ព័ត៌មាន
សម្ដេចធិបតីណែនាំក្រសួងពាក់ព័ន្ធជំរុញកម្មវិធីអប់រំបណ្តុះបណ្តាលជំនាញដល់ពលរដ្ឋខេត្តភាគឦសាន
ក្នុងឱកាស អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងខេត្តស្ទឹតត្រែង នាព្រឹកថ្ងៃទី១២ ខែសីហានេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាបានណែនាំដល់ក្រសួងពាក់ព័ន្ធសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជំរុញកម្មវិធីអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ពលរដ្ឋ និងយុវជននៅខេត្តភាគឦសាន ខណៈសន្ទុះវិនិយោគកំពុងមានការកើនឡើង។
សម្តេចមធិបតី បានថ្លែងណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវសហការគ្នាជិតស្និទ្ធជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងក្រសួងអប់រំ យុវជន និងកីឡា រៀបចំកម្មវិធីអប់រំ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បង្កើតជំនាញ, បង្កើនជំនាញ និងផ្លាស់ប្ដូរជំនាញដល់ប្រជាពលរដ្ឋក្នុងខេត្តទាំងបួននៅភូមិភាគឦសាន សំដៅអភិវឌ្ឍមូលធនមនុស្ស ជាពិសេស ក្នុងវិស័យកសិ-ឧស្សាហកម្ម, ទេសចរណ៍ និង សេវាកម្មគាំទ្រផលិតកម្ម ដែលមានជំនាញបច្ចេកទេសពិតប្រាកដ និង សីលធម៌វិជ្ជាជីវៈខ្ពស់ ដែលអាចឆ្លើយតបនឹងសេចក្ដីត្រូវការរបស់វិនិយោគិន ទាំងបច្ចុប្បន្ន និងអនាគត។
បើតាម ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ខេត្តស្ទឹងត្រែងមានអគារសិក្សាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មាន ៦០ខ្នង ស្មើនឹង ៣៦៧បន្ទប់។ ជារួមក្នុងខេត្តមានអគារសិក្សាសម្រាប់កម្រិត វិទ្យាល័យ ៧៨ខ្នង មាន ៣៣៤បន្ទប់ អនុវិទ្យាល័យ ៤៣ខ្នង មាន២០១បន្ទប់ បឋមសិក្សា ២៩២ខ្នង មាន ១១៥៤ បន្ទប់ ។ មានមជ្ឈមណ្ឌលគរុកោសល្យភូមិភាគឦសានខេត្តស្ទឹងត្រែង ១កន្លែង កំពុងបណ្តុះបណ្តាលគរុសិស្ស កម្រិតបឋមសិក្សាមកពីខេត្តនៅភាគឦសាន។ មានសាកលវិទ្យាល័យឯកជន ១កន្លែង សាលារៀនឯកជន ៤កន្លែង។
ឯកឧត្តមបន្តថា ខេត្តស្ទឹងត្រែងក៏បានពង្រឹងការគ្រប់គ្រង និងបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈជូនប្រជាពលរដ្ឋក្នុងខេត្ត មានសិក្ខាកាមសរុប ៨៤៤នាក់ ស្រី ៤៧២នាក់ ក្នុងនោះសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិតI (1.5M) ៣៧៥នាក់ ស្រី ២៧៨នាក់។
សូមជម្រាបថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដោយសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានដាក់ចេញនូវ គោលនយោបាយបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដល់យុវជន ១,៥ លាននាក់ ដែលផ្តោតជាសំខាន់លើយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដើម្បីផ្តល់ជូនពួកគេនូវជំនាញច្បាស់លាស់សម្រាប់ជីវិត និងការងារ។
គោលបំណងសំខាន់ៗនៃកម្មវិធីនេះ គឺជួយដល់យុវជនដែលបោះបង់ការសិក្សា ឬខ្វះខាតថវិកាបន្តការសិក្សាថ្នាក់ឧត្តមសិក្សា, លើកកម្ពស់សមត្ថភាព និងផលិតភាពកម្លាំងពលកម្មជាតិ និងកាត់បន្ថយភាពក្រីក្រ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ៕










-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS1 day agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន4 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន4 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន6 days agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា