Connect with us

ព័ត៌មាន

សារគន្លឹះរបស់នាយកប្រចាំតំបន់ WHO៖ «បន្តបោះជំហានទៅមុខ ដើម្បីសុខុមាលភាពប្រជាជន»

សាររបស់នាយកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច WHO ៖ «បើមិនអាចហោះបានទេ យើងត្រូវរត់ បើមិនអាចរត់បានទេ យើងត្រូវដើរ បើនៅតែមិនអាចដើរបានទៀត យើងត្រូវប្រឹងលូន ពោលគឺយើងត្រូវតែនៅបន្តបោះជំហានទៅមុខជាប្រចាំ (Keep moving) ដើម្បីលើកកម្ពស់សុខភាព សុខុមាលភាពប្រជាជន បើទោះជាជួបប្រទះបញ្ហាយ៉ាងណាក៏ដោយ»។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ឯកឧត្តមវេជ្ជបណ្ឌិត សាយ៉ា ម៉ាអ៊ូព្យូកាលា (Saia Ma’u Piukala) នាយកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៃអង្គការសុខភាពពិភពលោក (WHO) បានអញ្ជើញចុះទស្សនកិច្ចស្វែងយល់ពីការផ្តល់សេវាថែទាំសុខភាព នៅមណ្ឌលសុខភាពគោកចក ខេត្តសៀមរាប នាថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦។

ទស្សនកិច្ចនេះ ស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់លើ «ការថែទាំសុខភាពបឋម ក្នុងសហគមន៍» (Primary Health Care) ដែលជាគ្រឹះចម្បងនៃប្រព័ន្ធសុខាភិបាល សំដៅពង្រឹងការបង្ការជំងឺ ការអប់រំសុខភាព និងការពិនិត្យព្យាបាលជំងឺនៅតាមមូលដ្ឋានសុខាភិបាល ដែលនៅកៀកជិតប្រជាពលរដ្ឋបំផុត​។

ក្នុងឱកាសនោះ ឯកឧត្តមនាយកប្រចាំតំបន់ បានអបអរសាទរមណ្ឌលសុខភាពគោកចក ដែលទទួលបានជ័យលាភី ជា«មណ្ឌលសុខភាពគំរូ» ដែលជាផ្លែផ្កានៃភាពជាអ្នកដឹកនាំ ការប្តេជ្ញាចិត្ត និងកិច្ចសហការជិតស្និទ្ធជាមួយសហគមន៍។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រី និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំពង្រឹងសុខភាពសហគមន៍ ដោយផ្តោតលើការថែទាំសុខភាពបឋម និង «ការគ្របដណ្តប់សុខភាពជាសកល» (Universal Health Coverage – UHC) ដើម្បីខិតខំនាំសេវាឱ្យកាន់តែជិតទីលំនៅ និងកន្លែងធ្វើការរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម នាយកប្រចាំតំបន់ បានបញ្ជាក់ថា៖ ការគ្របដណ្តប់សុខភាពជាសកល មានគោលការណ៍សាមញ្ញ គឺប្រជាពលរដ្ឋរស់នៅទីណា សេវាសុខាភិបាលត្រូវតែមាននៅទីនោះ។ ក្នុងនាមជាមន្ត្រីសុខាភិបាល យើងអាចញញឹមដោយមោទនភាពនៅចុងបញ្ចប់នៃថ្ងៃនីមួយៗ ដោយសារយើងបានសង្គ្រោះ និងលើកកម្ពស់គុណភាពជីវិតប្រជាជន។ ជោគជ័យនៃវិស័យសុខាភិបាល មិនមែនវាស់វែងត្រឹមក្នុងមន្ទីរពេទ្យឡើយ ប៉ុន្តែគឺវាស់លើសុខុមាលភាពជាក់ស្តែងក្នុងសហគមន៍។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានលើកឡើងថា៖ បន្ទាប់ពីបានជួបពិភាក្សានៅការិយាល័យកណ្តាល និងក្នុងកិច្ចប្រជុំថ្នាក់តំបន់ យើងពិតជាមានកិត្តិយសយ៉ាងក្រៃលែងដែលបានទទួលស្វាគមន៍ ឯកឧត្តមនាយកប្រចាំតំបន់ (Regional Director) ចុះមកសហគមន៍ផ្ទាល់នៅកម្ពុជា។ ជំនួបនៅកម្រិតមូលដ្ឋាននេះ គឺបានស្តែងចេញនូវសកម្មភាពជាក់ស្តែង ក្នុងការប្រែក្លាយគោលនយោបាយឱ្យទៅជាលទ្ធផលពិតប្រាកដ។ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីទិដ្ឋភាពជាក់ស្តែងនៃស្ត្រីមានផ្ទៃពោះម្នាក់ដែលមកទទួលសេវា ដែលបង្ហាញពីទំនុកចិត្តយ៉ាងមុតមាំលើសេវាសុខាភិបាលនៅជិតផ្ទះ។

ជាកិច្ចបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវមោទនភាព និងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះមន្ត្រីសុខាភិបាលទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត បម្រើសេវាជូនប្រជាពលរដ្ឋដោយបេះដូង និងវិជ្ជាជីវៈខ្ពស់៕ អត្ថបទ រដ្ឋា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia