ព័ត៌មាន
អនុប្រធានទី១អាជ្ញាធរមីន៖ ការគាំទ្រ និងបទពិសោធន៍របស់កម្ពុជា និងតួកគីយ៉េក្នុងសកម្មភាពមីនសកល នឹងបន្តជំរុញឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន
ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួប ឯកឧត្តម Mesut Özcan ឯកអគ្គរដ្ឋទូតតួកគីយ៉េប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រឹងមិត្តភាព ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកម្ពុជា និងតួកគីយ៉េ។
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានស្វាគមន៍ និងអបអរសាទរឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងឱកាសចូលកាន់តំណែងថ្មី ព្រមទាំងបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតតួកគីយ៉េ ដើម្បីប្រែក្លាយទំនាក់ទំនងមិត្តភាពឱ្យទៅជាកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
ឯកឧត្តម Mesut Özcan បានគូសបញ្ជាក់ពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលបានពង្រីកទៅលើវិស័យជាច្រើន រួមទាំងការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅបន្តការសិក្សានៅតួកគីយ៉េ។ ឯកអគ្គរដ្ឋទូតតួកគីយ៉េប្រចាំកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងភាពជាដៃគូកម្ពុជា–តួកគីយ៉េ និងបានលើកឡើងពីការចូលរួមរបស់តួកគីយ៉េ ក្នុងការរួមចំណែកដោះស្រាយបញ្ហាមីននៅកម្រិតសកល។
ពាក់ព័ន្ធនឹងសកម្មភាពមីន ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានចែករំលែកថា កម្ពុជាបានប្រែក្លាយពីប្រទេសដែលរងផលប៉ះពាល់ដោយមីនយ៉ាងធ្ងន់ធ្ងរ ទៅជាប្រទេសដែលមានសមត្ថភាព ជំនាញ និងបទពិសោធន៍ ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ក្នុងវិស័យសកម្មភាពមីនមនុស្សធម៌។
ទន្ទឹមនឹងសមិទ្ធផលទាំងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាកំពុងប្រឈមនឹងបញ្ហាប្រឈមថ្មី ពាក់ព័ន្ធនឹងយុទ្ធភណ្ឌគ្រឿងផ្ទុះដែលបង្កឡើងដោយជម្លោះព្រំដែនកម្ពុជា–ថៃ នៅតាមសហគមន៍ និងតំបន់មួយចំនួន ដែលធ្លាប់ត្រូវបានបោសសម្អាត និងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ដោយសុវត្ថិភាព។
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានកោតសរសើរចំពោះការគាំទ្ររបស់តួកគីយ៉េចំពោះសកម្មភាពមីនអន្តរជាតិ និងគូសបញ្ជាក់ថា បទពិសោធន៍ ជំនាញ និងការគាំទ្ររបស់កម្ពុជា និងតួកគីយ៉េ អាចបំពេញបន្ថែមគ្នា ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងរួម ឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន។ កិច្ចសហប្រតិបត្តិការនេះ នឹងផ្តោតលើការចែករំលែកបទពិសោធន៍ និងចំណេះដឹង ការកសាងសមត្ថភាព និងការរួមចំណែកដល់សកម្មភាពមីនមនុស្សធម៌សកល៕




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣