ព័ត៌មាន
កម្ពុជាតវ៉ាប្រឆាំងសកម្មភាពបែងចែកដីខុសច្បាប់របស់ថៃនៅភូមិជោគជ័យ
រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាប្រឆាំងជាផ្លូវនឹងការបន្តរំលោភបំពានដោយប្រទេសថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាតាមបណ្តោយព្រំដែន។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរថៃ បានធ្វើការរបងរចែកដីធ្លីមួយជុំថ្មីទៀតដល់ពលរដ្ឋថៃនៅក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៤៥ និង៤៧។ សកម្មភាពរដ្ឋបាលខុសច្បាប់នេះ គឺជាការប៉ុនប៉ងយ៉ាងជាក់ច្បាស់ដើម្បីធ្វើឱ្យស្របច្បាប់នូវការកាន់កាប់ខុសច្បាប់របស់ថៃនៅក្នុងតំបន់នេះ ខណៈពេលដែលគេបដិសេធសិទ្ធិក្នុងការវិលត្រឡប់ដោយសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ដែលត្រូវបានបណ្តេញចេញដោយបង្ខំពីលំនៅឋាន និងស្រែចម្ការរបស់គេនៅក្នុងតំបន់នោះ។
ក្រសួងការបរទេស បានបញ្ជាក់ថា សកម្មភាពដែលបានរៀបរាប់ខាងលើនេះ ធ្វើឱ្យប៉ះពាល់ដល់ដំណើរការការងារកំណត់ខណ្ឌសីមាព្រំដែន ដែលអនុវត្តដោយគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ ហើយបានរំលោភលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការវាស់វែង និងការកំណត់ខណ្ឌសីមាព្រំដែនគោក ដែលកម្ពុជា និងថៃ បានចុះហត្ថលេខា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ កំណត់ហេតុនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងចំណុចទី១ (វិធានការកាត់បន្ថយភាពតានតឹង) នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
កម្ពុជាសូមបញ្ជាក់ជាថ្មីពីការមិនទទួលយកខ្សែព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃ ហើយសកម្មភាពដែលបានរៀបរាប់ខាងលើ នឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជា ពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិនៃខ្លួនឡើយ។ កម្ពុជាជំរុញឱ្យប្រទេសថៃបញ្ឈប់ការបន្តធ្វើសកម្មភាពនៅក្នុងតំបន់ដែលបានរៀបរាប់ខាងលើ ក៏ដូចជាតំបន់ផ្សេងទៀត ដែលកងកម្លាំងប្រដាប់អាវុធថៃបានកាន់កាប់ដោយខុសច្បាប់ ចាប់តាំងពីឆ្នាំមុនមក ដើម្បីបន្ធូរបន្ថយស្ថានការណ៍តានតឹង លើកកម្ពស់ទំនុកចិត្តទៅវិញទៅមក និងសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី សំដៅស្ដារសន្តិភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។
កម្ពុជាបន្តរក្សានូវការប្ដេជ្ញាចិត្តដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលមានស្រាប់ ដោយប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែព្រំដែនមិនត្រូវផ្លាស់ប្ដូរដោយកម្លាំងនោះឡើយ៕ អត្ថបទ៖ វ៉ាន់


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣