក្រសួងពាក់ព័ន្ធ​សហការ​ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជំរុញ​កម្មវិធីអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ពលរដ្ឋ និងយុវជន​នៅខេត្តភាគឦសាន ខណៈសន្ទុះវិនិយោគកំពុងមានការ​កើនឡើង។

សម្តេចមធិបតី បានថ្លែងណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវសហការគ្នាជិត​ស្និទ្ធ​ជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងក្រសួងអប់រំ យុវជន និងកីឡា រៀបចំ​កម្មវិធីអប់រំ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បង្កើតជំនាញ, បង្កើនជំនាញ និងផ្លាស់ប្ដូរ​ជំនាញដល់ប្រជាពលរដ្ឋក្នុងខេត្តទាំងបួននៅភូមិភាគឦសាន សំដៅអភិវឌ្ឍមូលធនមនុស្ស ជាពិសេស ក្នុងវិស័យកសិ-ឧស្សាហកម្ម, ទេសចរណ៍ និង សេវាកម្មគាំទ្រផលិតកម្ម ដែលមានជំនាញបច្ចេកទេសពិតប្រាកដ និង សីលធម៌វិជ្ជាជីវៈខ្ពស់ ដែលអាចឆ្លើយតប​នឹងសេចក្ដីត្រូវការរបស់វិនិយោគិន ទាំងបច្ចុប្បន្ន និងអនាគត។

បើតាម ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ខេត្តស្ទឹងត្រែង​មានអគារសិក្សាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មាន ៦០ខ្នង ស្មើនឹង ៣៦៧បន្ទប់។ ជារួមក្នុងខេត្តមានអគារសិក្សាសម្រាប់កម្រិត វិទ្យាល័យ ៧៨ខ្នង មាន ៣៣៤បន្ទប់ អនុវិទ្យាល័យ ៤៣ខ្នង មាន២០១បន្ទប់ បឋមសិក្សា ២៩២ខ្នង មាន ១១៥៤ បន្ទប់ ។ មានមជ្ឈមណ្ឌលគរុកោសល្យភូមិភាគឦសានខេត្តស្ទឹងត្រែង ១កន្លែង កំពុងបណ្តុះបណ្តាលគរុសិស្ស កម្រិតបឋមសិក្សាមកពីខេត្តនៅភាគឦសាន។ មានសាកលវិទ្យាល័យឯកជន ១កន្លែង សាលារៀនឯកជន ៤កន្លែង។

ឯកឧត្តមបន្តថា ខេត្តស្ទឹងត្រែង​ក៏បានពង្រឹងការគ្រប់គ្រង និងបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈជូនប្រជាពលរដ្ឋក្នុងខេត្ត មានសិក្ខាកាមសរុប ៨៤៤នាក់ ស្រី ៤៧២នាក់ ក្នុងនោះសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិតI (1.5M) ៣៧៥នាក់ ស្រី ២៧៨នាក់។

សូមជម្រាបថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការ​ដឹកនាំដោយសម្ដេច​ធិបតី នាយករដ្ឋមន្រ្ដី បានដាក់ចេញនូវ គោលនយោបាយបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដល់យុវជន ១,៥ លាននាក់ ដែលផ្តោតជាសំខាន់លើយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដើម្បីផ្តល់ជូនពួកគេនូវជំនាញច្បាស់លាស់សម្រាប់ជីវិត និងការងារ។

គោលបំណងសំខាន់ៗនៃកម្មវិធីនេះ គឺជួយដល់យុវជនដែលបោះបង់ការសិក្សា ឬខ្វះខាតថវិកាបន្តការសិក្សាថ្នាក់ឧត្តមសិក្សា, លើកកម្ពស់សមត្ថភាព និងផលិតភាពកម្លាំងពលកម្មជាតិ និងកាត់បន្ថយភាពក្រីក្រ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia