Connect with us

ព័ត៌មាន

និន្នាការកើនឡើងស្ថានីយសាករថយន្ត EV ដែលនាំ​ឱ្យកម្ពុជា​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​អព្យាក្រឹត​កាបូន​ឆ្នាំ២០៥០

ភ្នំពេញ៖ ការប្រើប្រាស់រថយន្តអគ្គិសនី (EV) នៅកម្ពុជា កំពុងមាននិន្នាការកើនឡើងជាលំដាប់​ ដែល​ជំរុញឱ្យតម្រូវការស្ថានីយសាករថយន្ត​ EV កាន់តែមានសារៈសំខាន់ ស្របទៅនឹង​គោល​នយោបាយ​របស់រាជរដ្ឋាភិបាលកំពុង​ជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យដល់ប្រមាណ ៤០% និង​ចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងឆ្ពោះទៅ​រក​គោល​ដៅ​អព្យាក្រឹត​កាបូន​នៅ​ឆ្នាំ២០៥០។

ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាកំពុងមាននិន្នាការកើនឡើងគួរឱ្យកត់សម្គាល់ ស្រប​ពេល​ដែលហេដ្ឋារចនាសម្ព័ន្ធគាំទ្រក៏ត្រូវបានពង្រីកជាបន្តបន្ទាប់។ បច្ចុប្បន្ន កម្ពុជាមានស្ថានីយ​សាក​យា​នយន្តអគ្គិសនីកើនដល់ប្រមាណ ៤០០ទូសាក នៅទូទាំងប្រទេស​។ នេះបើតាមអគ្គិសនីកម្ពុជា។

ជាមួយគ្នានេះ កំណើននៃការចុះបញ្ជីយានយន្តអគ្គិសនីក៏បង្ហាញពីការកើនឡើងយ៉ាងឆាប់រហ័ស។ ឯកឧត្តម​ ​ផន ​រឹម ​អ្នកនាំពាក្យ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​ បានបញ្ជាក់ថា ​ ​ក្នុង​រយៈពេល​ ​៦​ ​ខែឆ្នាំ​២០២៦​ ​យានយន្ត​អគ្គិសនី​បាន​ចុះបញ្ជី​នៅ​ក្រសួង​មាន​ចំនួន​សរុប​ ​៧,៦៣២​ ​គ្រឿង​ ក្នុង​នោះ ​រថយន្ត​អគ្គិសនី​មាន​ចំនួន​ ​៦,១៧៤​ ​គ្រឿង​ កើនឡើង ១៥១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន​ ខណៈ​ដែល ម៉ូតូ​អគ្គិសនី​មាន​ចំនួន​ ​១,២៩៦​ ​គ្រឿង(កើន ៩១%)​ ​និង​ត្រី​ចក្រ​យានយន្ត​មាន​ចំនួន​ ​១៦២​ ​គ្រឿង(កើន ៦៥%)​។

ឯកឧត្តម​ ​ផន ​រឹម បន្តថា ដោយឡែក បើគិតត្រឹមខែមិថុនា ឆ្នាំ២០២៦ ក្រសួងបានចុះ​បញ្ជី​​យានយន្ត​អគ្គិសនី កើនដល់​ ​ ​២០,៦០០​ ​គ្រឿង​ ក្នុង​នោះ ​រថយន្ត​មាន​ចំនួន​ ​១៥,២៣៩​ ​គ្រឿង​ ​ម៉ូតូកង់​បី​អគ្គិសនី​មាន​ចំនួន​ ​៨៦២​ ​គ្រឿង​ និង​ម៉ូតូ​អគ្គិសនី​មាន​ចំនួន​ ​៤,៤៩៩​ ​គ្រឿង​។

ចំណែក លោក ព្រឹម សារី អ្នកប្រើប្រាស់រថយន្តអគ្គិសនី ប្រាប់ BTV ថា លោកបានប្តូរពីការប្រើប្រាស់រថយន្តប្រើប្រេងឥន្ធនៈ​ មកប្រើប្រាស់រថយន្តអគ្គិសនីលាយសាំង​ ដោយសារ រថយន្តអគ្គិសនីជួយសន្សំសំចៃថវិកា និងជួយដល់បរិស្ថាន ស្របពេលដែលលោកមើលឃើញពីការពង្រីកហេដ្ឋារចនាសម្ព័ន្ធសាករថយន្តអគ្គិសនីកាន់តែទូលំទូលាយនៅទូទាំងប្រទេស​ ដែលអាចជួយសម្រួលដល់អ្នកប្រើប្រាស់ និងជំរុញការផ្លាស់ប្តូរទៅរកការប្រើប្រាស់យានយន្តដែលប្រើថាមពលអគ្គិសនីកាន់តែច្រើននៅពេលអនាគត។

ការកើនឡើងនៃការប្រើប្រាស់រថយន្តអគ្គិសនី ត្រូវបានគាំទ្រពីគោលនយោបាយរបស់រាជរដ្ឋាភិបាល​ និងការអភិវឌ្ឍវិស័យថាមពល កំពុងជំរុញឱ្យតម្រូវការស្ថានីយសាកមានការកើនឡើង។ ដូច្នេះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាក EV នឹងក្លាយជាកត្តាសំខាន់សម្រាប់គាំទ្រការផ្លាស់ប្តូរទៅរកការដឹកជញ្ជូនដែលមានប្រសិទ្ធភាព និងចីរភាពនៅកម្ពុជា។ បើតាម​គោលនយោបាយជាតិ ស្តីពី ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ រាជរដ្ឋាភិបាលកម្ពុជាមាន​គោលដៅជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ដើម្បីចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងឆ្ពោះទៅរកគោលដៅ អព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។ តាមផែនការរបស់រដ្ឋាភិបាល កម្ពុជាមានគោលដៅបង្កើនសមាមាត្រការប្រើប្រាស់រថយន្តអគ្គិសនីឱ្យបានប្រមាណ ៣៥% ទៅ ៤០% និងម៉ូតូអគ្គិសនីឱ្យបានដល់ ៧០% នៅឆ្នាំ២០៥០៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia