ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖ «ការអនុវត្តសាកល្បងលើកលែងទិដ្ឋាការជូនពលរដ្ឋចិន ជាចលករនៃការអនុវត្តឆ្នាំទេសចរណ៍ កម្ពុជា-ចិន»
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរនិងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស ហៅថា គ.អ.ច.ទ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង គ.អ.ច.ទ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារជាក់ស្តែង នៃការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន។

កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង ដើម្បីវាយតម្លៃអំពីចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម នៃការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ក្នុងរយៈពេលជិត២ខែកន្លងមកនេះ (១៥ មិថុនា – ១៤ សីហា) ដើម្បីស្វែងរកដំណោះស្រាយសមស្របក្នុងការជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់។
កិច្ចប្រជុំនេះ បានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, តំណាងទីស្តីការគណៈរដ្ឋមន្ត្រី, រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, អគ្គនាយកដ្ឋានអន្តោប្រវេសន៍, អគ្គស្នងការដ្ឋាននគរបាលជាតិ, ក្រសួង ស្ថាប័នពាក់ព័ន្ធ, និងវិស័យឯកជន ដែលមានសហព័ន្ធទេសចរណ៍កម្ពុជា, សមាគមទេសចរណ៍កម្ពុជា, សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា សរុបចំនួន ៤២រូប ។
យោងរបាយការណ៍របស់គ្រឹះស្ថានអង្គរ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ ថ្ងៃទី១២ ខែសីហា ទេសចរចិនដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានការកើនឡើងប្រមាណ ១៣,២៣% ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥។ តួលេខនេះ ពិតជាបានបង្ហាញអំពីទំនុកចិត្ត និងភាពជឿជាក់របស់ទេសចរនិងវិនិយោគិនចិន មកលើកម្ពុជាដែលជាគោលដៅទេសចរណ៍សុខសុវត្ថិភាព មានភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅ។
ដំណើរការសាកល្បងនៃការលើកលែងទិដ្ឋាការជូនដល់ពលរដ្ឋចិន ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា គឺជាជំហានយុទ្ធសាស្ត្រមួយក្នុងការទាក់ទាញលំហូរភ្ញៀវទេសចរ និងវិនិយោគិនចិនមកកាន់កម្ពុជាឱ្យបានកាន់តែច្រើន។
តាមរយៈកិច្ចប្រជុំកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានផ្តល់ការអនុញ្ញាតជាគោលការណ៍ ក្នុងការបង្កើត«បញ្ជរព័ត៌មាន» នៅតាមច្រកទ្វារអន្តរជាតិ ដើម្បីសម្របសម្រួល និងផ្តល់ព័ត៌មានជូនភ្ញៀវទេសចរនៅក្នុងអំឡុងពេលនៃការអនុវត្តគោលនយោបាយសាកល្បង និងប្រើប្រាស់យន្តការ គ.អ.ច.ទ. ដឹកនាំនិងសម្របសម្រួលការងារនេះឱ្យប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព៕ អត្ថបទ៖ ធូ វិរៈ











-
PR NEWS4 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន7 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន7 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន4 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
កីឡា1 week agoកម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក Koji ចាត់ទុកជាប្រកួតដ៏សំខាន់
-
ព័ត៌មាន1 week agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា
-
ព័ត៌មាន5 days agoករណីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រើប្រាស់វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត ក្រសួងអប់រំប្រកាសចាត់វិធានការណ៍តាមគោលការណ៍ជាធរមាន