Connect with us

ព័ត៌មាន

ក្រសួងប្រៃសណីយ៍ អំពាវនាវពលរដ្ឋបង្កើន​ការប្រុងប្រយ័ត្ន​ចំពោះការឆបោកតាមបណ្ដាញ​​សង្គមនានា​ ក្រោមរូបភាព “មើលវីដេអូ​ដើម្បី​ទទួលបានប្រាក់”

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអំពាវនាវ​ដល់​សាធារណជន​ទាំង​អស់​មេត្តា​បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្សព្វផ្សាយតាមរយៈ Facebook, TikTok និង​បណ្ដាញ​​សង្គមផ្សេងៗដែលអះអាងថា លោកអ្នកអាច​ទទួល​បាន​ទឹក​ប្រាក់​ដោយគ្រា​ន់​តែ​មើល​វីដេអូ ​ឬបំពេញតាមការណែនាំ។ នេះបើយោងតាមសេចក្ដីជូនដំណឹងបន្ទាន់របស់ ក.ប.ទ.។

ក្រសួងប្រៃសណីយ៍បានបន្តឲ្យដឹងទៀតថា ជនខិលខូចអាចប្រើប្រាស់ការផ្សព្វផ្សាយទាំងនេះ ក្នុង​បំណងទាក់ទាញឱ្យអ្នកប្រើប្រាស់ចុចលើតំណភ្ជាប់ ចូលរួមក្រុម (Join group) ទាក់ទងទៅគណនីណាមួយ ឬអនុវត្តតាមការណែនាំផ្សេងៗ ដោយបញ្ចូលព័ត៌មានគណនីធនាគារដើម្បីទទួលបានប្រាក់។ បន្ទាប់មក ជនខិលខូចអាចណែនាំឱ្យជនរងគ្រោះទាញយក ឬដំឡើងកម្មវិធីមេរោគ (Malware) ណាមួយ ដែលអាចមានសិទ្ធិគ្រប់គ្រងមុខងារមួយចំនួននៅលើទូរស័ព្ទ ឬកុំព្យូទ័ររបស់អ្នកប្រើប្រាស់ និងអាចលួចព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានគណនីធនាគារ លេខកូដ OTP លេខសម្ងាត់ (PIN) និងពាក្យសម្ងាត់(Password)។ ជនខិលខូចអាចប្រើប្រាស់ព័ត៌មាន ឬសិទ្ធិទាំងនោះ ដើម្បីលួចប្រាក់ ឬធ្វើប្រតិបត្តិការហិរញ្ញវត្ថុដោយគ្មានការអនុញ្ញាតពីម្ចាស់គណនី ដែលអាចបណ្ដាលឱ្យជនរងគ្រោះបាត់បង់ប្រាក់ពីគណនីដោយមិនដឹងខ្លួន។

ដើម្បីការពារខ្លួនពីហានិភ័យខាងលើសូមសាធារណជនទាំងអស់អនុវត្តវិធានដូចខាងក្រោម៖

– ត្រូវមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយនៅលើបណ្ដាញសង្គម។

– ត្រូវអាន និងពិនិត្យសិទ្ធិដែលកម្មវិធីស្នើសុំឱ្យបានច្បាស់លាស់មុនពេលចុច “យល់ព្រម” ឬ “អនុញ្ញាត”។

– កុំចុចលើតំណភ្ជាប់ ឬទាញយក និងដំឡើងកម្មវិធី ឬអនុវត្តតាមការណែនាំណាមួយ តាមរយៈការផ្សព្វផ្សាយ ពីប្រភពមិនច្បាស់លាស់។

– កុំភ្ជាប់គណនីធនាគារ ជាមួយកម្មវិធីដែលមិនគួរឱ្យទុកចិត្ត ឬមិនស្គាល់ប្រភព។

– កុំផ្តល់ព័ត៌មានសម្ងាត់ ដូចជាលេខសម្ងាត់ (PIN) ,លេខកូដ OTP ពាក្យសម្ងាត់ (Password) ឬព័ត៌មានគណនីធនាគារ តាមការស្នើសុំរបស់កម្មវិធី ឬជនមិនស្គាល់

ប្រសិនបើលោកអ្នកបានទាញយក ឬដំឡើងកម្មវិធីដែលគួរឱ្យសង្ស័យ សូមអនុវត្តវិធានដូចខាងក្រោម៖

– ទាក់ទងទៅកាន់ធនាគារភ្លាមៗ ដើម្បីបិទ ឬបង្កកគណនី ឬកាតរបស់អ្នក។

– រាយការណ៍ទៅកាន់អង្គភាពប្រឆាំងបទល្មើសបច្ចេកវិទ្យា (Anti-Cyber Crime) ដើម្បីចាត់វិធានការស៊ើបអង្កេត និងស្វែងរកដំណោះស្រាយជូនជនរងគ្រោះ។

– លុបកម្មវិធី (App) ឬ APK ចេញពីទូរស័ព្ទ ឬឧបករណ៍របស់អ្នកភ្លាមៗ។

– រក្សាទុកភស្តុតាង ដូចជា Screenshot, ឈ្មោះកម្មវិធី (App)ឬ APK និងប្រវត្តិប្រតិបត្តិការទាំងអស់។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្សព្វផ្សាយដែលទទួលបានពីជនខិលខូច ព្រមទាំងចៀសវាងការអនុវត្តតាមការណែនាំ ឬការទាញយក និងដំឡើងកម្មវិធីពីប្រភពដែលមិនអាចផ្ទៀងផ្ទាត់បាន៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia