ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងព័ត៌មានអំពាវនាវដល់សប្បុរសជនចូលរួមគាំទ្រមូលនិធិអភិរក្សដំរី ដើម្បីថែរក្សា និងបង្កើនចំនួនដំរីស្រុក
រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានផ្ញើសារអំពាវនាវដល់សប្បុរសជន បន្តចូលរួមគាំទ្រ មូលនិធិអភិរក្សដំរីស្រុក អៃរាវត្តា ដើម្បីថែរក្សា ការពារ អភិរក្ស និងបង្កើនចំនួនដំរីស្រុកនៅកម្ពុជា សម្រាប់កូនចៅជំនាន់ក្រោយបានឃើញ និងប៉ះពាល់សត្វដំរីដោយផ្ទាល់។
កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅក្នុងកម្មវិធីសប្បុរសធម៌ រៃអង្គាសថវិកា ប្រចាំឆ្នាំ២០២៦ របស់សមាគមអភិរក្សដំរីស្រុក អៃរាវត្តា រៀបចំនៅរាជធានីភ្នំពេញ ដោយមានការយាង និងអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសពីទីប្រឹក្សាជាន់ខ្ពស់អមព្រះរាជខុទ្ទកាល័យ ព្រះមហាក្សត្រ រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន រដ្ឋមន្រ្ដីក្រសួងធនធានទឹក តំណាងក្រសួងទេសចរណ៍ ក្រសួងកសិកម្ម ក្រសួងវប្បធម៌ និងភ្ញៀវជាតិ អន្តរជាតិ។
ក្នុងពិធីនេះ ឯកឧត្ដម នេត ភត្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា បច្ចុប្បន្ន ដំរីស្រុក នៅកម្ពុជា មានមិនដល់៧០ក្បាលផងទេ ដែលកាលពីរាប់សិបឆ្នាំមុន កម្ពុជាសម្បូរទៅដោយសត្វដំរី។ កិច្ចការអភិរក្សសត្វដំរីស្រុកនេះ ទាមទារការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីថែរក្សាវត្តមានដំរីស្រុកឱ្យនៅមាន ដើម្បីជាប្រយោជន៍ទាក់ទាញភ្ញៀវទេសចរផង និងដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ និងបានឃើញផ្ទាល់សត្វដំរី។
ឯកឧត្ដមបានសង្កត់ធ្ងន់ថា បើសិនគ្មានការចូលរួមទេ សត្វដំរីស្រុកនឹងបាត់បង់ ហើយកូនខ្មែរជំនាន់ក្រោយ នឹងស្គាល់សត្វដំរី ត្រឹមតែរូបភាពនៅលើសៀវភៅ និងជញ្ជាំងថ្មតែប៉ុណ្ណោះ។
លោកស្រី ខៃ ចិន្តា ប្រធានសមាគមអភិរក្សដំរីស្រុក អៃរាវត្តា ស្ថិតក្នុងខេត្តរតនគិរី បានបញ្ជាក់ថា ការរៀបចំកម្មវិធីសប្បុរសធម៌នេះ គឺដើម្បីកៀរគរថវិកាសប្បុរសជន គាំទ្រដល់ដំណើរការរបស់សមាគម ក្នុងការបន្តការអភិរក្សដំរីស្រុក ដោយការថែទាំ ផ្គត់ផ្គង់ចំណីអាហារ ថ្នាំពេទ្យ ប្រាក់ខែបុគ្គលិក ព្រមទាំងការចំណាយលើកិច្ចការរដ្ឋបាល បម្រើកិច្ចការអភិរក្សដំរី។
លោកស្រីបានឱ្យដឹងដែរថា បច្ចុប្បន្នសមាគម អៃរាវត្តា មានដំរីចំនួន៤ក្បាល ឈ្មោល ២ក្បាល និងញី ២ក្បាល។ សមាគមមានគម្រោងទិញដំរីស្រុកពីសមាគម ឬពលរដ្ឋម្ចាស់ដំរី ដែលគ្មានបំណង ឬលទ្ធភាពបង្កាត់ពូជ យកមកបង្កាត់ពូជ ដើម្បីឱ្យមានកំណើនពូជដំរីស្រុកនៅកម្ពុជា។
លោកស្រី បានថ្លែងអំណរព្រះរាជគុណ ព្រះមហាក្សត្រ និងហ្លូងម៉ែ ដែលតែងតែសព្វព្រះរាជហឫទ័យ ព្រះរាជទានព្រះរាជទ្រព្យ គាំទ្របេសកកម្មរបស់សមាគមរៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនេះ លោកស្រី ក៏អរគុណយ៉ាងខ្លាំងផងដែរចំពោះរាជរដ្ឋាភិបាល និងសប្បុរសជនគ្រប់ទិសទី ដែលគាំទ្រសមាគមរហូតមកដល់ពេលនេះ។ លោកស្រីបន្តអំពាវនាវ សូមឱ្យសប្បុរសជនគាំទ្រកិច្ចការអភិរក្សដំរីស្រុកបន្តទៀត ដើម្បីអនាគតដំរីស្រុកនៅកម្ពុជា៕អត្ថបទ៖ លៀ ស៊ីណា




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣