ព័ត៌មាន
រដ្ឋមន្ដ្រីទេសចរណ៍ កោតសរសើរឆន្ទៈកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិ ក្រោយរួមគ្នាជិះកង់ដើម្បីផ្សព្វផ្សាយទេសចរណ៍ភ្នំដា
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះឆន្ទៈរបស់កីឡាករ-កីឡាការិនី ទាំងជាតិ និងអន្ដរជាតិ ដែលបានរួបរួមគ្នាចូលរួមជិះកង់ ដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា ពិសេសនៅតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ដ្រ នៃប្រាសាទភ្នំដា។
ការកោតសរសើរនេះ បន្ទាប់ពីសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ ភ្នំដា ព្រមជាមួយក្លឹបជិះកង់អូដាកកម្ពុជា និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានសហការគ្នារៀបចំព្រឹត្តិការណ៍ «ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា និងការសិក្សា» ដោយចេញដំណើរពីវិមានឯករាជ្យ រាជធានីភ្នំពេញ ឆ្ពោះទៅប្រាសាទភ្នំដា ស្ថិតនៅស្រុកអង្គរបូរី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ដោយទាក់ទាញកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិចូលរួមលើសការរំពឹងសរុបចំនួន ៨០០នាក់។

ឯកឧត្តម ហួត ហាក់ បានចាត់ទុកនេះគឺជាព្រឹត្តិការណ៍កីឡាទេសចរណ៍ថ្មីមួយទៀត ដែលមានការចូលរួមសហការ និងគាំទ្រពីក្រសួង-ស្ថាប័នជាច្រើន ក្នុងគោលដៅការផ្សព្វផ្សាយ និងជំរុញភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ឲ្យធ្វើដំណើរកម្សាន្ដ នៅតាមរមនីយដ្ឋាន និងតំបន់សក្ដានុពលទេសចរណ៍សំខាន់ៗនានា ពិសេសកំឡុងរដូវកាលបៃតងនេះតែម្ដង។
បន្ថែមលើនេះ ឯកឧត្តមបានកោតសរសើរនូវឆន្ទៈរបស់កីឡាករ-កីឡាការិនីទាំង ៨០០នាក់ ក្នុងនោះក៏មានជនបរទេសមកពីច្រើនសញ្ជាតិ ដូចជាបារាំង រុស្ស៊ី អាមេរិក វៀតណាម ចិន អាល្លឺម៉ង់ និងជប៉ុនជាដើម ដែលបានរួមគ្នាបង្ហាញនូវទឹកចិត្តស្នេហាវិស័យកីឡា ក៏ដូចជាទឹកចិត្តប្ដេជ្ញាដើម្បីលើកស្ទួយវិស័យទេសចរណ៍កម្ពុជា តាមរយៈព្រឹត្តិការណ៍ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា និងការសិក្សា ដែលើសពីព្រឹត្តិការណ៍កីឡាធម្មតា តែបានផ្សារភ្ជាប់នឹងការផ្សព្វផ្សាយវិស័យទេសចរណ៍ ការលើកកម្ពស់វប្បធម៌ អរិយធម៌ និងបរិស្ថាន តាមរយៈការដាំកូនក្ងោកចំនួន ៦០០ដើម និងកម្មវិធីមនុស្សធម៌ តាមរយៈការរួមគ្នាផ្ដល់ជូននូវសម្ភារសិក្សាដល់សិស្សានុសិស្សទៀតផង។
ជាមួយព្រឹត្តិការណ៍កីឡាផ្សារភ្ជាប់ទេសចរណ៍ និងសប្បុរសធម៌នេះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ ភ្នំដា សហការជាមួួយក្លិបអូដាកកម្ពុជា ដោយបានការគាំទ្រពីភាគីពាក់ព័ន្ធជាច្រើន ពិសេសក្រសួងទេសចរណ៍ ពិតជាបានរួមចំណែកជំរុញការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្ដរជាតិកាន់តែច្រើន។ ក្រោយព្រឹត្តិការណ៍ជិះកង់មកកាន់ប្រាសាទភ្នំដានេះ ឯកឧត្តមសង្ឃឹមថានឹងធ្វើឲ្យប្រជាពលរដ្ឋ ទាំងក្នុង និងក្រៅប្រទេសបានស្គាល់កាន់តែទូលំទូលាយពីទឹកដីកំណើតដំបូងនៃព្រះរាជាណាចក្រកម្ពុជានេះ ហើយចូលរួមធ្វើដំណើរកម្សាន្ដ ខណៈសហគមន៍មានផលិតផលជាច្រើនរង់ចាំស្វាគមន៍ទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ។
គួរដឹងថា នេះជាលើកដំបូងហើយ ដែលសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ ភ្នំដា សហការជាមួយក្លឹបជិះកង់អូដាកកម្ពុជា និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានរៀបចំព្រឹត្តិការណ៍ «ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា និងការសិក្សា» ដែលមានចម្ងាយទៅមកពីរាជធានីភ្នំពេញ ទៅកាន់ប្រាសាទភ្នំដា ចម្ងាយ ១៧៩គីឡូម៉ែត្រ ក្នុងគោលបំណងបំផុសចលនាកីឡាដើម្បីសុខភាព មិត្តភាព សាមគ្គីភាព ផ្សារភ្ជាប់សកម្មសប្បុរសធម៌ និងជួយលើកកម្ពស់ការផ្សព្វផ្សាយតំបន់ទេសចរណ៍ប្រវត្តិសាស្ដ្រ ប្រាសាទភ្នំដា។
ក្រោយចេញដំណើរពីរាជធានីភ្នំពេញ ដោយមានការអញ្ជើញសំណេះសំណាល និងជិះកង់ជូនដំណើរពីឯកឧត្តម ហួត ហាក់ ក្បួនកង់បានធ្វើដំណើរដល់គោលដៅដោយសុវត្ថិភាព និងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីអាជ្ញាធរខេត្តតាកែវ ។ បន្ទាប់មកក៏មានការចែកកង់ចំនួន ២០ និងសម្ភារសិក្សាដល់សិស្សានុសិស្សជាង ៤០០នាក់ មកពីសាលាបឋមសិក្សាចំនួន ៤ ព្រមទាំងកម្មវិធីដាំកូនក្ងោកចំនួន ៦០០ដើម ក្រោមវត្តមានឯកឧត្តម វ៉ី សំណាង, ឯកឧត្តម ហេង សុខចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកត្តម ដួង វីរ័ត្ន អនុប្រធានប្រចាំការនៃក្រោមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល ព្រមទាំងមន្ដ្រី និងកីឡាករ-កីឡាការិនីជាតិជាច្រើនផងដែរ៕








-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន7 days agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ