Connect with us

ព័ត៌មាន

ខេត្តស្ទឹងត្រែងបាននិងកំពុងពង្រឹងពង្រីក​ទំនាក់​ទំនង​សហប្រតិបត្តិការ​ជាមួយ​ខេត្ត​នៃ​ប្រទេស​ឡាវ និងវៀតណាម

ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ខេត្តស្ទឹងត្រែង​បាន​ពង្រឹង​ពង្រីក​ទំនាក់​ទំនង​សហប្រតិបត្តិការជាមួយខេត្តទាំងពីរនៃប្រទេសឡាវដែលមានព្រំដែនជាប់គ្នា និង​ខេត្ត​សម្ព័​ន្ធ​មេត្រីភាពចំនួន៤ នៃប្រទេសវៀតណាម ព្រមទាំងកំពុង​រៀប​ចំ​ឯកសារ​បង្កើត​កិច្ច​សហ​ប្រតិបត្តិ​ការ​ ជាមួយទីក្រុងពីនចូវ ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន។ ថ្មីៗនេះ ខេត្ត​ស្ទឹង​ត្រែង និងខេត្តហ្សាឡាយ ក៏បានសហការរៀបចំវេទិកាជំរុញការវិនិយោគ លើកទី១ ឆ្នាំ​២០២៦ ដោយខេត្តស្ទឹងត្រែងធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តម សរ សុពុត្រា ថ្លែងបែបនេះ ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជាផ្លូ​វ​ការ​នូវ​សមិទ្ធ​ផល​នានា ​ក្នុងខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្រ្ដី​នៃ​កម្ពុជា ​កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ។

ក្នុងឱកាសនោះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បញ្ជាក់ថា ខេត្តស្ទឹងត្រែង បាន​លើក​កម្ពស់​ការ​ទាក់​ទាញ​គម្រោងវិនិយោគ​ផ្នែក​ឯកជន​ក្នុង​ក្រប​ខ័ណ្ឌ​កម្ម​វិធី​ពិសេស​ជំរុ​ញ​ការ​វិនិយោគ ខេត្តភូមិភាគឦសាន បច្ចុប្បន្នក្រុមហ៊ុនទទួលបានគោលការណ៍ ៩គម្រោង ក្នុង​វិស័យ​កសិ​ឧស្សាកម្ម ឧស្សាហកម្ម ទេសចរណ៍ កសិដ្ឋានចិញ្ចឹមសត្វ មានទុនវិនិយោគជាង ២០លាន​ដុល្លារ និងបានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុនវៀតណាម ២គម្រោង មានទុនវិនិយោគជិត ៩០លានដុល្លារ។ ចុះបញ្ជីគម្រោង វិនិយោគ មានទុន វិនិយោគក្រោម ៥លានដុល្លារ ចំនួន ១គម្រោង និងត្រៀមចុះបញ្ជីចំនួន ៥គម្រោងវិនិយោគបន្ថែមទៀត។

បើតាម ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ខេត្តស្ទឹងត្រែងបានជំរុញផលិតកម្មកសិកម្ម ជាមធ្យមក្នុងមួយត្រីមាសលទ្ធផលនៃការលក់ដំឡូងមីស្រស់នាំចេញក្រៅខេត្តបាន ២២៩ពាន់តោន ដំឡូងមីស្ងួត ៧៦ពាន់តោន គ្រាប់ស្វាយចន្ទី ៥២ពាន់តោន និងស្វាយកែវរមៀត ៩ពាន់តោន ការលក់ស្រូវនាំចូលរោងម៉ាស៊ីនតូច-ធំក្នុងខេត្តសរុបជាង ៥ពាន់តោន និងការនាំអង្ករលក់នៅផ្សារក្នុងខេត្ត បាន ៣ពាន់តោន។ បរិមាណផលនេសាទជាលក្ខណៈគ្រួសារទទួលបាន ១ ២៦៦តោន។

ក្នុងឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីក៏បង្ហាញការគាំទ្រដល់អាជីវកម្ម SME តាមរយៈការជំរុញការផលិត-កែច្នៃក្នុងស្រុក ក្នុងខេត្តទិសឦសាន ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា។ សម្ដេចថ្លែងថាការប្រើប្រាស់កម្លាំងពលកម្មខ្មែរឱ្យបានអតិបរមា, ការកាត់បន្ថយចំណាយ និងនីតិវិធី សេវារដ្ឋបាលដើម្បីសម្រួលថ្លៃដើម ចៀសវាងករណី «អស់ទុន មុនចាប់ផ្តើម» ព្រមទាំងផ្តល់ ហិរញ្ញប្បទានមានអត្រាការប្រាក់សមរម្យដល់ SME ក្នុងវិស័យអាទិភាព។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និងរដ្ឋបាលខេត្តទាំងបួននៅភូមិភាគឦសាន ត្រូវសហការជិតស្និទ្ធជាមួយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដើម្បីសិក្សាស្រាវជ្រាវ និងកំណត់ផលិតផលកសិឧស្សាហកម្មសក្តានុពលរបស់ខេត្តទាំងបួននៅភូមិភាគឦសាន សំដៅសិក្សាដាក់ចេញនូវ គោលនយោបាយយុទ្ធសាស្ត្រ និងវិធានការចាំបាច់នានា សម្រាប់ជំរុញការអភិវឌ្ឍឧស្សាហកម្មសក្តានុពលទាំងនោះ ឱ្យបានឆាប់រហ័សប្រកបដោយ ប្រសិទ្ធភាព, ភាពប្រកួតប្រជែង និងនវានុវត្តន៍៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia