Connect with us

ព័ត៌មាន

សហជីព និងកម្មករកាត់ដេរ បង្ហាញក្តីសង្ឃឹមខ្ពស់លើការ​ដំឡើងប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២៧ ​មុនកិច្ចប្រជុំខែកញ្ញា

ខណៈកិច្ចចចារប្រាក់អប្បបរមាក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើ និង​ផលិត​ផលិត​ផល​ធ្វើ​ដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៧ នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែកញ្ញាខាងមុខ។ នៅ​មុន​កិច្ច​ប្រជុំផ្លូវការមកដល់ ភាគីសហជីព និងកម្មករនិយោជិត បានបង្ហាញក្តីរំពឹង និងជឿ​ជាក់​យ៉ាង​មុត​មាំ​ថា ភាគីពាក់ព័ន្ធនឹងសម្រេចបាននូវលទ្ធផលវិជ្ជមាន ជាមួយនឹងការ​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែម​ទៀត ដើម្បីជួយសម្រាលបន្ទុកជីវភាព។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា (NLC) នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៤ ខែសីហានេះ បានលើកឡើងថា ការរំពឹងទុកនូវផលវិជ្ជមាននេះ គឺផ្អែកទៅលើស្ថានភាពកត្តាសេដ្ឋកិច្ច ការបញ្ជាទិញពីខាងក្រៅ ក៏ដូចជាបង្កើនការផលិតរបស់រោងចក្រនីមួយៗ ហើយរោងចក្រខ្លះមានធ្វើការបន្ថែមម៉ោង ការនាំចេញក៏មានការទៀងទាត់ជាដើម។ លោកបន្តថា អាចនិយាយជារួមបានថា ស្ថានភាពវិស័យកាត់ដេរក្នុងឆ្នាំនេះអាចមានភាពប្រក្រតីទៅលើការផលិត ហើយក៏មានការបន្ថែមនូវការបង្កើតបានរោងចក្រថ្មីៗបន្ថែមទៀត ហើយនិងការជ្រើសរើសកម្លាំងពលកម្ម។ ជាក់ស្តែង ក្នុងពេលបច្ចុប្បន្ននេះ ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៍ជាបន្តបន្ទាប់អំពីតម្រូវការកម្លាំងពលកម្មលើគ្រប់វិស័យចំនួនជាង ៩ម៉ឺននាក់ ដើម្បីបំពេញការងារក្នុងបណ្តារោងចក្រ សហគ្រាសនៅទូទាំងប្រទេស។

ជួបសម្ភាសន៍ជាមួយកម្មករ កម្មការិនី រោងចក្រកាត់ដេរសម្លៀកបំពាក់មួយ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រុមកម្មករបាននិយាយប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងស្រដៀងគ្នាថា ក្រោយចូលបំពេញការងារក្នុងវិស័យកាត់ដេរជាច្រើនឆ្នាំមកនេះ ប្រាក់ឈ្នួលដែលទទួលបានតែងតែតម្លើងជារៀងរាល់ឆ្នាំ។ ពួកគាត់នៅតែរំពឹងទៀតថា នឹងទទួលបានការដំឡើងប្រាក់ឈ្នួលអប្បរបមាបន្តទៀតសម្រាប់ឆ្នាំ២០២៧ ដោយសារមើលឃើញថា ការងារមានរាល់ថ្ងៃ និងពេលខ្លះត្រូវថែមម៉ោងទៀតផងដើម្បីពន្លឿនទំនិញជូនភ្ញៀវបញ្ជាទិញ ជាពិសេសជឿជាក់លើការដឹកនាំដ៏ល្អរបស់សម្តេចនាយករដ្ឋមន្រ្តីបច្ចុប្បន្ន។

ក្រុមកម្មករ ក៏មិនបានភ្លេចនូវការថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាល ដែលខិតខំប្រឹងប្រែងទាក់ទាញវិនិយោគថ្មីៗឱ្យមកបង្កើតជារោងចក្រ សហគ្រាសនៅកម្ពុជា ដើម្បីផ្តល់នូវឱកាសការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ដើម្បីផ្តត់ផ្គង់ជីវភាពរស់នៅ ក៏ដូចជាការផ្តល់នូវអត្ថប្រយោជន៍ជាច្រើនផ្សេងៗទៀតដល់ប្រជាពលរដ្ឋគ្រប់រូបផងដែរ។

គិតត្រឹមឆ្នាំ២០២៦នេះ ប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិត មានចំនួន ២១០ដុល្លារអាម៉េរិក ក្នុងមួយខែៗ។ សព្វថ្ងៃនេះ ក្រៅពីប្រាក់ឈ្នួលអប្បបរមា កម្មករនិយោជិតទទួលបានបន្ថែមនូវប្រាក់ប្រយោជន៍ផ្សេងៗទៀត ដូចជារង្វាន់ធ្វើការទៀងទាត់ ,ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ និងប្រាក់រង្វាន់អតីតភាពការងារជាដើម។ ក្រៅពីនេះ កម្មករនិយោជិត ក៏ទទួលបានផលប្រយោជន៍ពីកម្មវិធីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ផងដែរ ក្នុងករណីជាសមាជិក ប.ស.ស ដូចជា ផ្នែកថែទាំសុខភាពនិងគ្រោះថ្នាក់ការងារ និងរបបប្រាក់សោធនជាដើម៕ អត្ថបទ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia