ព័ត៌មាន
គណៈកម្មការជំនាញរដ្ឋសភា ពិនិត្យ និងពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ជាមួយតំណាងរាជរដ្ឋាភិបាល
ភ្នំពេញ៖ គណៈកម្មការមហាផ្ទៃ ការពារជាតិនិងមុខងារសាធារណៈ នៃរដ្ឋសភា (គណៈកម្មការទី៤) ដឹកនាំដោយ ឯកឧត្តម កែប ជុតិមា និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា(គណៈកម្មការទី៦)ដឹកនាំដោយ ឯកឧត្តម អង្គ វង្ស វឌ្ឍានា នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានជួបប្រជុំពិនិត្យនិងពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

កិច្ចប្រជុំមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកានៃគណៈកម្មការជំនាញនានារបស់រដ្ឋសភា និងសហការីពាក់ព័ន្ធជាច្រើនរូប។
ឯកឧត្តម សក់ សេដ្ឋា បានលើកឡើងថា ក្នុងរយៈពេលជាង ២៥ឆ្នាំកន្លងមក ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ- សង្កាត់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងអភិបាលកិច្ចថ្នាក់មូលដ្ឋាន និងការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបាន ការអនុវត្តជាក់ស្តែងក៏បានបង្ហាញពីបញ្ហាប្រឈមមួយចំនួន ដែលតម្រូវឱ្យមានការកែលម្អបទប្បញ្ញត្តិពាក់ព័ន្ធនឹងការកំណត់មុខតំណែងថ្នាក់ដឹកនាំរដ្ឋបាលឃុំ សង្កាត់ ដើម្បីបង្កើនប្រសិទ្ធភាព និងឯកភាពក្នុងការដឹកនាំ និងគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន។
ជាងនេះទៀត ឯកឧត្តមបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍នីតិរដ្ឋ ការគោរពរដ្ឋធម្មនុញ្ញ និងការពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយមិនមានគោលបំណងកែប្រែប្រព័ន្ធបោះឆ្នោត ឬរូបមន្តបែងចែកអាសនៈដែលមានចែងក្នុងច្បាប់ជាធរមានឡើយ។ ផ្ទុយទៅវិញ សេចក្តីព្រាងច្បាប់មានគោលបំណងកែលម្អការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ បន្ទាប់ពីការបោះឆ្នោត ដើម្បីធានាប្រសិទ្ធភាពនៃការដឹកនាំ និងការអនុវត្តការងាររដ្ឋបាល។
សូមជម្រាបថា៖សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋនៅថ្នាក់មូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាព និងឯកភាពក្នុងការដឹកនាំ និងគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ពង្រឹងស្ថិរភាព និងនិរន្តរភាពនៃការអនុវត្តគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍នៅមូលដ្ឋានបង្កើនគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងពង្រឹងសមត្ថភាពរដ្ឋបាលឃុំ-សង្កាត់ ក្នុងការឆ្លើយតបនឹងតម្រូវការ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
សេចក្តីព្រាងច្បាប់នេះ មានចំនួន ២មាត្រា។មាត្រាមួយ៖ ចែងអំពីការធ្វើវិសោធនកម្មដោយកែប្រែមាត្រាចំនួន ៤ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ -សង្កាត់ រួមមានមាត្រា៣៣ មាត្រា៣៤ មាត្រា៣៥ និងមាត្រា៣៨។មាត្រាពីរ៖ ចែងអំពីការអនុវត្តបទប្បញ្ញត្តិនៃច្បាប់នេះ ចាប់ពីការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់អាណត្តិទី៦ តទៅ។
បន្ទាប់ពីបានស្តាប់ការបំភ្លឺ និងពិភាក្សាយ៉ាងលម្អិតលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ឯកឧត្តម កែប ជុតិមា និងសមាជិក សមាជិកានៃគណៈកម្មការជំនាញនានារបស់រដ្ឋសភា បានសម្តែងការគាំទ្រសេចក្តីព្រាងច្បាប់នេះទាំងស្រុង ដោយពុំមានការកែប្រែនោះឡើយ។
ជាលទ្ធផល គណៈកម្មការទី៤និងគណៈកម្មការទី៦នឹងធ្វើសេចក្តីរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យ និងសម្រេចដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភា សម្រាប់ពិនិត្យ និងអនុម័តនាពេលខាងមុខ៕




-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន6 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន6 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន3 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
កីឡា1 week agoកម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក Koji ចាត់ទុកជាប្រកួតដ៏សំខាន់
-
ព័ត៌មាន1 week agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា