Connect with us

ព័ត៌មាន

នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បន្តចុះបង្ក្រាបទីតាំងឈ្មោះ «ដារ៉ា៧២» ពាក់ព័ន្ធករណីសង្ស័យបង្កប់សកម្មភាពកេងប្រវ័ញ្ចផ្លូវភេទលើអនីតិជន

ភ្នំពេញ៖ កម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះប្រតិបត្តិការឆ្មក់ត្រួតពិនិត្យ និងឡោមព័ទ្ធទីតាំងហាងមួយកន្លែងឈ្មោះ «ដារ៉ា៧២» ឃាត់ខ្លួនមនុស្សចំនួន១៨នាក់ ពាក់ព័ន្ធករណីសង្ស័យបង្កប់សកម្មភាពកេងប្រវ័ញ្ចផ្លូវភេទលើអនីតិជន (ពេស្យាចារកុមារ)។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពី វេលាយប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានបទបញ្ជា ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការរដឹកនាំសម្របសម្រួលនីតិវិធីពីលោកស្រីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងការដឹកនាំផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កម្លាំងជំនាញនៃនាយកដ្ឋាន សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះប្រតិបត្តិការឆ្មក់ត្រួតពិនិត្យ និងឡោមព័ទ្ធទីតាំងហាងមួយកន្លែងឈ្មោះ «តារា៧២» មានទីតាំងស្ថិតនៅផ្លូវលូប្រាំ ភូមិទ្រា៤ សង្កាត់មានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្សចំនួន១៨នាក់ ក្នុងនោះមានអនីតិជន ចំនួន៣នាក់ ដើម្បីធ្វើការសាកសួរ និងកំណត់អត្តសញ្ញាណ។

មន្រ្តីនគរបាលជំនាញបានបញ្ជាក់ថា ចំពោះជនរងគ្រោះបន្ទាប់ពីបញ្ចប់ការសាកសួររួចរាល់នឹងត្រូវបញ្ជូនទៅកាន់មន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ដើម្បីទទួលបានការគាំពារ និងកិច្ចគាំទ្រនានាតាមផ្លូវច្បាប់ ចំណែកជនសង្ស័យនឹងត្រូវបញ្ជូនទៅតុលាកាដើម្បីបន្តនីតិវិធី។

អគ្គស្នងការដ្ឋាននគរបាលជាតិ និងនាយកដ្ឋានប្រឆាំងអំពើជួញដូរមនុស្ស និងការពារអនីតិជន សូមក្រើនរំលឹកដល់ម្ចាស់អាជីវកម្ម និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវតែចូលរួមអនុវត្តច្បាប់ និងមិនអនុញ្ញាតឱ្យមានការប្រើប្រាស់អនីតិជនក្នុងគ្រប់ទម្រង់នៃកេងប្រវ័ញ្ចផ្លូវភេទ និងការងារធ្ងន់ធ្ងរឡើយ។

សកម្មភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជួញដូរមនុស្ស និងការកេងប្រវ័ញ្ចលើអនីតិជន នឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារសុវត្ថិភាព និងអនាគតរបស់កុមារកម្ពុជាអនុលោមតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ។

សូមរាយការណ៍មកលេខទូរស័ព្ទទាន់ហេតុការណ៍ ១២៨៨ ក្នុងករណីសង្ស័យមានអំពើកេងប្រវ័ញ្ចគ្រប់ទម្រង់លើអនីតិជន៕ អត្ថបទ៖ កុម្ភៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia