ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ «AOT កែវភ្នែកនៃការពិត ដើម្បីការពារបទឈប់បាញ់ និងសន្តិភាព»
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះបានសរសេរបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក AOT គឺកែវភ្នែកនៃការពិត ដើម្បីការពារបទឈប់បាញ់ និងសន្តិភាពរវាងកម្ពុជា និងថៃ។
ឯកឧត្តមបានថ្លែងថា បទឈប់បាញ់មិនអាចការពារខ្លួនឯងបាននោះទេ! បើគ្មានការឃ្លាំមើល និងការផ្ទៀងផ្ទាត់ បទឈប់បាញ់អាចនៅសល់ត្រឹមតែជាការប្តេជ្ញាចិត្តលើក្រដាសប៉ុណ្ណោះ។ នេះហើយជាមូលហេតុដែលក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team-AOT) មានភាពចាំបាច់ក្នុងការរក្សាសន្តិភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តមរដ្ឋមន្រ្ដីបន្តថា នៅក្នុងស្ថានភាពព្រំដែនដែលមានភាពរសើប ឧបទ្ទវហេតុតូចមួយអាចក្លាយជាការចោទប្រកាន់ ការចោទប្រកាន់អាចបង្កើតភាពតានតឹង ហើយភាពតានតឹងអាចនាំទៅរកការប្រឈមមុខប្រដាប់អាវុធជាថ្មី។ AOT មានតួនាទីកាត់ផ្តាច់ខ្សែសង្វាក់គ្រោះថ្នាក់នេះ តាមរយៈការចុះសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍អង្គហេតុពីទីតាំងជាក់ស្តែង។
ឯកឧត្តមបន្ថែមថា នៅពេលមានការអះអាងផ្ទុយគ្នា សន្តិភាពមិនអាចពឹងផ្អែកលើពាក្យរបស់ភាគីណាមួយបានទេ។ សន្តិភាពត្រូវការអង្គហេតុដែលអាចផ្ទៀងផ្ទាត់បាន។ AOT ផ្តល់នូវ «កែវភ្នែកអព្យាក្រឹតនៅលើដី» ដែលជួយបំបែកអង្គហេតុចេញពីការអះអាង កាត់បន្ថយការយល់ច្រឡំ ទប់ស្កាត់ការគណនាខុស និងបង្កើនគណនេយ្យភាពចំពោះការអនុវត្តបទឈប់បាញ់។
ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់ថា ៖«សំខាន់ជាងនេះ AOT មិនមែនគ្រាន់តែចុះទៅកត់ត្រាអ្វីដែលបានកើតឡើងទេ។ វត្តមានរបស់ AOT គឺជាយន្តការបង្ការ។ នៅពេលសកម្មភាពនៅលើដីអាចត្រូវបានសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ វាជួយបង្កើនការប្រុងប្រយ័ត្ន ការអត់ធ្មត់ និងការទទួលខុសត្រូវរបស់គ្រប់ភាគី»។
ឯកឧត្តមបន្ថែមថា ហេតុនេះ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងដល់ AOT និងការពង្រឹងតួនាទីរបស់ក្រុមនេះ ដើម្បីអាចចូលទៅដល់ទីតាំងពាក់ព័ន្ធបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ ការផ្ទៀងផ្ទាត់ដែលមិនអាចទៅដល់ទីតាំង គឺជាការផ្ទៀងផ្ទាត់មិនពេញលេញ; បទឈប់បាញ់ដែលគ្មានការផ្ទៀងផ្ទាត់ប្រកបដោយប្រសិទ្ធភាព គឺជាបទឈប់បាញ់ដែលនៅតែងាយរងគ្រោះ។
ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងព័ត៌មានបញ្ជាក់ថា៖«នេះមិនមែនជាបញ្ហាថា AOT ឈរនៅខាងអ្នកណាទេ។ AOT ត្រូវឈរនៅខាងអង្គហេតុ នៅខាងបទឈប់បាញ់ និងនៅខាងសន្តិភាព។ AOT មិនមែនមានតួនាទីរង់ចាំមើលថាតើបទឈប់បាញ់នឹងបរាជ័យឬអត់ទេ។ តួនាទីរបស់ AOT គឺជួយកុំឱ្យវាបរាជ័យ ព្រោះបទឈប់បាញ់ដែលអាចជឿទុកចិត្តបាន ត្រូវតែអាចផ្ទៀងផ្ទាត់បាន។ ហើយអ្វីដែលអាចផ្ទៀងផ្ទាត់បាននៅលើដី គឺជាអ្វីដែលអាចជួយការពារសន្តិភាពបាន»៕












-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន5 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន1 week agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា
-
ព័ត៌មាន2 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់