ព័ត៌មាន
សម្ដេចធិបតី៖ បើប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដសូមចុះឈ្មោះជាមួយអជ្ញាធរមូលដ្ឋានដើម្បីទទួលបានដី ចៀសវាងការកាប់ទន្ទ្រានដីព្រៃដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលអត់ដីពិតប្រាកដ សូមចុះឈ្មោះជាមួយអជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានដីចៀសវាងការកាប់ទន្ទ្រានដីព្រៃដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ។
សម្ដេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលមានកម្មវិធីសម្រាប់ផ្តល់ដីជូនប្រជាពលរដ្ឋដែលអត់មានដីពិតប្រាកដ ដូចជាកម្មវិធី «គម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច»-LASED (Land Allocation for Social and Economic Development), កម្មវិធីផ្តល់ដីសង្គមកិច្ចជូនអតីតយុទ្ធជន, កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ។ល។ ដែលបានផ្តល់ដីជូនប្រជាពលរដ្ឋរាប់ពាន់គ្រួសារកន្លងមកហើយ។
សម្ដេចធិបតីបានថ្លែងថា៖«ហេតុដូច្នេះ បើប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដ សូមចុះឈ្មោះជាមួយអជ្ញាធរមូលដ្ឋាន ចៀសវាងការកាប់ទន្ទ្រានដីព្រៃដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ»។
សម្ដេចធិបតី បានថ្លែងបញ្ជាក់បែបនេះ តាមរយៈការចែករំលែកបន្ត វីដេអូសកម្មភាព ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ចុះពិនិត្យការកាយក្រវ៉ាត់ព្រំដីរបស់រដ្ឋ នៅឃុំបឹងល្វា ស្រុកសន្ទុកខេត្តកំពង់ធំ។
សូមជម្រាបថា នៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ «គោលនយោបាយផ្ដល់ដីសម្បទានសង្គមកិច្ច» ជាយន្តការគន្លឹះដ៏សំខាន់ ដើម្បីដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋក្រីក្រ សហគមន៍ជនជាតិដើមភាគតិច និងអ្នកដែលខ្វះខាតដីពិតប្រាកដ។ គោលនយោបាយនេះត្រូវបានអនុវត្តស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (មុំទី៤ នៃបញ្ចកោណទី៤) របស់រដ្ឋាភិបាល ដោយផ្តោតលើកម្មវិធីសំខាន់ៗដូចជា៖ ១. គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED III) ដែលរាជរដ្ឋាភិបាលបាននិងកំពុងបន្តជំរុញយ៉ាងសកម្មនូវ គម្រោង LASED III ដែលជាគម្រោងសហការរវាងក្រសួងរៀបចំដែនដី និងធនាគារពិភពលោក។ ២. កម្មវិធីដីសម្បទានសង្គមកិច្ចពិសេសគាំទ្រពលករ (LASED III-40) ដែលនេះជាកម្មវិធីថ្មីបន្ថែមផ្ដួចផ្ដើមឡើងក្នុងអាណត្តិទី៧នេះ ក្នុងគោលដៅផ្តោតលើការកំណត់ទីតាំងដីសម្បទានដើម្បី «គាំទ្រដល់ពលករខ្មែរដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅ ដែលបានវិលត្រឡប់មកពីប្រទេសថៃ» ដើម្បីជួយសង្គ្រោះពលករក្រីក្រដែលគ្មានទីពឹង ឱ្យមានដីធ្លីពិតប្រាកដសម្រាប់បង្កបង្កើនផល បង្កើតប្រភពចំណូលនៅស្រុកកំណើត និងកាត់បន្ថយការចំណាកស្រុកបន្តទៀត។
រាជរដ្ឋាភិបាលក៏មាន គោលការណ៍ «ផ្ដល់ដី ពង្រឹងការការពារព្រៃឈើ» ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលគំនិតក្នុងការរៀបចំដីសម្បទានសង្គមកិច្ចជូនពលរដ្ឋខ្វះដីពិតប្រាកដ ក្នុងទម្រង់ជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ក្នុងនោះពលរដ្ឋទទួលបានដី និងការអភិវឌ្ឍជីវភាពនៅនឹងកន្លែង និងការពង្រាយពលរដ្ឋឱ្យទៅរស់នៅ និងបង្កើតសហគមន៍នៅតំបន់ទាំងនោះ ក៏ជាឱកាសឱ្យពួកគាត់ចូលរួមចំណែកការពារដីរដ្ឋ និងការពារព្រៃឈើជុំវិញនោះពីការទន្ទ្រានខុសច្បាប់ផងដែរ។
សរុបមក គោលនយោបាយអាណត្តិទី៧ មិនត្រឹមតែដោះស្រាយបញ្ហាអត់ដីដោយការ «ចែកដី» ប៉ុណ្ណោះទេ ប៉ុន្តែរដ្ឋាភិបាលបានភ្ជាប់ទៅនឹងការ «អភិវឌ្ឍជីវភាព» ដោយធានាថាពលរដ្ឋក្រីក្រពិតប្រាកដទទួលបានដីហើយ មានសមត្ថភាពបង្កើតចំណូល និងរស់នៅបានយូរអង្វែង៕






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣