ព័ត៌មាន
អភិបាលរាជធានីភ្នំពេញ ជំរុញអាជ្ញាធរខណ្ឌ-សង្កាត់បន្តពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ និងផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរមួយកម្រិតទៀត
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌ សង្កាត់ ត្រូវបន្តពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាមួយនិងការផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត ខណៈប្រជាពលរដ្ឋនៅរាជធានីភ្នំពេញបាននិងកំពុងរស់នៅក្នុងបែបស៊ីវីល័យ។

ការជំរុញរបស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី១២ សីហា ឆ្នាំ២០២៦ ខណៈឯកឧត្ដម និងឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញបានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីស្ដារនិងអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្ដម អភិបាលបន្តថា បើទោះបីមានបញ្ហាជម្លោះជាមួយនិងប្រទេសថៃ ប៉ុន្តែមិនបានរំខានដល់ការដើរទៅមុខរបស់កម្ពុជាឡើយ។
ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឲ្យបន្តពិនិត្យលើការងារនៃការផ្ដល់សេវាជូនប្រជាពលរដ្ឋនៅតាមច្រកចេញ ចូលតែមួយនៅថ្នាក់ខណ្ឌ សង្កាត់ឲ្យកាន់តែល្អប្រសើរទៅតាមអនុសាសន៍របស់សម្ដេចបបរធិបតី ហ៊ុន ម៉ាណែត គឺធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំយោបល់។ ឯកឧត្ដម ឃួង ស្រេងក៏បានបញ្ជាក់ផងដែរថា នៅរាជធានីភ្នំពេញមានបញ្ហាប្រឈម៣ ដែលបាននិងកំពុងដោះស្រាយ នោះគឺបញ្ហាប្រឈមសំណល់រឹង ជំនន់ទឹកភ្លៀង និងការកកស្ទះចរាចរណ៍។ កិច្ចការទាំងនេះរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងដោះស្រាយទាំងការរៀបចំឲ្យមានខ្សែរត់រថយន្តក្រុងចាប់ពីច្រមុះជ្រូកចោមចៅតាមផ្លូវលេខ២១៧ ឆ្ពោះមកកាន់បេនឡាន សូរិយា។ ខ្សែរត់ថ្មីនេះ ទាមទារឲ្យមានការកំណត់ម៉ោងពេលឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានការគាំទ្រ ជឿទុកចិត្តពីប្រជាពលរដ្ឋក្នុងការទទួលសេវាដឹកជញ្ជូនរថយន្តក្រុងខ្សែរត់ថ្មីនេះ។

ឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើឱ្យអាជ្ញាធរថ្នាក់មូលដ្ឋានទាំងអស់ចុះធ្វើការងារជាមួយគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារនៅតាមខណ្ឌ សង្កាត់នៅរាជធានីភ្នំពេញ ដើម្បីជុំរុញឱ្យគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខណ្ឌ សង្កាត់ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ ខណៈដែលនៅរាជធានីភ្នំពេញបានជួយលើសកម្មភាពការងាររបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៅរាជធានីភ្នំពេញបានចំណាត់ថ្នាក់លេខ១។
ចំណែកសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងនូវការកោតសរសើរចំពោះការដឹកនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ទាំងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ពិសេស គឺការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជាក់ស្តែងការរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ បានដំណើរការទៅបានល្អនិងជោគជ័យ។ ការផ្ដល់សេវា តាមច្រកចេញ ចូលតែមួយរាជធានី ខណ្ឌ សង្កាត់ បានល្អប្រសើរ ដោយនៅក្នុងខែកក្កដាកន្លងមកនេះ ការផ្ដល់សេវាជូនប្រជាពលរដ្ឋបានចំនួន ២៤០៣៣សេវា កើនឡើងជាង ៨០០សេវា។ សេវារថយន្តក្រុង មានអ្នកជិះចំនួន ៧១ម៉ឺននាក់កើនឡើងជាងខែមិថុនា ។ នេះបង្ហាញពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ៕អត្ថបទ៖ ប្រាក់ វ៉ាន់ដា


-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS1 day agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន4 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន4 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន6 days agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា