ព័ត៌មាន
មន្ត្រីរាជការខេត្តកំពតជាង ១.៤ ពាន់នាក់ទទួលមេដាយការងារ ជាការទទួលស្គាល់ការលះបង់បម្រើជាតិ
មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៅខេត្តកំពតចំនួន ១ ៤៥២នាក់បន្ថែមទៀត បានទទួលការបំពាក់មេដាយការងារពីរាជរដ្ឋាភិបាល ដើម្បីជាការទទួលស្គាល់ និងលើកទឹកចិត្តចំពោះការខិតខំបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋកន្លងមក ខណៈអភិបាលខេត្តកំពតជំរុញឱ្យមន្ត្រីដែលទទួលបានមេដាយ បន្តពង្រឹងសមត្ថភាព និងបំពេញការងារជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់មេដាយការងារជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលស្រុកចំនួន៥ រួមមាន ស្រុកបន្ទាយមាស អង្គរជ័យ ឈូក ជុំគិរី និងដងទង់ នៅសាលសន្និសីទបូកគោ សាលាខេត្តកំពត។
មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា ការផ្តល់មេដាយការងារដល់មន្ត្រីរាជការ គឺជាការយកចិត្តទុកដាក់ និងការវាយតម្លៃចំពោះការខិតខំបំពេញតួនាទី និងភារកិច្ចរយៈពេលចាប់ពី១០ឆ្នាំឡើងទៅ ក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋ។ សម្រាប់ខេត្តកំពត មន្ត្រីដែលត្រូវទទួលមេដាយការងារសរុបមានចំនួន ២ ៣០២នាក់ ក្នុងនោះស្រី ១ ២៥២នាក់ ដែលរួមមានមន្ត្រីរដ្ឋបាលក្រុង-ស្រុក មន្ត្រីសុខាភិបាល និងមន្ត្រីអប់រំ។
ឯកឧត្តមអភិបាលខេត្តបានចាត់ទុកការទទួលបានមេដាយការងារនេះថា ជាមោទនភាពមួយសម្រាប់មន្ត្រីរាជការ ព្រោះវាបង្ហាញពីការទទួលស្គាល់ចំពោះរយៈពេល និងការខិតខំប្រឹងប្រែងរបស់មន្ត្រីម្នាក់ៗក្នុងការបំពេញតួនាទីតាមជំនាញវិជ្ជាជីវៈ និងចូលរួមបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន។
ជាមួយគ្នានេះ ឯកឧត្តម ម៉ៅ ធនិន បានជំរុញឱ្យមន្ត្រីដែលទទួលបានមេដាយការងារនាពេលនេះ មិនត្រឹមតែចាត់ទុកមេដាយជាកិត្តិយសសម្រាប់ការងារកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែត្រូវយកវាជាកម្លាំងចិត្ត ដើម្បីបន្តខិតខំលើកកម្ពស់សមត្ថភាព និងគុណភាពការងារ ពិសេសការបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរថែមទៀត។
ឯកឧត្តមបានបញ្ជាក់ថា ការលើកទឹកចិត្តតាមរយៈការផ្តល់មេដាយការងារ គឺជាការគិតគូររបស់រាជរដ្ឋាភិបាលចំពោះមន្ត្រីដែលបានលះបង់ពេលវេលា កម្លាំងកាយ និងកម្លាំងចិត្តក្នុងការបំពេញភារកិច្ច ហើយមន្ត្រីគ្រប់រូបគួរបន្តរក្សាស្មារតីទទួលខុសត្រូវ និងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងប្រកបដោយវិជ្ជាជីវៈ។
សូមបញ្ជាក់ថា ពិធីនេះជាលើកទី២ ដែលរដ្ឋបាលខេត្តកំពតបានរៀបចំបំពាក់មេដាយការងារជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា។ លើកទី១ មានចំនួន ៨៥០នាក់ ក្នុងនោះស្រី ៤៩២នាក់ ខណៈលើកទី២នេះមានចំនួន ១ ៤៥២នាក់ ក្នុងនោះស្រី ៧៦៣នាក់។ សរុបទាំងពីរលើក មន្ត្រីដែលបានទទួលមេដាយការងារមានចំនួន ២ ៣០២នាក់ ក្នុងនោះស្រី ១ ២៥២នាក់៕




-
PR NEWS5 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន1 week agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
កីឡា1 week agoកម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក Koji ចាត់ទុកជាប្រកួតដ៏សំខាន់
-
ព័ត៌មាន6 days agoករណីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រើប្រាស់វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត ក្រសួងអប់រំប្រកាសចាត់វិធានការណ៍តាមគោលការណ៍ជាធរមាន
-
ព័ត៌មាន1 week agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា
-
ព័ត៌មាន1 week agoវិទ្យាស្ថាន PCCFPI ខេត្ដព្រះសីហនុ ផ្ដល់អាហារូបករណ៍ជិត ២ពាន់កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ តាមរយៈកម្មវិធី TVET 1.5M