Connect with us

ព័ត៌មាន

ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានធ្វើការណែនាំនិងក្រើនរំលឹកដល់មន្រ្តីគណបក្សថ្នាក់មូលដ្ឋានទាំងអស់ ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាជាងមុនក្នុងការបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាននិងធ្វើយ៉ាងណាឱ្យមានភាពស្និទ្ធស្នាលរវាងប្រជាពលរដ្ឋនិងមន្ត្រីគណបក្សរបស់យើង។

នៅក្នុងឱកាសអញ្ជើញចូលរួមលើកស្លាកគណបក្ស និងជួបសំណេះសំណាលជាមួយសមាជិកគណបក្សឃុំទាំង១៥ ក្នុងស្រុកបាទី នៅសាលប្រជុំគណបក្សស្រុកបាទី នាព្រឹកថ្ងៃសៅរិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦។

ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា ប្រទេសជាតិមានការរីកចម្រើនរហូតដល់សព្វថ្ងៃនេះគឺដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា។ រយៈពេលជាង៤០ឆ្នាំ កម្ពុជាបានប្រែប្រួលហួសពីការស្មាន ពោលកម្ពុជាបានប្រែក្លាយពីប្រទេសដែលមានសង្រ្គាមបង្ហូរឈាមគ្នាទៅជាប្រទេសដែលមានសុខសន្តិភាព ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចកើនឡើងជារៀងរាល់ឆ្នាំ។ ការប្រែប្រួលទាំងអស់នេះនិងមិនបានកើតមានឡើងនោះទេ បើសិនគ្មានការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមប្រធានគណបក្សខេត្តតាកែវបានមានប្រសាសន៍បន្តទៀតថា ដោយសារតែប្រទេសជាតិ មានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅកាន់តែមានជីវភាពធូធារ ទើបបងប្អូនប្រជាពលរដ្ឋបន្តបោះឆ្នោត គាំទ្រដល់គណបក្សប្រជាជនកម្ពុជាគាំទ្រភ្លូកទឹកភ្លូកដីពីមួយអាណត្តិទៅមួយអាណត្តិ។

ដូច្នេះដើម្បីតបស្នងសងគុណដល់ម្ចាស់ឆ្នោត គប្បីសមាជិកគណបក្សទាំងអស់ត្រូវប្រឹងប្រែងបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនអោយអស់ពីសមត្ថភាពតាមរយៈការបម្រើសេវាជូនពួកគាត់អោយបានទាន់ពេលវេលា ត្រូវដឹងពីសុខទុក្ខប្រជាពលរដ្ឋជាពិសេសត្រូវជួយដោះស្រាយរាល់ទុក្ខលំបាកនិងសេចក្ដីត្រូវការផ្សេងៗរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia