ព័ត៌មាន
ឱកាសល្អ! វិទ្យាស្ថាន TVET នានា ប្រកាសផ្តល់អាហារូបករណ៍១០០% ដល់យុវជនលើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
គ្រឹះស្ថាន និងសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជាច្រើន ក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំពុងផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន និងសិស្សានុសិស្ស ពិសេសតាមរយៈកម្មវិធីថ្នាក់ជាតិបណ្តុះបណ្តាលជំនាញ ១,៥ លាននាក់ ។
ឱកាសដ៏ល្អសម្រាប់យុវជន ជាពិសេសសិស្សានុសិស្សដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលថ្មីៗនេះ ដែលពុំទាន់មានគោលដៅច្បាស់លាស់ក្នុងការសម្រេចចិត្តចាប់យកជំនាញណាមួយឱ្យសមស្របទៅនឹងទីផ្សារការងារ។ នៅពេលនេះ វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឬហៅកាត់ថា TVET ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បាននិងកំពុងបើកទ្វារយ៉ាងទូលាយ ទទួលចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ ១០០% ។
មុខជំនាញសំខាន់ៗជាច្រើន ដែលត្រូវបានដាក់ឱ្យជ្រើសរើស រួមមានក្នុងវិស័យឧស្សាហកម្ម ទេសចរណ៍ កសិកម្ម មេកានិចរថយន្ត បរិក្ខារត្រជាក់ អគ្គិសនី សំណង់ និងវិស័យកសិ-ឧស្សាហកម្មជាដើម។ កាន់តែពិសេសថែមទៀតនោះ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលមានបណ្ណសមធម៌ ឬបណ្ណមូលនិធិសមធម៌សុខាភិបាល មិនត្រឹមតែបានរៀនដោយឥតគិតថ្លៃ (មិនអស់ប្រាក់) នោះទេ ប៉ុន្តែថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ដើម្បីជួយសម្រាលការចំណាយលើការស្នាក់នៅ និងការហូបចុកថែមទៀតផង។
ក្នុងចំណោមវិទ្យាស្ថាននានា ដែលកំពុងផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន និងសិស្សានុសិស្ស លោក សាយ សុឃាង នាយករង វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានអំពាវនាវនិងលើកទឹកចិត្តយុវជនឱ្យចាប់យកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ព្រោះជាស្ពានចម្លងដ៏សំខាន់ដែលឆាប់ទទួលបានការងារធ្វើ មានចំណូលសមរម្យ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលអនាគត។ លោកបន្ថែមថា ការចាប់យកការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នេះ ជាការវិនិយោគលើមូលធនមនុស្សដ៏មានតម្លៃ និងជាកម្លាំងស្នូលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេល ៥ឆ្នាំចុងក្រោយ គិតចាប់ពីឆ្នាំ២០២២ រហូតមកដល់ខែឧសភា ឆ្នាំ២០២៦ TVET បានផ្តល់ការបណ្តុះបណ្តាលគ្រប់កម្រិតសរុបប្រមាណជិត ៧០ម៉ឺននាក់ ខណៈពីឆ្នាំ២០២៤ ដល់ខែឧសភា ឆ្នាំ២០២៦នេះ សិស្សដែលបាននិងកំពុងបណ្តុះបណ្តាលមានសរុបប្រមាណជាង ២៧ម៉ឺននាក់ ក្នុងនោះ គ្រឹះស្ថានក្រោមឱវាទក្រសួងចំនួនជិត ២៣ម៉ឺននាក់ និងក្រោមមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ចំនួនជាង ៤ម៉ឺននាក់៕អត្ថបទ៖ ឈិត បូរ៉ាវី


















-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣